ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អឺរ៉ុបទម្លាក់ជំនួយ ១៥ លានអឺរ៉ូ ពន្លឿនផែនការជួយកសិករ ២០ ម៉ឺនគ្រួសារ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ធនាគារវិនិយោគអឺរ៉ុប ដែលជាធនាគាររបស់សហភាពអឺរ៉ុប បានទទួលជំនួយឥតសំណងក្នុងទឹកប្រាក់ចំនួន ១៥ លានអឺរ៉ូ ពីសហភាពអឺរ៉ុប ដើម្បីពន្លឿនគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ពន្ធជនបទដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម …

រាជធានីភ្នំពេញ ៖ ធនាគារវិនិយោគអឺរ៉ុប ដែលជាធនាគាររបស់សហភាពអឺរ៉ុប បានទទួលជំនួយឥតសំណងក្នុងទឹកប្រាក់ចំនួន ១៥ លានអឺរ៉ូ ពីសហភាពអឺរ៉ុប ដើម្បីពន្លឿនគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ពន្ធជនបទដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម  (SAAMBAT) ។ ជំនួយឥតសំណងនេះ រួមមានការលៃទុកនូវទឹកប្រាក់ចំនួន ១,៥ លានអឺរ៉ូ សម្រាប់ផ្តល់ជំនួយបច្ចេកទេសដល់ការរៀបចំរបស់គម្រោង ដែលមានសារៈសំខាន់ សម្រាប់ការអនុវត្តគម្រោង SAAMBAT អោយបានលឿនជាងមុន ។

គម្រោង SAAMBAT គឺជាការវិនិយោគ ក្នុងភាពជាដៃគូ ក្នុងទឹកប្រាក់ចំនួន ១០៥ លានអឺរ៉ូ ពីមូលនិធិសម្រាប់ការអភិវឌ្ឍវិស័យកសិកម្ម (IFAD) ធនាគារវិនិយោគអឺរ៉ុប (EIB) និងរាជរដ្ឋាភិបាលកម្ពុជា ដែលត្រូវបានរៀបចំឡើងដើម្បីលើកកម្ពស់គុណភាពជីវិត និងអាជីវកម្មរបស់ប្រជាពលរដ្ឋនៅជនបទប្រមាណ ២00.000 គ្រួសារ តាម រយៈការផ្តល់ឱ្យ ពួកគេនូវបណ្តាញផ្លូវថ្នល់ដែលអាចប្រើប្រាស់ពេញមួយឆ្នាំដោយកាន់តែមានសុវត្ថិភាពនិងអាចជឿទុកចិត្តបាន ហេដ្ឋារចនាសម្ព័ន្ធជនបទប្រសើរជាងមុន និងការផ្គត់ផ្គង់ស្បៀងអាហារដែលអាចជឿជាក់បាន ។

ជាមួយនឹងការវិនិយោគ និងជំនួយឥតសំណងពីក្រុមអឺរ៉ុប (Team Europe) IFAD និងបិដភាគពីរាជរដ្ឋាភិបាលកម្ពុជានឹងសាងសង់ផ្លូវក្រាលកៅស៊ូប្រវែងប្រមាណ ៦៥០ គីឡូម៉ែត្រ និងផ្លូវក្រួសក្រហមប្រមាណ ១៥០ គីឡូម៉ែត្រ ព្រមទាំងកែលម្អតំបន់ជុំវិញផ្សារជនបទចំនួន ៥០ កន្លែង និងទីតាំងផ្តល់ការគាំទ្រសេវានៃខ្សែច្រវាក់ផ្គត់ផ្គង់ចំនួន ២៥ ផ្សេងទៀត (ដូចជាកំពង់ដរសាឡាង កន្លែងប្រមូលទិញកសិផល ជាដើម ។

 លោក Kris Peeters អនុប្រធានធនាគារ EIB និងជាមន្ត្រីទទួលបន្ទុកប្រតិបត្តិការធនាគារ EIB នៅកម្ពុជាមានប្រសាសន៍ថា ធនាគារ EIB មានមោទនភាពដែលបានបន្តរួមចំណែកដល់ការពន្លឿនការស្តារប្រទេសកម្ពុជាឡើងវិញបន្ទ្ទាប់ពីការរាតត្បាតជាសកលនៃជំងឺកូវីដ ១៩ និងដល់ការអភិវឌ្ឍបៃតងប្រកបដោយចីរភាពរយៈពេលវែងរបស់ប្រទេសនេះ ។ ជាផ្នែកមួយនៃក្រុមអឺរ៉ុប យើងពិតជារីករាយដែលត្រូវបានរាជរដ្ឋាភិបាល កម្ពុជាទទួលស្គាល់ថា ជាដៃគូដែលអាចជឿទុកចិត្តបាន ក្នុងការកសាងកម្ពុជាឱ្យកាន់តែរឹងមាំ កាន់តែធន់ និងកាន់តែមានសុវត្ថិភាព ។ ជំនួយឥតសំណងរបស់សហភាពអឺរ៉ុប គឺជាជំហានមួយទៀត ដើម្បីធ្វើឱ្យសហភាពអឺរ៉ុប និងកម្ពុជាកាន់តែមានទំនាក់ទំនងជិតស្និទ្ធក្នុងនាមជាដៃគូ ហើយអ្វីដែលរឹតតែសំខាន់ទៅទៀត គឺជាជំហានដែលនឹង ផ្តល់ផលផ្ទាល់ដល់គុណភាពនៃជីវរភាពរស់នៅរបស់ប្រជាពលរដ្ឋរាប់សែននាក់នៅកម្ពុជា ។

 លោក Bryan Fornari ប្រធានសហប្រតិបត្តិការនៃ ប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា មានប្រសាសន៍ថា យើងរីករាយណាស់ដែលអាចចូលរួមនៅក្នុងគម្រោងផ្លូវជនបទដែលមានឈ្មោះថា SAAMBAT ដែលជាគម្រោងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរាប់ពាន់គ្រួសារ នៅតំបន់ជនបទកម្ពុជា ។ ជាមួយនឹងការវិនិយោគក្នុងទឹកប្រាក់ ១០៥ លានអឺរ៉ូ នៅកម្ពុជា គម្រោង SAAMBAT នឹងជួយកសិករ ក៏ដូចជាប្រជាពលរដ្ឋជនបទឱ្យអាចទទួលបានទីផ្សារកាន់តែប្រសើរ និងគាំទ្រដល់ការរីកចម្រើនរបស់សហគ្រាសខ្នាតតូច និងមធ្យមនៅក្នុងវិស័យកសិកម្ម។ គម្រោងនេះនឹងបន្តរួមចំណែកដល់ការរីកលូតលាស់សេដ្ឋកិច្ចនៅទីជនបទ ក៏ដូចជាបង្កើត ឱកាសការងារថ្មីៗ នៅតំបន់ជនបទនៃប្រទេសកម្ពុជា ។ តាមរយៈការធ្វើការងាររបស់យើងជាមួយនឹងធនាគារវិនិយោគអឺរ៉ុប គម្រោងនេះ នាំយកស្មារតីនៃក្រុមអឺរ៉ុប មកកាន់ភាពដៃគូរបស់យើង ជាមួយនឹងរាជរដ្ឋាភិ-បាលកម្ពុជា រួមជាមួយនឹង IFAD ផងដែរ ។

លោក ហែម វណ្ណឌី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាសូមស្វាគមន៍ជំនួយឥតសំណងចំនួន ១៥ លានអឺរ៉ូ ពីសហភាពអឺរ៉ុប សម្រាប់គម្រោង SAAMBAT នេះ ។ ជំនួយឥតសំណងនេះ គឺជាការរួមចំណែកដ៏សំខាន់ដល់ការ   ពន្លឿនការអភិវឌ្ឍដោយចីរភាពនៃសហគមន៍ជនបទនៅកម្ពុជា និងការស្តារឡើងវិញពីការរាតត្បាតជាសកលនៃជំងឺកូវីដ ១៩ ប្រកបដោយភាពបៃតង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ