ខេត្តត្បូងឃ្មុំ៖ ទំនប់អន្លង់ជ្រៃ នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានបិទខ្ទប់ ដោយសារតែនៅថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌនេះ មានអ្នកចូលទៅលេងច្រើនពេក។ នេះតាមមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ រាយការណ៍ជូនរដ្ឋមន្ត្រីក្រសួងព័ត៌មាន។
សេចក្តីរាយការណ៍ លើកឡើងថា អាជ្ញាធរខេត្តត្បូងឃ្មុំ បានសម្រេចបិទមិនបន្ដឲ្យប្រជាពលដ្ឋ ចូលទៅលេងក្នុងបរិវេណទឹកទំនប់អន្លង់ជ្រៃ នៅស្រុកពញាក្រែក ទៀតនោះទេ នៅថ្ងៃទី៦ ខែតុលានេះ ក្រោយតំបន់ទេសចរណ៍នោះ មិនអនុវត្តនូវវិធានសុខាភិបាល។ នោះគឺនៅក្នុងបរិវេណទឹក នៅទំនប់បង្ហៀរអន្លង់ជ្រៃ មានការប្រមូលផ្ដុំមនុស្សច្រើន និងមិនសហការក្នុងការអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ រក្សាគម្លាតសុវត្ថិភាពបុគ្គល ដើម្បីការពារជំងឺកូវីដ១៩។
លោក ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ បានឲ្យដឹង នៅរសៀលថ្ងៃទី៦ ខែតុលានេះថា រូបភាព ដែលត្រូវបានគេចែកចាយ នៅលើបណ្ដាញសង្គម ឃើញមានមនុស្សយ៉ាងច្រើនកុះករនោះ គឺស្ថិតនៅទំនប់បង្ហៀរទឹកអន្លង់ជ្រៃ ហើយស្ថានភាពនោះ គឺនៅថ្ងៃទី៥ ខែតុលាម្សិលមិញ។
លោក ហាក់ សុខមករា បញ្ជាក់ថា នៅថ្ងៃទី៦ ខែតុលានេះ ក៏មានភ្ញៀវទេសចរ បន្ដទៅលេងកម្សាន្ដនៅតំបន់នោះ យ៉ាងច្រើនកុះករ ដូចកាលពីម្សិលមិញដែរ។ ដោយឃើញស្ថានភាពបែបនេះ កម្លាំងអាជ្ញាធរ មានសមត្ថកិច្ច សហការជាមួយមន្ដ្រីសុខាភិបាល ក៏បានចែកនូវម៉ាស់ អាល់កុល ព្រមទាំងផ្សព្វផ្សាយពីវិធានសុខាភិបាលជាបន្ដបន្ទាប់។ ប៉ុន្ដែភ្ញៀវទេសចរទាំងអស់នោះ មិនព្រមសហការនោះឡើយ។
លោកបន្ថែមថា ដោយប្រជាពលរដ្ឋមិនព្រមសហការបែបនេះ គិតត្រឹមវេលាម៉ោង ៣ និង ៣០នាទីរសៀលថ្ងៃទី៦ ខែតុលានេះ អាជ្ញាធរ បានសម្រេចបិទ មិនឲ្យភ្ញៀវទេសចរ ចូលទៅលេងទឹក នៅទំនប់បង្ហៀរនោះ បន្ដទៀត ដើម្បីកាត់បន្ថយចំនួននៃការប្រមូលផ្ដុំនោះ ដែលអាចកើតមានហានិភ័យបានគ្រប់ពេលវេលា ពិសេសការឆ្លងរីករាលដាលជំងឺកូវីដ១៩។
យ៉ាងណាក៏ដោយ ទាំងកម្លាំងអាជ្ញាធរ សមត្ថកិច្ច និងមន្ដ្រីសុខាភិបាល បានបន្ដអំពាវនាវដល់ប្រជាពលរដ្ឋ ដែលទៅលេងកម្សាន្ដ នៅទំនប់បង្ហៀរអន្លង់ជ្រៃនោះ ត្រូវសហការអនុវត្តវិធានសុខាភិបាល ព្រមទាំងស្ដាប់តាមការណែនាំរបស់អាជ្ញាធរ ដើម្បីបង្ការ និងទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ នៅទីតាំងកម្សាន្ដសប្បាយនោះ។
នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១ នេះ ក្រសួងទេសចរណ៍ ក៏បានប្រកាសថា គោលដៅទេសចរណ៍មួយចំនួនតូច មានការកកកុញភ្ញៀវទេសចរច្រើន ដូចជា រមណីយដ្ឋានអន្លង់ជ្រៃ ក្នុងស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ ដែលបានទទួលហួសសមត្ថភាពផ្ទុកអតិបរមា និងខុសពីវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP)។ ករណីនេះ រដ្ឋបាលខេត្តត្បូងឃ្មុំ មន្ទីរទេសចរណ៍ រដ្ឋបាលស្រុកពញ្ញាក្រែក បានសម្រេច នាល្ងាចថ្ងៃពុធ ទី៦ ខែតុលានេះ ផ្អាករមណីយដ្ឋានអន្លង់ជ្រៃ ជាបណ្តោះអាសន្នសិន រង់ចាំការរៀបចំគ្រប់គ្រងឲ្យបានល្អប្រសើរឡើងវិញសិន៕





ចែករំលែកព័តមាននេះ