ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ជុំបិណ្ឌឆ្នាំនេះពលរដ្ឋទៅវត្តឆ្លាស់គ្នា ពិធីសាសនាបានកាត់បង្រួមឱ្យខ្លី

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ថ្ងៃនេះជាថ្ងៃបិណ្ឌធំ ឬថ្ងៃភ្ជុំជាថ្ងៃបញ្ចប់ពិធីបុណ្យភ្ជុំបិណ្ឌដែលមានរយៈពេល ១៥ ថ្ងៃ ។ ដោយសារការរាតត្បាតជំងឺកូវីដ ១៩ ឆ្នាំនេះពលរដ្ឋជាទូទៅមានឆ្លាស់គ្នាទៅវត្ត…

រាជធានីភ្នំពេញ ៖ ថ្ងៃនេះជាថ្ងៃបិណ្ឌធំ ឬថ្ងៃភ្ជុំជាថ្ងៃបញ្ចប់ពិធីបុណ្យភ្ជុំបិណ្ឌដែលមានរយៈពេល ១៥ ថ្ងៃ ។ ដោយសារការរាតត្បាតជំងឺកូវីដ ១៩ ឆ្នាំនេះពលរដ្ឋជាទូទៅមានឆ្លាស់គ្នាទៅវត្ត ក្នុងមួយគ្រួសារៗមិនបានទៅវត្តទំាងអស់គ្នាក្នុងពេលតែមួយនោះទេ ។ អ្នកខ្លះទៅបិណ្ឌមួយ អ្នកខ្លះទៅបិណ្ឌ៥ អ្នកខ្លះទៀតបានទៅវត្តនៅថ្ងៃភ្ជុំធំនេះ ចំណែកអ្នកបានទៅពីមុនៗ មិនបានទៅវត្តថ្ងៃភ្ជុំធំនេះទេ ។ 

អ្នកស្រី ផាត ដានី ក្នុងសម្លៀកបំពាក់ប្រពៃណីយ៉ាងសមសួន បានរៀបរាប់ទាំងញញឹមថា តាំងតែពីកាន់បិណ្ឌ រហូតដល់ថ្ងៃភ្ជុំធំនេះ ទើបតែមកវត្តលើកទីមួយ ។ អ្នកស្រីបន្តថា ដំបូងគិតថា ឆ្នាំនេះអត់ទៅវត្តណាទេ ដោយសារតែកូវីតនៅតែឆ្លងមិនស្រកចុះ តែដោយសារ គិតថាបុណ្យភ្ជុំបិណ្ឌមួយឆ្នាំមានតែម្ដង ចឹងហើយក៏មកថ្ងៃបង្ហើយនេះទៅ ។ 

អ្នកស្រី ដានី ទៅវត្តដោយគ្រាន់តែវេចង្ហាន់ប្រគេនព្រះសង្ឃ រួចហើយក៏ត្រឡប់ទៅវិញមិនបាននៅវត្តអង្គុយស្តាប់ព្រះធម៌នោះទេ ។ គេសង្កេតឃើញថានៅតាមវត្តអារាមបានរៀបចំឲ្យប្រជាពុទ្ធបរិស័ទប្រគេនចង្ហាត់ ទេយ្យទានានាដល់ព្រះសង្ឃម្តងមួយគ្រួសារៗ ព្រះសង្ឃជាច្រើនអង្គបានគង់រង់ចាំទទួលចង្ហាត់ ដោយរក្សាគម្លាត មិនបានប្រគេនរួម ដូចរាល់ឆ្នាំនោះទេ ។ នៅតាមទីអារាមនានាក្នុងក្រុងភ្នំពេញ មានឧបករណ៍សម្រាប់បាញ់អាកុល ទំាងលើមនុស្ស និងទេយ្យទាននានាមុនប្រគេនចំពោះព្រះសង្ឃ ។

លោកយាយ យិន វឿន នៅក្នុងវត្តត្រពាំងឈូក បានប្រាប់ថា អ្នកមកវត្តភាគច្រើន គ្រាន់តែវេចង្ហាន់ និងអុជធូបតិចតួច គឺត្រឡប់ទៅវិញហើយ មិនសូវនៅយូរទេចៅ ។ ចំណែកដូនជីមួយរូបទៀតនៅក្នុងវត្តដដែលនេះ ក៏បានបញ្ជាក់ផងដែរថា វត្តយើងក៏ការពារណាស់ដែរ ដោយព្រះសង្ឃដែលគង់នៅ លើសាលាឆាន់ជាប្រចាំមានតែ បីព្រះអង្គទេចៅ លោកក៏មានអាល់កិលសម្រាប់សម្លាប់មេរោគមុនចូលសាលាឆាន់ និងតែងតែណែនាំដល់អ្នកមកវត្តពាក់ម៉ាស់ បាញ់អាកុលរហូត ។  

យុវជនមួយក្រុមដែលមានវត្តមាននៅក្នុងវត្តត្រពាំងឈូកបានរៀបរាប់ដូចៗគ្នាថា វត្តនេះជាវត្តទីមួយដែលពួកខ្ញុំមកភ្ជុំធំ ដោយសារតែកន្លងមកនៅតែមានអ្នកឆ្លង ហើយណាមួយខ្លាចខ្លួនឯងផង ចឹងហើយទើបសម្រេចថាមកតែមួយថ្ងៃនេះ ។ ក្រុមយុវជនបានបន្ថែមទៀតថា រាល់ឆ្នាំពួកខ្ញុំហោចណាស់បាន ៤ ទៅ ៥ វត្តដែរ តែឆ្នាំនេះបានតែមួយវត្តទេ យើងធ្វើបុណ្យស្របតាមកាលៈទេសៈ ។

ជាកាត់កត់សម្គាល់ជំងឺកូវីដ ១៩ បានផ្លាស់ប្តូរទម្លាប់រស់នៅរបស់មនុស្ស តាមទម្លាប់ចាស់មកតាមគន្លងថ្មី ដែលអាចការពារកុំឲ្យឆ្លងជំងឺតាមផ្លូវដង្ហើមនេះ ដូចជាការត្រូវរក្សាគម្លាតពីគ្នាឲ្យបានយ៉ាងតិចមួយម៉ែត្រកន្លះ ពាក់ម៉ាស ឧស្សាហ៍លាងសម្អាតដៃជាដើម ។ ការរស់នៅតាមគន្លងថ្មីពលរដ្ឋកម្ពុជាកំពុងអនុវត្តនៅក្នុងឱកាសភ្ជុំបិណ្ឌនាពេលនេះជាដើម ៕ ដោយ ៖ ថាវី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ