យោងតាមទីភ្នាក់ងារព័ត៌មានអីុរ៉ង់ IRNA ថា ប្រទេសអីុរ៉ង់កាលពីថ្ងៃទី៨ មីនា បានបាញ់សាកល្បងមីស៊ីលបាលីស្ទិកថ្មីៗនៅតាមកន្លែងផ្សេងៗនៃដែនដីរបស់ខ្លួនចេញពីបណ្តាមូលដ្ឋានក្រោមដី ។
IRNA បន្តថា ការបាញ់សាកល្បងទាំងនេះ ធ្វើឡើងក្នុងពេលធ្វើសមយុទ្ធយោធាក្នុងគោលបំណងបង្ហាញថា អីុរ៉ង់ត្រៀមប្រឈមមុខទល់នឹងរាល់ការគំរាមកំហែងប្រឆាំងបដិវត្តន៍របបអីុរ៉ង់ និងបូរណភាពដែនដីរបស់ប្រទេស ។

ការសាកល្បងមីស៊ីលទាំងនេះ ដែលប្រភេទ និងចម្ងាយរត់ពុំត្រូវបានបញ្ជាក់ត្រូវបានបញ្ជាក់ដោយកងឆ្មាំបដិវត្តន៍ជាកងទ័ពពិសេសរបស់ប្រទេសដែលធ្វើសមយុទ្ធយោធា។ មីស៊ីលទាំងនេះត្រូវបានបាញ់ចេញពីបណ្តាទីតាំងនៅក្រោមដី ។
សហរដ្ឋអាមេរិកធ្លាប់ប្រកាសកាលពីថ្ងៃទី១៧ មករា ពីទណ្ឌកម្មថ្មីៗទាក់ទិននឹងកម្មវិធីមីស៊ីលបាលីស្ទិករបស់អីុរ៉ង់ ។ ការប្រកាសនេះធ្វើឡើងបន្ទាប់ពីការលុបចោលទណ្ឌកម្មអន្តរជាតិភាគច្រើនយោងតាមកិច្ចព្រមព្រៀងដែលចុះហត្ថលេខាកាលពីខែកក្កដា ឆ្នាំ២០១៥ រវាងក្រុងតេហេរ៉ង់ និងបណ្តាមហាអំណាចពិភពលោក ក្នុងនោះមានសហរដ្ឋអាមេរិកផងស្តីពីកម្មវិធីនុយក្លេអ៊ែរអីុរ៉ង់ ។
ក្រសួងការបរទេសអីុរ៉ង់ធ្លាប់បានប្រកាសថា ទណ្ឌកម្មថ្មីទាំងនេះរបស់អាមេរិកជាទណ្ឌកម្មខុសច្បាប់ ព្រោះកម្មវិធីបាលីស្ទិករបស់អីុរ៉ង់ពុំមែនបង្កើតឡើងដើម្បីឱ្យមានសមត្ថភាពផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរឡើយ ។
កាលពីដើមខែមករា ទូរទស្សន៍អីុរ៉ង់បានបង្ហាញរូបភាពនានានៃមូលដ្ឋានក្រោមដីមួយ ដែលដាក់បណ្តាមីស៊ីលអាចបាញ់បានចម្ងាយ១.៧០០គីឡូម៉ែត្រ ។ អីុរ៉ង់បានបាញ់សាកល្បងប្រកបដោយជោគជ័យនូវមីស៊ីលប្រភេទនេះយ៉ាងតិច១លើក កាលពីខែតុលា ឆ្នាំ២០១៥ ហើយបើតាមបណ្តាអ្នកជំនាញការ អ.ស.ប ថា បែបនេះជាការបន្តរំលោភបំពានលើដំណោះស្រាយមួយរបស់ អ.ស.ប កាលពីឆ្នាំ២០១០ ដែលហាមឃាត់ការប្រើប្រាស់ដោយអីុរ៉ង់នូវមីស៊ីលបាលីស្ទិក ខ្លាចក្រែងត្រូវបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ៕
ចែករំលែកព័តមាននេះ