ជនអត្តឃាតម្នាក់កាលពីថ្ងៃទី៧ មីនា បានវាយប្រហារលើតុលាការមួយនៅភាគពាយ័ព្យប៉ាគីស្ថានដោយសម្លាប់មនុស្សយ៉ាងតិច១៧នាក់ ។ ការវាយប្រហារនេះប្រកាសទទួលខុសត្រូវដោយពួកតាលីបង់ដែលអះអាងថា ពួកគេចង់សងសឹកចំពោះការព្យួរ.កជនអ៊ិស្លាមនិយមម្នាក់កាលពីសប្តាហ៍មុនពីបទសម្លាប់មនុស្ស ។
ការវាយប្រហារអត្តឃាតនេះប៉ះពាល់ដល់តុលាការក្រុង SHABQADAR ចំពេលម៉ោងមានមនុស្សច្រើន និងខណៈពេលបណ្តាមេធាវី ព្រមទាំងចៅក្រមកំពុងមកកាន់ទីនោះ។
លោកតារិក ហាសាន់ អ្នកទទួលខុសត្រូវជាន់ខ្ពស់ម្នាក់របស់រដ្ឋាភិបាលប៉ាគីស្ថានគូសបញ្ជាក់ថា មនុស្សយ៉ាងតិច១៧នាក់ស្លាប់ និង៣១នាក់ទៀតរងរបួស ។ អ្នករបួស៤ ឬ៥នាក់ ស្ថិតក្នុងសភាពធ្ងន់ធ្ងរ ហើយក្រុមគ្រូពេទ្យកំពុងជួយសង្គ្រោះអាយុជីវិតពួកគេ ។
យោងតាមការរៀបរាប់នានាថា ជនអត្តឃាតម្នាក់បានចូលមកក្នុងទីតាំងតុលាការ ហើយប៉ូលិសយាមម្នាក់ប៉ុនប៉ងរាំងផ្លូវគេ ហើយគេក៏បំផ្ទុះគ្រាប់បែក ។ ក្នុងចំណោមអ្នកស្លាប់មាននារី៦នាក់ កុមារ២នាក់ និងប៉ូលិស២នាក់ ។
ក្រុមតាលីបង់ប៉ាគីស្ថាន JMAT-UL-AHRAR ប្រកាសទទួលខុសត្រូវចំពោះការវាយប្រហារនេះ ។ ក្រុមនោះនិយាយថា នេះជាការសងសឹកក្រោយការព្យួរ.កលោក MUMTAZ QADRI អតីតប៉ូលិសម្នាក់ចាត់ទុកជាវីរបុរសក្នុងផ្ទៃក្រុមអភិរក្សនិយមមួយចំនួន បន្ទាប់ពីរូបគេសម្លាប់អភិបាលក្រុងម្នាក់កាលពីឆ្នាំ២០១១ ។ QADRI ត្រូវគេព្យួរ.កនាព្រឹកព្រលឹមថ្ងៃទី២៩ កុម្ភៈ កន្លងមកនេះ ។ ក្រោយពីព្យួរ.កមនុស្សរហូតដល់ទៅ១០០.០០០នាក់ ប្រមូលផ្តុំគ្នាក្នុងពេលធ្វើបុណ្យសពជននេះ ។
ពួកតាលីបង់ក៏គូសបញ្ជាក់ផងដែរថា ខ្លួនធ្វើការវាយប្រហារលើតុលាការពេលតុលាការប៉ាគីស្ថានពង្រឹងច្បាប់ប្រឆាំងអ៊ិស្លាម ៕
ចែករំលែកព័តមាននេះ