ខេត្តតាកែវ ៖ ដើម្បីចូលរួមចំណែកលើកស្ទួយដល់ជីវភាពរបស់ស្ត្រីនៅតាមសហគមន៍ ក្នុងការប្រកបមុខរបរផលិត និងតម្បាញសូត្រខ្មែរ ឲ្យទទួលបានចំណូលសេដ្ឋកិច្ចប្រកបដោយភាពឯករាជ្យរបស់ខ្លួន ព្រមទាំងចូលរួមលើកម្ពស់ការប្រកបមុខរបរដែលជាប្រពៃណីខ្មែរឲ្យមានភាពរីកចម្រើនឡើងវិញ ធនាគារ Maybank បានផ្តល់មូលនិធិសាងសង់មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញតម្បាញសូត្រដល់សហគមន៍នៅភូមិកន្ត្រោងព្រិច ស្រុកសំរោង ខេត្តតាកែវ ។
ថ្លែងក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់កាលពីរសៀលថ្ងៃទី៥ មីនា លោក Tan Sri Megat ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធធនាគារ Maybank មានប្រសាសន៍ថា៖ « មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញតម្បាញសូត្រនេះកើតចេញពីមូលនិធិរបស់ធនាគារ Maybank ដែលបង្កើតឡើងក្នុងគោលបំណងបន្តជំរុញ និងលើកកម្ពស់សមូហភាពក្នុងតំបន់អាស៊ាន តាមរយៈការជួយលើកស្ទួយ និងគាំពារប្រពៃណីតម្បាញ » ។
លោកបន្ដថា ៖ « នៅប្រទេសកម្ពុជា ជំនាញតម្បាញសូត្រ គឺជាសិល្បៈបុរាណខ្មែរដែលមានអាយុកាលយូរលង់ណាស់មកហើយ និងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយផ្គត់ផ្គង់ជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជា ។ ការផលិតសូត្រនៅកម្ពុជាមួយភាគធំមាននៅក្នុងខេត្តតាកែវ ហើយយើងពិតជាមានសេចក្តីរីករាយ និងមានកិត្តិយសយ៉ាងខ្ពង់ខ្ពស់ដែលបានចូលរួមចំណែកក្នុងវិស័យនេះ » ។
« ដោយមានកិច្ចសហការជាមួយអង្គការដៃគូសូត្រពណ៌កម្ពុជា ដែលបានបង្កើតឡើងកាលពីឆ្នាំ២០០៩ ក្នុងបេសកកម្មជួយជ្រោមជ្រែងថែរក្សា និងស្តារឡើងវិញនូវតម្បាញសូត្រដែលជាបេតិកភ័ណ្ឌជាតិ យើងសង្ឃឹមយ៉ាងមុតមាំថា ការខិតខំប្រឹងប្រែងរបស់យើងនឹងជួយជំរុញឲ្យជីវភាព និងការរស់នៅរបស់ស្ត្រីក្នុងសហគមន៍មានភាពល្អប្រសើរ និងមានភាពឯករាជ្យលើសេដ្ឋកិច្ចរបស់ពួកគេ ។ នៅដើមខែមេសាខាងមុខនេះ យើងនឹងចាប់ផ្តើមជ្រើសរើសកសិករចំនួន៥០គ្រួសារដើម្បីដាំដំណាំមន ដែលជាប្រភពដ៏សំខាន់ក្នុងការផលិតសរសៃសូត្រ » ។ នេះបើតាមលោក Tan Sri Megat បានបញ្ជាក់ ។
ចំណែកអ្នកស្រី ង៉ន វាន់ថា ស្ថាបនិកអង្គការសូត្រពណ៌កម្ពុជា មានប្រសាសន៍ថា ៖ « គិតមកដល់សព្វថ្ងៃនេះ អង្គការសូត្រពណ៌មានសមាជិកប្រមាណ៤៥០នាក់នៅខេត្តតាកែវ ដែលប្រកបមុខរបរតម្បាញសូត្រនេះ ។ កន្លងមក ក៏ដូចជាបច្ចុប្បន្ន អ្វីដែលអង្គការសូត្រពណ៌កម្ពុជាជួបបញ្ហាប្រឈមមានដូចជា ទីផ្សារ, តម្លៃ, វត្ថុធាតុដើមនាំចូលមានតម្លៃថ្លៃ, ខ្សែសង្វាក់ផលិតកម្មនៅមានកម្រិត (ផលិតដោយដៃ) នៅមិនទាន់អាចឆ្លើយតបនឹងតម្រូវការទីផ្សារជាដើម» ។
អ្នកស្រីបន្តថា ៖ « នៅពេលមជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញនេះដាក់ឱ្យដំណើរការ ខ្ញុំជឿជាក់ថា វានឹងផ្ដល់អត្ថប្រយោជន៍ច្រើនទៅដល់ស្ត្រី តាមរយៈផ្តល់ការបណ្ដុះបណ្ដាលជំនាញតម្បាញសូត្រនេះដល់ពួកគាត់ ក្នុងការទទួលប្រាក់ចំណូលដើម្បីទ្រទ្រង់គ្រួសារនៅពេលខាងមុខ។ គម្រោងបណ្ដុះបណ្ដាលជំនាញតម្បាញសូត្រដែលគាំទ្រដោយធនាគារ Maybank នេះ មានរយៈពេល៣ឆ្នាំ ដោយក្នុង១ឆ្នាំៗ ធនាគារ Maybank ផ្តល់ការបណ្ដុះបណ្ដាលដល់ស្ត្រីដែលគ្មានជំនាញចំនួន៥០នាក់ផងដែរ » ។
ថ្លែងក្នុងឱកាសនោះដែរ លោកជំទាវ ញ៉ែម មរកត អនុប្រធានគណៈកម្មការជំរុញសរសៃសូត្រកម្ពុជា និងជាអនុរដ្ឋលេខាធិកាក្រសួងកិច្ចការនារី បានមានប្រសាសន៍ដែរថា៖ « ជំនាញតម្បាញសូត្រ គឺជាជំនាញវិជ្ជាជីវៈមួយដែលអាចជួយផ្គត់ផ្គង់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់ ជាពិសេស បានលើកតម្កើងដល់សិទិ្ធស្ត្រីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ។ បច្ចុប្បន្ន ប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញ និងកិច្ចអភិវឌ្ឍន៍យ៉ាងលឿនគួរឲ្យកត់សម្គាល់ ក្នុងនោះស្ត្រីក៏បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍនៅសហគមន៍ផងដែរ តាមរយៈជំនាញតម្បាញ។ ការងារតម្បាញនេះ គឺជាប្រភពចំណូលទី២ របស់ស្ត្រី បន្ទាប់ពីចំណូលបានមកពីប្រភពផ្សេងៗ។ បច្ចុប្បន្ននេះ យើងសង្កេតឃើញថា ពុំមានមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញតម្បាញសូត្រជាផ្លូវការនិងឯកទេសទេ ដែលជាហេតុធ្វើវិស័យនេះពុំសូវបោះជំហានទៅមុខ ។ នៅតាមបណ្តាខេត្ត-ក្រុងមួយចំនួនសង្វាក់ផលិតកម្មនៃតម្បាញមានការរីកលូតលាស់តិចតួច ប៉ុន្តែសម្រាប់នៅខេត្តតាកែវយើងសង្កេតឃើញថា សង្វាក់ផលិតកម្មមានច្រើនជាងគេនៅក្នុងប្រទេស » ។
« កាលពីខែកន្លងទៅនេះ ក្រុមការងារជំរុញសរសៃសូត្ររបស់រាជរដ្ឋាភិបាល បានចុះមកខេត្តតាកែវនេះ ដើម្បីសិក្សាអំពីការផលិត ការអភិវឌ្ឍសរសៃសូត្រ ក្នុងនោះយើងសង្កេតឃើញថា វិស័យសូត្រនៅក្នុងប្រទេសកម្ពុជាមានការធ្លាក់ចុះ ។ សូត្រធ្លាប់ផលិតបានពី៥ ទៅ៦តោន ឥឡូវធ្លាក់មកនៅត្រឹមតែប្រមាណ៦០០គីឡូក្រាម ហើយក្រុមផលិតមានប្រហែល២ម៉ឺននាក់ ឥឡូវធ្លាក់ចុះសល់តែ៥.០០០នាក់ ។ ការធ្លាក់ចុះនៃក្រុមផលិតនេះ ដោយសារពួកគាត់ទៅធ្វើការនៅតាមរោងចក្រ និងទៅធ្វើការនៅប្រទេសជិតខាង ព្រោះតែការផលិតរបស់ពួកគាត់គ្មានទីផ្សារ ហើយការនាំចូលវត្ថុធាតុដើមមានតម្លៃថ្លៃ » ។ នេះបើតាមការបញ្ជាក់របស់លោកជំទាវអនុប្រធានគណៈកម្មការជំរុញសរសៃសូត្រកម្ពុជា ។
លោកជំទាវបន្ដថា ៖ « ជំនួយរបស់ធនាគារMaybank ដែលផ្តល់ទៅឱ្យអង្គការសូត្រពណ៌កម្ពុជាពេលនេះ គឺពិតជាមានសារសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាពលរដ្ឋនៅខេត្តតាកែវផងដែរ ។ ជំនួយថ្ងៃនេះ វាស្របនឹងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រតាមរយៈការពង្រឹងការបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្រសួងកិច្ចការនារីមានផែនការយុទ្ធសាស្ត្រលើកកម្ពស់ផ្តល់ភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី ក្នុងនោះក្រសួងបានបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈចំនួន១៦៤កន្លែង ដែលមានការចូលរួមជួយពីអង្គការពាក់ព័ន្ធផ្សេងៗ » ។
លោកជំទាវបន្ថែមថា ៖ « នៅប្រទេសកម្ពុជា ការចូលរួមរបស់ស្ត្រីលើការទទួលបានប្រាក់កម្រៃ បានកើនឡើងរហូតដល់ជាង៤២%, នៅក្នុងវិស័យកសិកម្មមានជាង៤៧% និងក្នុងឧស្សាហកម្មមានជាង៤៥% ។ នៅក្នុងចំណោមប្រជាជនកម្ពុជាជាង១៥លាននាក់ ក្នុងនោះ៧០% ជាស្ត្រីដែលប្រកបមុខរបរក្នុងវិស័យកសិកម្ម ក្រៅពីនោះ ប្រកបមុខរបរជាសហគ្រិន » ៕
ចែករំលែកព័តមាននេះ