ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ស្រី​4​នាក់​អាយុ​ពី​2​ទៅ​12​ឆ្នាំ​រៀប​ការ​នៅ​ឥណ្ឌា

8 ឆ្នាំ មុន

«Daily Mail» របស់​អង់គ្លេស​ផ្សាយ​ថា ប៉ូលិស​ឥណ្ឌា​បាន​ចូលចាប់​ខ្លួន​បុរស​៣​នាក់ ដែល​ឱ្យ​កូនស្រី​ស្ថិត​ក្នុង​វ័យ​កុមារ​ចំនួន​៤​នាក់ មាន​អាយុ​ពី​២​ទៅ​១២​ឆ្នាំ រៀប​ការ​ជាមួយ​កូនកំលោះ​អាយុ​ស្រករ​គ្នា ។ ពិធី​នោះ​រៀបចំ​ឡើង​នៅ​ភូមិ​ហ្គា​ជូ​ណា

«Daily Mail» របស់​អង់គ្លេស​ផ្សាយ​ថា ប៉ូលិស​ឥណ្ឌា​បាន​ចូលចាប់​ខ្លួន​បុរស​៣​នាក់ ដែល​ឱ្យ​កូនស្រី​ស្ថិត​ក្នុង​វ័យ​កុមារ​ចំនួន​៤​នាក់ មាន​អាយុ​ពី​២​ទៅ​១២​ឆ្នាំ រៀប​ការ​ជាមួយ​កូនកំលោះ​អាយុ​ស្រករ​គ្នា ។ ពិធី​នោះ​រៀបចំ​ឡើង​នៅ​ភូមិ​ហ្គា​ជូ​ណា ស្រុក Bhilwara រដ្ឋ Rajasthan នា​ភាគ​ខាងលិច​ប្រទេស កាលពី​ថ្ងៃ​ទី​២៣ កុម្ភៈ ២០១៦ ។ ពិធី​អាពាហ៍ពិពាហ៍​គ្រោង​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​២៥ កុម្ភៈ ប៉ុន្តែ​មនុស្ស​ម្នាក់​ក្នុង​ចំណោម​ឪពុក​របស់​កូនក្រមុំ​ខ្លាច​ប៉ូលិស​រារាំង​ក៏​រៀបចំ​មុន​កំណត់​ឱ្យ​បាន​កាន់តែ​ឆាប់ ។

អ្នក​សារព័ត៌មាន​ក្នុងស្រុក​បាន​បន្លំ​ខ្លួន​ធ្វើ​ជា​អ្នកស្រុក​ទៅ​ចូលរួម​ក្នុង​ពិធី​រៀប​អាពាហ៍ពិពាហ៍​នោះ ហើយ​ទូរស័ព្ទ​ប្តឹង​ប៉ូលិស​ឱ្យ​ចាប់ខ្លួន​ឪពុក​របស់​កូនក្រមុំ ដែល​មាន​អាយុ​៣៧​ឆ្នាំ​ម្នាក់ និង​៤០​ឆ្នាំ​២​នាក់ ។ ចំណែក​ឪពុក​របស់​កូនក្រមុំ​ម្នាក់​ទៀត​បាន​ស្លាប់​ទៅ​ហើយ ។

បុរស​ទាំង​៣​នាក់​នោះ​រង​ការ​ចោទប្រកាន់​ថា ល្មើស​នឹង​ច្បាប់​ព្រោះ​ឥណ្ឌា​មានច្បាប់​ប្រឆាំង​នឹង​ការ​រៀប​ការ​អនីតិជន ។ នៅ​ឆ្នាំ​១៩២៩ ច្បាប់​កំណត់​អាយុ​១២​ឆ្នាំ​ឡើង​អាច​រៀប​ការ​បាន តែ​នៅ​ឆ្នាំ​១៩៧៨ ច្បាប់​នេះ​បាន​ធ្វើ​វិសោធនកម្ម​ដោយ​តម្រូវ​ឱ្យ​អ្នក​រៀប​ការ​ត្រូវ​មាន​អាយុ​ពី​១៨​ឆ្នាំ​ឡើង ។

បុរស​ទាំង​៤​នាក់​នោះ​ប្រឈម​នឹង​ការ​ជាប់គុក​យ៉ាងតិច​ពី​៣​ទៅ​៤​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ក្នុង​ម្នាក់​១០០.០០០​រូពី (​ប្រាក់​ឥណ្ឌា​)  ឬ​ប្រហែល​១.៤០០​ដុល្លារ ។

ចំពោះ​មូលហេតុ​ដែល​បុរស​ជា​ឪពុក​ទាំង​៣​នាក់​នោះ​រៀបចំ​មង្គលការ​ឱ្យ​កូន​ខ្លួន​ទាំង​នៅ​វ័យ​កុមារ​បែប​នេះ គេ​នៅ​មិន​ទាន់​ដឹង​នៅឡើយ​ទេ ។  ពិធី​មង្គលការ​នោះ​ត្រូវ​បាន​ចាត់ទុកជា​មោឃៈ ៕