មន្ទីរប៉ង់តាហ្គោនគូសបញ្ជាក់កាលពីថ្ងៃទី៧ មីនា ថា បណ្តាយន្តហោះគ្មានមនុស្សបើកអាមេរិកបានវាយប្រហារកាលពីចុងសប្តាហ៍កន្លងមកនេះលើជំរំហ្វឹកហ្វឺនមួយកន្លែងរបស់ពួកឧទ្ទាម SHEBAB ជាសាខាអាល់កៃដានៅសូម៉ាលី និងថាយុទ្ធជនក្រុមភេរវកម្មនេះជាង១៥០នាក់បានត្រូវស្លាប់ ។
អ្នកនាំពាក្យមន្ទីរប៉ង់តាហ្គោន លោក JEFF DAVIS ដែលដកស្រង់ព័ត៌មានពីលទ្ធផលនៃការវាយប្រហាររបស់អាមេរិកនេះគូសបញ្ជាក់ថា ពួកឧទ្ទាមទទួលការហ្វឹកហ្វឺនក្នុងជំរំនេះ ដើម្បីធ្វើការវាយប្រហារទ្រង់ទ្រាយធំមួយ។ បណ្តាយន្តហោះគ្មានមនុស្សបើកអាមេរិកបានវាយប្រហារលើជំរំហ្វឹកហ្វឺននោះកាលពីថ្ងៃទី៥ មីនា ។ ជំរំនេះស្ថិតនៅចម្ងាយប្រមាណជា២០០គីឡូម៉ែត្រខាងជើងក្នុងទីក្រុងម៉ូហ្គាឌីស្យូ រដ្ឋធានីសូម៉ាលី ។
លោក DAVIS បន្តថា យើងដឹងថា ពួកគេត្រៀមចាកចេញពីជំរំនោះ ហើយបង្កើតការគំរាមកំហែងមួយសម្រាប់កងកម្លាំងអាមេរិក និងកងកម្លាំងសហភាពអាហ្វ្រិក ។
ក្រុម SHEBAB ជាក្រុមអ៊ិស្លាមនិយមភេរវកម្មមួយទទួលខុសត្រូវលើការវាយប្រហារជាច្រើននៅភាគខាងកើតអាហ្វ្រិកពិសេសនៅប្រទេសកេនយ៉ា ៕
ចែករំលែកព័តមាននេះ