ខេត្តប៉ៃលិន៖ ភ្ញៀវទេសចរ នៅក្នុងខេត្តប៉ៃលិន សប្បាយរីករាយយ៉ាងខ្លាំង ក្នុងរយ:ពេល ៣ថ្ងៃ នៃថ្ងៃឈប់សម្រាកពិធីបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១។ ប៉ុន្តែភ្ញៀវទេសចរ នៅខេត្តប៉ៃលិន នាឱកាសបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២១ នេះ ធ្លាក់ចុះ រហូតដល់ជិត ៨៤%។
ក្នុងឱកសបុណ្យភ្ជុំបិណ្ឌ ឆ្នាំនេះ រាជរដ្ឋាភិបាលកម្ពុជា បានបើកឱ្យវិស័យទេសចរណ៍ មានដំណើរការឡើងវិញ ពោលគឺអនុញ្ញាតឱ្យមានការដើរលេងកម្សាន្ត នៅតាមរមណីយដ្ឋាននានា ទូទាំងប្រទេស។ តែភ្ញៀវ ត្រូវអនុវត្តតាមវិធានការ ៣ការពារ ៣កុំ របស់រាជរដ្ឋាភិបាល និងធ្វើតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ដោយត្រូវពាក់ម៉ាស លាងដៃនឹងអាល់កុល ឬជែល រក្សាគម្លាតសុវត្ថិភាពបុគ្គលផងដែរ។
ស្ត្រីម្នាក់ ឈ្មោះ ចែ នាង អាយុ ៤០ឆ្នាំ រស់នៅក្នុងក្រុងប៉ៃលិន បានរៀបរាប់ថា នាឱកាសបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២១នេះ ពួកគាត់បាននាំក្រុមគ្រួសារ ដើរលេងកម្សាន្តនៅតាមរមណីយដ្ឋានជាច្រើន ដូចជា រមណីយដ្ឋានចំការខ្នុរ រមណីយដ្ឋានម្លប់សាវម៉ាវ និងរមណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅ ហៅភ្នំខៀវជាដើម ដោយម្នាក់ៗ មានការសប្បាយរីករាយក្នុងចិត្តយ៉ាងខ្លាំង ខណ:អ្នកខ្លះ នាំគ្នាហូបអាហារ នៅតាមខ្យុស ហើយក្រោយមក ក៏នាំគ្នាចុះទៅងូតទឹកលេង ធ្វើឱ្យត្រជាក់កាយសប្បាយចិត្ត រហូតដល់ពេលល្ងាច ទើបនាំគ្នាត្រឡប់ទៅផ្ទះវិញ។
ប្រភពដដែលបន្តទៀតថា តែនៅតាមរមណីយដ្ឋានក្នុងខេត្តប៉ៃលិន នាបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ មានការស្ងាត់ភ្ញៀវទេសចរខ្លាំង ជាងឆ្នាំមុនៗ ខណ:ដែលម្នាក់ៗ មានការព្រួយបារម្ភពីការឆ្លងជំងឹកូវីដ១៩ ព្រោះនៅក្នុងគ្រួសារមួយ បើមាននរណាម្នាក់ កើតជំងឺនេះ គឺអ្នកផ្សេងទៀត ក៏ត្រូវជាប់ធ្វើចត្តាឡីស័ករយ:ពេល ១៤ថ្ងៃផងដែរ ជាហេតុធ្វើឱ្យខាតបង់ពេលវេលាធ្វើការងារ ឬលក់ដូរ ជាដើម ទើបម្នាក់ៗ មិនសូវហ៊ានចេញដើរលេងនោះឡើយ។
លោក លឹម វាសនា ប្រធានមន្ទីរទេសចរណ៍ ខេត្តប៉ៃលិន បានឱ្យដឹង កាលពីល្ងាចថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១នេះថា នាឱកាសបុណ្យភ្ជុំបិណ្ឌ រយៈពេល ៣ថ្ងៃ គិតចាប់ពីថ្ងៃទី០៥-០៧ ខែតុលា ឆ្នាំ២០២១នេះ ភ្ញៀវទេសចរជាតិ ដែលបានដើរលេងកម្សាន្តនៅតាមរមណីយដ្ឋាននានា ក្នុងខេត្តប៉ៃលិន សរុបមានចំនួន ២ ៥២៩នាក់ បើប្រៀបធៀបទៅនឹងចំនួនភ្ញៀវទេសចរ កាលពីភ្ជុំឆ្នាំ២០២០ ដែលមានចំនួន ១៥ ៧៦៩នាក់ គឺថយចុះ ចំនួន ៨៣.៩៦%។
លោកបន្តទៀតថា ភ្ញៀវទេសចរអន្តរជាតិ ចូលមកខេត្តប៉ៃលិននេះ មិនមានឡើយ ព្រោះតែបញ្ហាជំងឺកូវីដ ១៩ មិនទាន់ថយចុះទៅវិញ ដូច្នេះភ្ញៀវអន្តរជាតិ មិនហ៊ានចូលមកលេងនៅក្នុងខេត្តប៉ៃលិននោះទេ។
លោក បញ្ជាក់ទៀតថា ចំពោះមូលដ្ឋានអាជីវកម្មរមណីយដ្ឋាន មានការអនុវត្តតាមវិធានសុវត្ថិភាពទេសចរណ៍ បានយ៉ាងល្អប្រសើរ៕ នីយ៉ា
ចែករំលែកព័តមាននេះ