រាជធានីភ្នំពេញ ៖ ទីតាំងទិញ និងលក់អេតចាយមួយកន្លែង ដែលអាចបង្កការភ័យខ្លាច និងរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ពេល ព្រោះកន្លងមក ធ្លាប់ត្រូវបានអគ្គិភ័យឆាបឆេះផងនោះ ត្រូវប្រជាពលរដ្ឋដែលមានលំនៅឋានជាប់នោះ នាំគ្នាដាក់ពាក្យបណ្ដឹងសុំឱ្យអាជ្ញាធរខណ្ឌពោធិ៍សែនជ័យជួយអន្តរាគមន៍ ហើយរយៈពេលជាង១០ថ្ងៃក្រោយមក ទើបអាជ្ញាធរខណ្ឌចុះទៅបិទផ្អាកអាជីវកម្ម ដោយឱ្យម្ចាស់ទីតាំងខាងលើ រកទីតាំងថ្មីផ្សេងសម្រាប់ស្តុកវិញ ។
ចំណាត់ការរបស់អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បានធ្វើឡើងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី៩ មីនា ២០១៦ ដែលទីតាំងលក់-ទិញតចាយមួយកន្លែងនោះ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ប្រជាពលរដ្ឋបាននិយាយថា ម្ចាស់ទីតាំងខាងលើឈ្មោះឡៅ សុខា ភេទប្រុស អាយុ៦២ឆ្នាំ ដែលកន្លងមកបានបង្កការភ័យខ្លាច និងរំខានការរស់នៅរបស់ពួកគាត់គ្រប់ពេល ជាក់ស្ដែងកាលពីវេលាម៉ោង១២ និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៥ កុម្ភៈ ២០១៦ទីតាំងអេតចាយខាងលើ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅម្ដងរួចមកហើយ ដែលបណ្តាលមកពីទុស្សេចរន្តអគ្គិសនី ខណៈនោះ បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយពួកគាត់ដែលមានផ្ទះជាប់ទីតាំងនោះ មានការភ័យខ្លាចខ្លាំងណាស់ បាននាំគ្នាជួយពន្លត់ និងមានការអន្តគមន៍ពីសំណាក់រថយន្តពន្លត់អគ្គិភ័យចំនួន១៥គ្រឿង និងបាញ់ទឹកអស់ចំនួន១៧ស៊ីទែនផង ទើបភ្លើងរលត់ទៅវិញ ។
ប្រភពដដែលបានបន្តថា ទោះជាពន្លត់រលត់វិញក្ដី ប៉ុន្តែខណៈនោះក៏បណ្ដាលឱ្យស្ត្រីចំណាស់ម្នាក់រងរបួសធ្ងន់ និងចៅស្រីអាយុ៨ឆ្នាំម្នាក់ទៀតរបួសមធ្យម ដែលអ្នកទាំង២នាក់នោះ គឺជាអ្នកបម្រើរបស់ម្ចាស់ទីតាំងអេតចាយមួយនេះ ហើយខណៈពេលភ្លើងឆេះអ្នកទាំង២នាក់នោះកំពុងដេកលង់លក់ ដោយមិនដឹងខ្លួន ។ ជុំវិញរឿង ឆេះផ្ទះស្តុកអេតចាយក្បែរសាលាជម្ពូវ័ន្តទាំងកណ្តាលអធ្រាត្រ របួសមនុស្ស៣នាក់
ចែករំលែកព័តមាននេះ