រាជធានីភ្នំពេញ ៖ កម្ពុជាបានដាក់គោលនយោបាយនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិឲ្យបាន១លានតោនក្នុង១ឆ្នាំ ។ ក្នុងនោះទីផ្សារអង្ករកម្ពុជា ត្រូវបាននាំចេញទៅកាន់ទីផ្សារប្រទេសក្នុងតំបន់អាស៊ាន ចិន និងសហភាពអឺរ៉ុប ។ ក្នុងឆ្នាំ២០១៥កន្លងទៅ កម្ពុជាមិនបានសម្រេចតាមគោលនយោបាយរបស់ខ្លួនទេ គឺធ្វើការនាំចេញបានប្រមាណជាង៥៣ម៉ឺនតោនប៉ុណ្ណោះ ។ ទោះបីជាយ៉ាងណា កម្ពុជាមានការវិវត្ត និងទទួលបានលទ្ធផលយ៉ាងច្រើនលើផ្នែកស្ថិរភាពកសិកម្ម ។
ដោយឡែក កាលពីថ្ងៃទី៧ មីនា កន្លងទៅ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយលោកស្រី Cong Hongxia អគ្គលេខាធិការរង និងជាអគ្គនាយកសាលាខេត្ត Jilin នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិភាក្សាការងារអំពីគម្រោងវិនិយោគប្រកបដោយសក្ដានុពលនានានៅកម្ពុជា ។
ក្នុងនោះ លោកស្រីCong Hongxia បានជម្រាបជូនអំពីចំណាប់អារម្មណ៍របស់ខ្លួនក្នុងការស្វែងយល់អំពីឱកាសវិនិយោគពាណិជ្ជកម្ម និងដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងកម្ពុជា និងខេត្ត Jilin ប្រទេសចិន ដោយចាប់អារម្មណ៍ជាពិសេសចំពោះវិស័យកសិកម្ម និងផ្តោតសំខាន់លើស្រូវអង្ករ ចាប់ពីផលិតកម្មស្រូវរហូតដល់ការកសាងឃ្លាំងស្តុក និងការកិនស្រូវដើម្បីនាំចេញ ។
លោកទេសរដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ និងគាំទ្រយ៉ាងមុតមាំចំពោះគណៈប្រតិភូដែលបានប្តេជ្ញាចិត្តក្នុងការវិនិយោគលើវិស័យកសិកម្មកម្ពុជា ។ ទន្ទឹមនឹងនេះ លោកទេសរដ្ឋមន្ត្រី ក៏បានស្នើឲ្យគណៈប្រតិភូដាក់ពាក្យស្នើសុំគម្រោងរបស់ខ្លួនមកកាន់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាឲ្យបានឆាប់ៗតាមដែលអាចធ្វើទៅបាន ដើម្បីធ្វើការពិនិត្យសម្រេច ។
ពាក់ព័ន្ធនឹងវិស័យស្រូវអង្ករនេះដែរ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា សហព័ន្ធគ្រោងរៀបចំសន្និសីទសារព័ត៌មានស្តីពីផែនការដោះស្រាយបញ្ហាប្រឈមក្នុងវិស័យស្រូវអង្ករ ដែលបាននិងកំពុងជួបប្រទះនាពេលបច្ចុប្បន្ន ដែលនឹងប្រារព្ធធ្វើនៅថ្ងៃទី៩ មីនា នេះ ។
សេចក្ដីប្រកាសបានឲ្យដឹងថា សហព័ន្ធស្រូវអង្ករកម្ពុជាបានដាក់ចេញនូវផែនការគន្លឹះ ក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងវិស័យស្រូវអង្ករកម្ពុជា ទាំងក្នុងរយៈពេលខ្លី និងរយៈពេលវែង ។
តាមរយៈកិច្ចប្រជុំក្រុមប្រឹក្សាភិបាលរបស់ខ្លួនកាលពីពេលថ្មីៗនេះ សហព័ន្ធស្រូវអង្ករកម្ពុជាបានសម្រេចដាក់ចេញនូវផែនការគន្លឹះសំខាន់ៗមួយចំនួន ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងវិស័យស្រូវអង្ករ ។ អ្នកពាក់ព័ន្ធនៅក្នុងវិស័យស្រូវអង្ករសំខាន់ៗតំណាងមកពីខាងរោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុននាំចេញអង្ករ និងសហគមន៍កសិករ នឹងអញ្ជើញចូលរួមនៅក្នុងសន្និសីទសារព័ត៌មាននេះ ។
លោក សុខ ពុទ្ធីវុធ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានមានប្រសាសន៍ថា ៖ « សហព័ន្ធស្រូវអង្ករកម្ពុជា កំពុងប្រឹងប្រែងយ៉ាងខ្លាំងក្នុងការធ្វើការជាមួយសមាជិក និងអ្នកពាក់ព័ន្ធទាំងអស់ ពិសេសក្រសួងស្ថាប័ន រាជរដ្ឋាភិបាល ដើម្បីស្វែងរកដំណោះស្រាយសម្រាប់វិស័យស្រូវអង្ករ ដែលជាវិស័យមួយដ៏មានសក្តានុពល និងមានសារសំខាន់សម្រាប់សេដ្ឋកិច្ចជាតិ ជាពិសេសសម្រាប់ទ្រទ្រង់ជីវភាពប្រជាកសិករខ្មែរនិងសន្តិសុខស្បៀង » ។
ជុំវិញវិស័យស្រូវអង្ករកម្ពុជាមួយរយៈពេលចុងក្រោយនេះ ហាក់ដូចជាមានបញ្ហាច្រើន ជាពិសេស គឺឈ្មួញនាំចូលអង្ករពីប្រទេសជិតខាង ដែលជាកង្វល់ដ៏ធំរបស់អ្នកក្រុមហ៊ុននាំចេញអង្ករ និងបណ្ដាក្រុមហ៊ុនម៉ាស៊ីនកិនស្រូវនានានៅកម្ពុជា ដែលទាមទារឲ្យរាជរដ្ឋាភិបាលជួយទប់ស្កាត់ការនាំចូលអង្ករនេះ ។
ថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកមួយ លោកឧកញ៉ា គឹម សាវុធ អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងជាប្រធានក្រុមហ៊ុនខ្មែរហ្វ៊ូត បានឲ្យដឹងថា ៖ « ប្រសិនបើរាជរដ្ឋាភិបាលកម្ពុជា មិនចាត់វិធានការទប់ស្កាត់ការនាំចូលអង្ករពីប្រទេសជិតខាងនោះទេ ច្បាស់ណាស់ថា រោងម៉ាស៊ីនកិនស្រូវនៅកម្ពុជា នឹងត្រូវបិទទ្វារជាក់ជាមិនខាន » ៕
ចែករំលែកព័តមាននេះ