រាជធានីភ្នំពេញ ៖ ចំណូលសរុបប្រមូលដោយគយក្នុងឆ្នាំ២០១៥ សម្រេចបានជាង១.៥៨១លានដុល្លារអាមេរិក មានកំណើន១៧,៤% ធៀបនឹងចំណូលឆ្នាំ២០១៤ ។ លទ្ធផលចំណូលនេះ បើប្រៀបធៀបនឹងផែនការឆ្នាំ២០១៥ គឺមានកម្រិតប្រមាណ១២១,២៨% នៃផែនការ ។ ដោយឡែក សម្រាប់២ខែដើមឆ្នាំ២០១៦នេះ ចំណូលសរុបមានប្រមាណ២៩៣លានដុល្លារអាមេរិក កើនឡើងប្រមាណជាង២៥% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៥។ នេះបើតាមរបាយការណ៍បូកសរុបការងារគយនិងរដ្ឋាករ ដែលលើកឡើងដោយលោកបណ្ឌិត គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ។
លោកអគ្គនាយកថ្លែងបែបនេះ នាព្រឹកថ្ងៃទី៧ មីនា នៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងកិច្ចប្រជុំបូកសរុបការងារគយ និងរដ្ឋាករប្រចាំឆ្នាំ២០១៥ និងការងារប្រមូលចំណូលគយប្រចាំខែមករា និងកុម្ភៈ ឆ្នាំ២០១៦ ក្រោមអធិបតីភាពលោកបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ។
លោកអគ្គនាយកក៏បានលើកឡើងផងដែរនូវសមិទ្ធផលនានារួមមាន ការងារគោលនយោបាយ បច្ចេកទេស កិច្ចសម្រួលពាណិជ្ជកម្ម និងការងារពាក់ព័ន្ធនឹងគយផ្សេងទៀត។
នាឱកាសនោះ លោកបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្តែងការសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវ និងការលះបង់របស់មន្ត្រីគយ និងរដ្ឋាករគ្រប់រូប ។ ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានទទួលស្គាល់នូវបញ្ហាប្រឈមនានា ដែលជាកត្តាប៉ះពាល់ដល់ប្រតិបត្តិការប្រមូលចំណូល និងបានលើកទឹកចិត្តឱ្យមន្ត្រីគយ និងរដ្ឋាករ ត្រូវខិតខំបន្ថែមទៀតសម្រាប់ការងារនាពេលខាងមុខ ។
លោករដ្ឋមន្ត្រីក៏បានណែនាំសម្រាប់ជាទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ២០១៦ ដោយសង្កត់ធ្ងន់លើការងារចំនួន៨ចំណុច រួមមាន ៖
១-ការបន្តលើកកម្ពស់អភិបាលកិច្ចក្នុងអង្គភាពគយតាមក្រមសីលធម៌វិជ្ជាជីវៈ និងត្រូវប្រកាន់ខ្ជាប់អភិក្រមការងារទាំង៤ប្រការរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
២-ការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តផែនការសកម្មភាពនានាដែលបានលើកឡើង ដោយត្រូវមានយន្តការតាមដាន និងវាយតម្លៃការអនុវត្តច្បាស់លាស់ ។
៣-បន្តពង្រឹងសមត្ថភាពផ្នែកគោលនយោបាយគយ ការងារបច្ចេកទេស និងកិច្ចសម្រួលពាណិជ្ជកម្ម រួមទាំងការជំរុញគម្រោងបញ្ជរតែមួយជាតិ ដើម្បីឈានទៅសម្រេចគោលដៅនៃប្រព័ន្ធបញ្ជរតែមួយអាស៊ាន ។
៤-ការបណ្តុះផ្នត់គំនិត វប្បធម៌រស់នៅ និងអាកប្បកិរិយាថ្មី ដោយត្រូវបំពេញភារកិច្ចក្នុងនាមជាអ្នកផ្តល់សេវា ហើយត្រូវចាត់ទុកអ្នកបង់ពន្ធ គឺជាអតិថិជន ។
៥-ការបន្តពង្រឹងប្រសិទ្ធភាពនៃការបង្ការ និងបង្ក្រាបអំពើរត់គេចពន្ធនៅគ្រប់ភូមិសាស្ត្រ និងមុខសញ្ញាឱ្យបានជាប់ជាប្រចាំតាមរូបភាពភ្លៀងរលឹម ជាពិសេស ការបង្កើនការពង្រឹងអនុលោមភាពនៅដើមទី ។
៦-ការបង្កើនការពង្រឹងកាតព្វកិច្ចពន្ធអាករលើទំនិញគ្រប់ប្រភេទ ជាពិសេស លើទំនិញចម្រុះ ផលិតផលតេលសិលា សម្ភារសំណង់ និងយានយន្ត ។
៧-ការបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នពាក់ព័ន្ធ ។
៨-ការពង្រឹងអង្គភាពទំនាក់ទំនងជាមួយសាធារណជន តាមរយៈការឆ្លើយបំភ្លឺ និងដោះស្រាយកង្វល់របស់ធុរជន និងប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ៕
ចែករំលែកព័តមាននេះ