ខេត្តកំពង់ស្ពឺ ៖ ភ្ជុំបិណ្ឌបានបញ្ចប់ហើយ នៅថ្ងៃនេះបុគ្គលិករដ្ឋ ឯកជនបានចូលធ្វើការវិញ ប៉ុន្តែអនុស្សាវរីយ៍ភ្ជុំបិណ្ឌមិនបាត់ឡើយ ។ ក្រៅពីការធ្វើបុណ្យទាន នៅរដូវភ្ជុំពលរដ្ឋចំណាយថវិកាមួយផ្នែកធំទៅការហូបចុកជួបជុំក្រុមគ្រួសារ ជាពិសេសយុវជនតែងតែបង្កើតកម្មវិធីជួបជុំមិត្តភ័ក្តិបងប្អូន រៀបចំកម្មវិធីផឹកស៊ី ដែលគេពួកគេយល់ថា មួយឆ្នាំមានតែម្តងនោះ ។

លោក សំណាង យុវជនម្នាក់នៅខេត្តកំពង់ស្ពឺ បានរំឭកថា ភ្ជុំបិណ្ឌឆ្នាំនេះខ្លួនបានចំណាយប្រាក់ទៅលើការហូបចុក ជួបជុំជាមួយគ្រួសារ និងបងប្អូនអស់ច្រើនជាងឆ្នាំកន្លងទៅ ។ លោកនិយាយថា ក្នុងបរិបទនេះមិនមានគម្រោងដើរលេងនៅទីណាឡើយ ដូច្នេះមានតែជួបជុំបងប្អូនជាលក្ខណៈគ្រួសារ និងផឹកស៊ីញ្ញឹកញាប់ក្នុងផ្ទះនៅភូមិ ដែលវាក៏ត្រូវចំណាយច្រើនដែរ ។ «ខ្ញុំចាយលុយផឹកស៊ីប្រហែល ១០០ ដុល្លារសម្រាប់ឱកាសភ្ជុំឆ្នាំនេះ» ។
កញ្ញា ស្រីនាង យុវតីម្នាក់ទៀតបានលើកឡើងស្រដៀងគ្នានេះដែរថា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌកន្លងមកប៉ុន្មានថ្ងៃនេះ ខ្លួនបានចំណាយប្រាក់ច្រើនទៅលើការជួបជុំមិត្តភ័ក្តិ ។ ការចំណាយទាំងនោះគឺទៅលើ ការទិញស្រាបៀរ ភេសជ្ជៈ ម្ហូបអាហារ និងនំចំណីជាដើម ដែលសុទ្ធសឹងតែទាមទារការប្រើប្រាស់លុយច្រើន ។ កញ្ញាបន្តថា ឆ្នាំនេះខ្លួនបានជួបជុំមិត្តភ័ក្តច្រើនដងនៅក្នុងភូមិ និងកន្លែងធ្វើការផង ដូច្នេះគឺទាមទារការចំណាយច្រើន ។ «ឆ្នាំនេះខ្ញុំចាយលុយអស់រាងច្រើនជាងឆ្នាំមុនៗ ដោយសារមានការជួបជុំច្រើនដង បើគិតទៅមកទល់ពេលនេះ អស់ប្រហែលជាង ១០ ម៉ឺនដែរ ហើយបើគិតទាំងការដើរលេងទៀត គឺអាចដល់ ១០០ ដុល្លារ» ។

យុវជន ប៊ុនថេត នៅក្នុងខណ្ឌច្បារអំពៅ សង្កាត់ក្បាលកោះ បាននិយាយថា បន្ទាប់ពីធ្វើបុណ្យនៅតាមទីវត្តអារាម ផ្ទះរបស់ខ្លួនតែងតែមានការជួបជុំជាមួយនឹងគ្រួសារ ហើយឆ្នាំនេះក៏ដូចគ្នា ។ យុវជននេះបន្តថា នៅពេលបុណ្យទានបែបនេះជាឱកាសដែលគេអាចជួបជុំមិត្តភ័ក្ដិដែលកំពុងធ្វើការជាមួយគ្នាផង និងមិត្តភ័ក្ដិដែលធ្លាប់បានរៀនជាមួយគ្នាផង ។ យុវជននេះបន្តថា ឆ្នាំនេះមិនសូវជាចំណាយច្រើននោះទេ ព្រោះរាល់ឆ្នាំលោក និងមិត្តភ័ក្ដិតែងតែទៅដើរលេង និងសម្រាកនៅតំបន់ណាមួយ និងរៀបចំកម្មវិធីនៅទីនោះ ប៉ុន្តែដោយឡែកឆ្នាំនេះមិនបានចេញដំណើរទៅដើរលេង នៅតាមកន្លែងណាមួយនោះទេ ។ គឺរៀបចំនៅផ្ទះតែម្ដង ទាំងសុវត្ថិភាព ទាំងចំណេញមិនសូវជាចំណាយច្រើនទៅជួលកន្លែងគេ ទៅទិញម្ហូបគេស្រាប់នោះទេ ។
ចំណែកយុវជន ពិសិដ្ឋ ជានិស្សិតម្នាក់ដែលកំពុងជុំមិត្តភ័ក្ដិរបស់ខ្លួនពីរបីនាក់ បាននិយាយថា នៅរៀងរាល់ឆ្នាំពេលបុណ្យភ្ជុំម្តងៗ ខ្លួនតែងតែមានកម្មវិធីជួបជុំគ្នាច្រើននាក់ ដោយឡែកឆ្នាំនេះ ម្នាក់ៗរវល់ជួបជុំគ្រួសារគេផង និងដោយសារគ្រប់គ្នាក្លាចកូវីដផង ការជួបជុំមិនច្រើនគ្នានោះទេ ។ យុវជននេះបន្តថា «យើងចូលលុយគ្នា ធ្វើបន្តិចបន្តួច ដូចជាទិញសាច់ បន្លែ យកមកធ្វើជាម្ហូប ហើយនិងមានជាភេសជ្ជៈ មានជាទឹកក្រូច ស្រាផងដែរ» ។ លោកបន្តថា វាមិនច្រើនទេ ត្រឹមតែ ៤ ម៉ឺនរៀលក្នុងម្នាក់ ឬបន្ថែមបន្តិចបន្ដួចបើខ្វះ ដើម្បធ្វើកម្មវិធីមួយជាមួយនឹងមិត្តភក្ដិយូរៗម្ដងនេះ ។

ចំណែកលោក មករា ដែលមានវ័យប្រហាក់ប្រហែលគ្នានឹងពីអ្នកទាំងពីរខាងលើ ក៏បានលើកឡើងមិនខុសគ្នាប៉ុន្មានដែរ ។ លោកបានឱ្យដឹងថា ភ្ជុំឆ្នាំនេះគាត់ចំណាយលុយអស់ច្រើន ទៅលើការជួបជុំជាមួយមិត្តភ័ក្ត និងជាពិសេសគឺដើរលេងជាមួយក្រុមគ្រួសារច្រើនតែម្តង ។ លោកនិយាយថា ទាំងការផឹកស៊ី ទាំងការដើរលេងសរុបទៅខ្លួនបានចំណាយលុយអស់ចូល ៣០០ ដុល្លារហើយ ៕ ដោយ ៖ លាក់ សារ៉ាយ និង ខៀវ ដារ៉ូ
ចែករំលែកព័តមាននេះ