ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈរដ្ឋមន្រ្តីអនុម័តវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីកំណត់សញ្ជាតិខ្មែរតែមួយក្នុងតំណែងដឹកនាំកំពូលៗហើយ

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​ក្រោម​អធិបតីភាព​របស់​សម្តេច តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី ៨ ខែតុលា…

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​ក្រោម​អធិបតីភាព​របស់​សម្តេច តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី ៨ ខែតុលា ឆ្នាំ​២០២១ បាន​សម្រេច​អនុម័ត សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ​ស្តី​ពី វិសោធនកម្ម​មាត្រា​មួយ​ចំនួន​នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​កំណត់​សញ្ជាតិ​ខ្មែរ​តែ​មួយ ក្នុង​តំណែង​ដឹកនាំ​កំពូល​ៗ​ហើយ ។ ក្នុង​នោះ មាន​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដើម្បី​កំណត់​នាយក​រដ្ឋមន្ត្រី ប្រធានរដ្ឋសភា ប្រធាន​ព្រឹទ្ធសភា និង​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវ​មាន​សញ្ជាតិ​ខ្មែរ​តែ​មួយ​។

Picture

លោក ផៃ ស៊ី​ផា​ន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​ជា​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បាន​ឲ្យ​ប្រកាស​ឱ្យ​ដឹង​អំពី​លទ្ធផល​នៃ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នា​ថ្ងៃ​ទី​០៨ ខែតុលា ឆ្នាំ​២០២១ នៅ​វិមាន​សន្តិភាព​ថា «​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្រេច​អនុម័ត និង​កែសម្រួល​ពាក្យពេចន៍​មួយ​ចំនួន លើ “​សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ​ស្តី​ពី វិសោធនកម្ម​មាត្រា​១៩​ថ្មី មាត្រា​៨២ មាត្រា​១០៦ ថ្មី​(​មួយ​) មាត្រា​១១៩ ថ្មី និង​មាត្រា​១៣៧ ថ្មី នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង មាត្រា​៣​និង មាត្រា​៤ នៃ​ច្បាប់​ធម្មនុញ្ញ​បន្ថែម សំដៅ ធានា​នូវ​ដំណើរការ​ជា​ប្រក្រតី​នៃ​ស្ថាប័ន​ជាតិ​» ។

Picture

លោក ផៃ ស៊ី​ផា​ន បាន​បន្ត​ថា រដ្ឋសភា​, ព្រឹទ្ធសភា​, រាជរដ្ឋាភិបាល និង​ក្រុមប្រឹក្សាធម្មនុញ្ញ គឺជា​ស្ថាប័ន​កំពូល​របស់​ជាតិ ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​មានការ​ទទួលខុសត្រូវ​ក្នុង​ការ​សម្រេច​លើ​កិច្ចការ​សំខាន់​ៗ​ដែល​ជា​អាយុជីវិត​របស់​ប្រទេស​ជាតិ សំដៅ​ធានា​ការពារ​ឯករាជ្យ​ជាតិ អធិប តេ​យ្យ​ជាតិ និង​បូរណភាព​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​, ឧត្តម​ប្រយោជន៍​ជាតិ និង​ប្រជាជន កម្ពុជា និង​ការ​ប្រឆាំង​ដាច់ខាត​នឹង​ការ​ជ្រៀតជ្រែក​ពី​បរទេស​ចូល​ក្នុង​កិច្ចការ​ផ្ទៃក្នុង របស់​ជាតិ ឬ ការ​បង្គាប់​បញ្ហា​ចំពោះ​គោលនយោបាយ​ជាតិ និង​អន្តរជាតិ​របស់​កម្ពុជា​។

Picture

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​រូប​នេះ​បាន​បន្ថែម​ថា «​ផ្អែក​លើ​មូលដ្ឋាន​នេះ ប្រធានរដ្ឋសភា​, ប្រធាន​ព្រឹទ្ធសភា​, នាយក​រដ្ឋមន្ត្រី និង​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​សុទ្ធតែ​ត្រូវ​បាន​កំណត់​ឱ្យ​មាន​កាតព្វកិច្ច​ត្រូវធ្វើ​សច្ចាប្រណិធាន​មុន​ចូល​កាន់​តំណែង នៅ​ចំពោះ​ព្រះ​ភ័ក្ត្រ​ព្រះមហាក្សត្រ ព្រះ​ភ័ក្ត្រ​នៃ​សម្តេចព្រះសង្ឃរាជ និង ទេវតា​រក្សា​ស្វេតច្ឆត្រ ដោយ​ត្រូវ​សច្ចា​ប្តេជ្ញា​ជា​ដាច់ខាត​ក្នុង​ការ​អនុវត្ត​កាតព្វកិច្ច​ស្មោះត្រង់​ចំពោះ ជាតិ និង​ការ​ការពារ​ឧត្តម​ប្រយោជន៍ ដែល​ជា​អាយុជីវិត​របស់​ជាតិ និង​ប្រជាជន​កម្ពុជា​។

Picture

ទន្ទឹម​នេះ រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ច្បាប់​ដែល​មានការ​ពាក់ព័ន្ធ ក៏​បាន​តម្រូវ​ឱ្យ​តំណាង រាស្ត្រ​, សមាជិក​ព្រឹទ្ធសភា​, នាយក​រដ្ឋមន្ត្រី និង​សមាជិក​ក្រុមប្រឹក្សា ធម្មនុញ្ញ​ទាំងអស់ ត្រូវ​តែ​មាន សញ្ជាតិ​ខ្មែរ​តាំងពី​កំណើត​។ បន្ថែម​ពី​នេះ ប្រធាន អនុប្រធាន និង​សមាជិក​ទាំងអស់​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ដែល​ជា​ស្ថាប័ន​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ផង​ដែរ​នោះ ក៏​ត្រូវ​បាន​ច្បាប់​កំណត់​ឱ្យ​ត្រូវ​តែ​មាន​សញ្ជាតិ​ខ្មែរ​ពី​កំណើត និង​មាន​សញ្ជាតិ​ខ្មែរ​តែ​មួយ​គត់ ដើម្បី​ធានា​ឱ្យ​ការ​បំពេញភារកិច្ច​របស់​ខ្លួន​ទាក់ទង​នឹង​ការងារ​បោះ​ឆ្នោត​ដែល​ជា​ស្នូល​នៃ​ដំណើរការ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​នៅ​កម្ពុជា ប្រព្រឹត្ត​ទៅ​ដោយ​ឯករាជ្យ ដើម្បី​ធានា​ការពារ ឧត្តម​ប្រយោជន៍​ជាតិ​ពី​ការ​ជ្រៀត​ជ្រែកចូល​ក្នុង​កិច្ចការ​ផ្ទៃក្នុង ទាក់ទង​នឹង​កិច្ច​ដំណើរការ​បោះ​ឆ្នោត​ពី​ខាងក្រៅ​» ។

Picture

លោក ផៃ ស៊ី​ផា​ន បានឱ្យ​ដឹង​ទៀត​ថា ដើម្បី​ធានា​បាន​ឱឡារិក​ភាព​ទាំង​ខាង​ផ្លូវច្បាប់ ទាំង​ខាង​នយោបាយ ចំពោះ​គោល​ជំហរ​និង​ការ ប្តេជ្ញា​ចិត្ត​ស្មោះត្រង់​ឥត​ងាករេ​ចំពោះ​ជាតិ មាតុភូមិ និង​ប្រជាជន​កម្ពុជា នៅ​គ្រប់​កាលៈទេសៈ ទាំងអស់ និង​ដើម្បី​ធានា​ការពារ​ឧត្តម​ប្រយោជន៍​របស់​ជាតិ និង​ប្រជាជន​កម្ពុជា​ពី​ការ​ជ្រៀតជ្រែក ពី​បរទេស​, និង​ដោយ​យោង​តាម​មាត្រា ១៥៣ ថ្មី (​ពីរ​) នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា រាជរដ្ឋាភិបាល​សូម​ស្នើ​ធ្វើ​វិសោធនកម្ម​មាត្រា​១៩ ថ្មី មាត្រា​៨២ ថ្មី មាត្រា​១០៦ ថ្មី (​មួយ​) មាត្រា​១១៩ ថ្មី និង​មាត្រា​១៣៧ ថ្មី នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មាត្រា​៣​និង​មាត្រា​៤ នៃ​ច្បាប់​ធម្មនុញ្ញ​បន្ថែម​សំដៅ​ធានា​នូវ​ដំណើរការ​ជា​ប្រក្រតី នៃ​ស្ថាប័ន ជាតិ សំដៅ​ចារឹក​គោលការណ៍​គ្រឹះ​ទាំងនេះ​ចូល​ទៅ​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ជា​ច្បាប់គ្រឹះ និង​ជា​ច្បាប់​កំពូល​របស់​ជាតិ ដោយ​កំណត់​ឱ្យ​ប្រធានរដ្ឋសភា​, ប្រធាន​ព្រឹទ្ធសភា​, នាយក​រដ្ឋមន្ត្រី​និង​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវ​តែ​ជា​ឥស្សរជន​ដែល​មាន “​សញ្ជាតិ​ខ្មែរ​តែ​មួយ​គត់​”​។

សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ​ស្តី​ពី​វិសោធនកម្ម​មាត្រា​១៩ ថ្មី មាត្រា​៨២ ថ្មី មាត្រា​១០៦ ថ្មី (​មួយ​)​មាត្រា​១១៩ ថ្មី និង​មាត្រា​១៣៧ ថ្មី នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មាត្រា​៣​និង​មាត្រា​៤ នៃ​ច្បាប់​ធម្មនុញ្ញ​បន្ថែម​សំដៅ​ធានា​នូវ​ដំណើរការ​ជា​ប្រក្រតី​នៃ​ស្ថាប័ន ជាតិ រួម​មាន​៣​មាត្រា​ដែល​មាន​ខ្លឹមសារ
សង្ខេប​ដូច​ខាងក្រោម​៖

  • មាត្រា​មួយ ចែង​អំពី​សំណើ​ធ្វើ​វិសោធនកម្ម​មាត្រា ១៩ ថ្មី មាត្រា​៨២ ថ្មី មាត្រា ១០៦ ថ្មី
    (​មួយ​) មាត្រា ១១៩ ថ្មី និង​មាត្រា​១៣៧ ថ្មី នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា
  • មាត្រា​ពីរ ចែង​អំពី​សំណើ​ធ្វើ​វិសោធនកម្ម​មាត្រា​៣​និង​មាត្រា​៤ នៃ​ច្បាប់​ធម្មនុញ្ញ​បន្ថែម
    សំដៅ​ធានា​នូវ​ដំណើរការ​ជា​ប្រក្រតី​នៃ​ស្ថាប័ន​ជាតិ
  • មាត្រា​បី ចែង​អំពី​ការ​ប្រកាស​ច្បាប់​នេះ​ជា​ការ​ប្រញាប់​។