រាជធានីភ្នំពេញ ៖ ដោយសារតែការបើកឲ្យមានដំណើរកម្សាន្ត និងសកម្មភាពពាណិជ្ជកម្មពេលភ្ជុំជាវិញ្ញសារ សម្រាប់វាសស្ទង់ស្ថានភាពកូវីដ ១៩ នៅកម្ពុជា ដូច្នេះក្រោយភ្ជុំហើយគ្រប់គ្នាហាក់ចាំមើលអត្រាឆ្លងថាយ៉ាងមេច អត្រាឆ្លងនៅមានតិច ឬច្រើន ។ ជាមួយគ្នាបុគ្គលិកក្រុមហ៊ុន និងរដ្ឋមួយចំនួន បានកំពុងអនុវត្តវិធានការធ្វើតេស្តរហ័សដោយគោលការណ៍ស្ម័គ្រមុនចូលធ្វើការវិញ ។

កញ្ញា សុខណា ជាបុគ្គលិកនៅក្រុមហ៊ុនមួយបាននិយាយថា ពេលបុណ្យភ្ជុំបិណ្ឌកន្លងមកនេះ បានទៅលេងស្រុកកំណើតជួបជុំគ្រួសារ បើទោះជាមិនមានភាពអ៊ូអរដូចសព្វដងក្តី តែហាកមានការជួបជុំមនុស្សមកពីទីផ្សេងៗគ្នា ដូច្នេះមុនចូលធ្វើការកញ្ញានឹងធ្វើតេស្តរហ័ស ដើម្បីឲ្យប្រាកដថាមានកូវីដ ១៩ ឬអត់ ដើម្បីសុវត្ថិភាពទំាងអស់គ្នា ។ «មុនពេលចូលធ្វើការ ខ្ញុំនឹងធ្វើតេស្តរហ័សដើម្បីប្រាកដថា ខ្លួនមិនមានផ្ទុកមេរោគឆ្លងនេះ» ។
រីឯកញ្ញា បញ្ញា ជាបុគ្គលិកក្រុមហ៊ុន ម្នាក់ទៀត រស់នៅស្រុកកៀនស្វាយ ខេត្តកណ្តាល បានបញ្ជាក់ថា កំលុងពេលថ្ងៃឈប់សម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌនេះ កញ្ញាមិនបានទៅវត្តអារាមឬមានការជួបជុំអីនោះទេ ក៏ព្រោះបារម្ភពីជំងឺកូវីដ-១៩ នេះ តែមុនពេលចូលធ្វើការកញ្ញាត្រូវបានឲ្យធ្វើតេស្តរហ័សដូចគ្នា ។បុគ្គលិកក្រុមហ៊ុនឯកជនបានខាងលើបានបញ្ជាក់ថា «ដូចពាក្យចាស់បានលើកឡើង ការពារប្រសើរជាងព្យាបាល ។ ចៀសវាសមានបញ្ហា ទើបដោះស្រាយ ដូច្នេះខ្ញុំការពារខ្លួនជាមុន មុនចូលធ្វើការត្រូវធ្វើតេស្ត» ។
ចំណែកអ្នកស្រី សុភុន ជាកម្មការិនីរោងចក្រ មិនខុសគ្នានោះទេ បានលើកឡើងថា មុនពេលចូលធ្វើការអ្នកស្រីផ្ទាល់ក៏ដូចជាកម្មករដទៃទៀត ត្រូវធ្វើតេស្តរហ័សគ្រប់គ្នាទាំងអស់ទោះបានធ្វើដំណើរទៅតាមបណ្តាខេត្តក្តី ឬអត់ក្តី មានឬមិនមានការជួបជុំក៏ដោយ ។ ការធ្វើបែបនេះ គឺជាការល្អមួយព្រោះដើម្បីធានានូវសុវត្តិភាពគ្រប់គ្នា ចៀសវាងមានការរីករាលដាលកាន់តែច្រើន ។

ជាកាត់សម្គាល់ប្រមុខរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ការបើកដំណើរការប្រទេសនាពេលភ្ជុំបិណ្ឌកន្លងមកនេះជាការសាកល្បងសកម្មភាពសកម្មនៅក្នុងគន្លងថ្មី ជាមួយជំងឺកូវីដ ១៩ ។ ប្រសិនកម្ពុជាអាចទប់ស្កាត់មិនការឆ្លងជំងឺនេះច្រើននោះទេនៅក្រោយពិធីភ្ជុំបិណ្ឌកម្ពុជាមានលទ្ធភាពឈានទៅបើ់កប្រទេសក្នុងទ្រង់ទ្រាយពេញលេញ ។
ទោះយ៉ាងណាការជួបជុំ ការដើរកម្សាន្តរបស់ពលរដ្ឋខ្លះ នៅក្នុងឱកាសភ្ជុំបិណ្ឌកន្លងមកនេះ មានការព្រួយបារម្ភពីមន្រ្តីសុខាភិបាលពីការរីកឆ្លងរាលដាលជំងឺកូវីដ ១៩ ខ្លំាងពីព្រោះកន្លែងខ្លះមានការប្រមូលផ្តុំមនុស្សច្រើន ពលរដ្ឋជាខ្លះពុំបានអនុវត្តវិធានការសុខាភិបាល ដូចជាពាក់ម៉ាស់ រក្សាគម្លាតនោះ ។
ជាមួយរូបភាពដែលបង្ហាញពីការសប្បាយរីករាយរបស់ពលរដ្ឋនៅតាមរមណីដ្ឋានកម្សាន្តនានា មានសភាពកកកុញ ភ្លេចអនុវត្តវិធានការពារពារ លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា បានលើកឡើងថា ការដកស្រង់បទពិសោធន៍ និងរៀនសូត្ររស់នៅកម្សាន្តសប្បាយរបស់យើងចាំបាច់ត្រូវធ្វើតាមបែបសន្សឹមៗ កុំបំបោល ក្រែងពុំដល់ដូចប្រាថ្នា ទើយើងអាចឈានទៅដល់ការរក្សាបាននូវសុខសុវត្ថិភាព រក្សាបានសុខភាពបុគ្គល គ្រួសារ និងសហគមន៍ បានយូរអង្វែងផងដែរ ។ ខ្ញុំសូមក្រើនរំឭកហើយរំឭកទៀតថា ទោះជាបុគ្គល និងក្រុមគ្រួសារ ដើកម្សាន្តនៅទីណាក៏ដោយ សូមកុំភ្លេចនាំយកទៅជាមួយខ្លួននូវការអនុវត្តន៍ «៣ការពារ និង ៣កុំ» ឱ្យបានខ្ជាប់ខ្ជួន រូមគ្នាបញ្ចៀសបាននូវការចម្លងបន្តគ្នា ដែលជាមហន្តរាយសុខភាពសាធារណ: និងសេដ្ឋកិច្ចជាតិ ។

ជាការកត់សម្គាល់នៅថ្ងៃទី ៧ ខែកញ្ញា នេះក្រសួងសុខាភិបាន បានចេញរបាយការណ៍បញ្ជាក់ពីករណីឆ្លងថ្មីប្រចំាថ្ងៃមានចំនួន ២០៣ នាក់ធ្វើតេស្តដោយម៉ាស៊ី CPR ចំណែកករណីស្លាប់ថ្មីមានចំនួន ១៨ នាក់ ។ មកដល់ពេលនេះកម្ពុជាមានអ្នកកើតកូវីដ ១៩ ចំនួន ១១៤ ៣៥១ នាក់ អ្នកស្លាប់សរុបចំនួន ២៤៥៩ នាក់ ៕ ដោយ ៖ សាធ ស្រីណែត
ចែករំលែកព័តមាននេះ