រាជធានីភ្នំពេញ ៖ សមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៧ ខែមីនា បានបង្ហាញមុខជនសង្ស័យចំនួន៥នាក់ និងរថយន្តកាមរីឆ្លាម១គ្រឿងមាន៤នាក់ ពាក់ព័ន្ធជាមួយក្រុមទទួលផលចោរកម្ម (ទិញរថយន្តចោរ) និងម្នាក់ពាក់ព័ន្ធប្រើអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(គប់ដុំថ្មឲ្យរបួសធ្ងន់លើអ្នកដ៏ទៃ ។
ជនសង្ស័យពាក់ព័ន្ធទិញរថយន្តចោរ(ទទួលផលចោរកម្ម)៤នាក់ ១.ឈ្មោះប៉ែន ចាន់រិទ្ធ ហៅញ៉ាញ់ ភេទប្រុស អាយុ៣០ឆ្នាំ ទីលំនៅផ្ទះជួលផ្លូវ៩២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំ ពេញ មុខរបរជាងជួសជុលម៉ូតូ ។ ២.ឈ្មោះអ៊ិត សុខសោម ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅ ផ្ទះមិនចាំលេខ ផ្លូវលេខ៧ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរជាងភ្លើង ៣.ឈ្មោះជា បូរ៉ា ភេទប្រុស អាយុ២១ឆ្នាំ ជាងជួលជុលរថយន្ត ស្នាក់នៅយានដ្ឋាន(ឥត សុខុម) សង្កាត់ភ្នំពេញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ៤.ឈ្មោះនន់ វិចិត្រ ហៅ ចិត្រ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរទិញលក់រថយន្ត ស្នាក់នៅផ្ទះជួល ផ្លូវ២០៤ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ចំណែកជនសង្ស័យម្នាក់ទៀតពាក់ពន្ធប្រើអំពើហិង្សាលើអ្នកដទៃឈ្មោះ ប្រាក់ វិច្ឆិកា ហៅ វីត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះលេខ៦៩ ផ្លូវ លេខ៦៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ លោកវរៈសេនីយ៍ទោតី វិសាល អនុប្រធានការិយា ល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ ថ្លែងក្នុងពិធីនោះថា ក្រោមការដឹកនាំពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ត្រិ សុង លី ស្នងការរង និងជាប្រធានការិយាល័យកណ្តាល នគ្របាលព្រហ្មទណ្ឌ ដោយមានការសម្របសម្រួលពីសំណាក់លោក មាស ចន្ទ័ពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែមីនា ការិយាល័យនគរបាលព្រហ្ម ទណ្ឌកម្រិតធ្ងន់បង្ក្រាបបានជនសង្ស័យ២ក្រុម ១ក្រុមជាអ្នកទទួលផលចោរកម្ម(ទិញរថយន្ត)ពី ចោរ និង១ក្រុមជាជនសង្ស័យប្រើអំពើហិង្សាដោយមានស្ថានទម្ងន់ទោស(គប់ដុំថ្ម)លើអ្នកដទៃបណ្តាលឲ្យរបួសក្បាលធ្ងន់ ។
លោកតី វិសាល បន្តថា ជនសង្ស័យទទួលផលចោរកម្មទាំង៤ នាក់នោះតែងតែទទួលរង់ចាំទទួលទិញរថយន្តពីក្រុមចោរដែលលួចបានយកមកលក់ឲ្យ សរុបទិញបានចំនួន ៥លើក ហើយរថយន្តដែលទិញពិចោរលួចមកលក់ឲ្យពួកគេនេះគឺប្រភេទរថយន្តកាមរីឆ្លាម ។ ជាក់ស្តែងកាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៦វេលាម៉ោង៣និង៣០នាទីរសៀល មានករណីចោរលួចរថយន្ត១គ្រឿងម៉ាកកាមរីឆ្លាម ពណ៌ទឹកមាស សេរីឆ្នាំ១៩៩៨ ពាក់ស្លាកលេខ ភ្នំពេញ២D.៤០១៤ នៅចំណុចមុខផ្ទះលេខ៩ ផ្លូវបេតុង ភូមិសន្សំកុសល១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ជារថយន្តរបស់ឈ្មោះញឹម ឳវ៉ាត ភេទស្រី អាយុ៤៥ ឆ្នាំ ។ ក្រោយពីមានករណីចោរលួចរថយន្តនោះ លោកវរៈសេនីយ៍ឯក អេង សោភា ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានប្រើប្រាស់កំលាំងជំនាញបើកការស៊ើបអង្គេត ស្រាវជ្រាវ ដោយមានការ សហការជាមួយនគរបាលខណ្ឌមានជ័យ នៅថ្ងៃទី៥មីនា ឃាត់ខ្លួនជនសង្ស័យ២នាក់គឺឈ្មោះ អ៊ិត សុខសោម និងជា បូរ៉ា នៅគាល់ស្ពានជ្រោយចង្វា ដែលជនសង្ស័យ២នាក់នោះ កំពុងជិះរថយន្តកាមរីឆ្លាមអត់មានពាក់ស្លាកលេខបម្រុងយកទៅលក់នៅខេត្តប៉ៃលិន ។
បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យយកទៅសាកសួរ ទើបឈានទៅឃាត់ខ្លួនបក្ខពួក២នាក់ទៀតឈ្មោះ ប៉ែន ចាន់រិទ្ធ ហៅ ញ៉ាញ់ និងឈ្មោះនន់ វិចិត្រ ហៅចិត្រ ។ ពួកគេបានសារភាពថារថយន្ត១ គ្រឿងដូចមានភិនភាគខាងលើនេះ គឺទិញពីមនុស្សម្នាក់ដែលមិនស្គាល់អត្តសញ្ញាណ និងធ្លាប់ទិញរថយន្តកាមរីឆ្លាមចំនួន៤គ្រឿងហើយពីចោរ យកទៅលក់តាមបណ្តាលខេត្តបាន១គ្រឿងក្នុងតម្លៃមិនលើសពី២.០០០ដុល្លារទេ ជាតម្លៃថោកព្រោះរថយន្តគ្មានស្លាកលេខ និងមិនបានធ្វើលិខិតទិញលក់ត្រឹមត្រូវឡើយ ហើយលក់ទៅឲ្យអ្នករកស៊ីដឹកឈើ ព្រមទាំងអ្នកប្រព្រឹត្តបទល្មើសផ្សេងទៀត ។ លោក តី វិសាល បន្តថា ជនសង្ស័យមិនបានចាំថ្ងៃខែទិញរថយន្តពីចោរ ហើយក៏មិន ស្គាល់អត្តសញ្ញាណចោរដែរ ប៉ុន្តែដឹងថាធ្លាប់ទទួលទិញរថយន្តពីចោរចំនួន៤-៥ដងរួចមកហើយលើកនេះត្រូវសមត្តកិច្ចចាប់ខ្លួន ។
រីឯជនសង្ស័យឈ្មោះប្រាក់ វិច្ឆិកា ហៅ វីត សមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ កាលពីថ្ងៃទី១៤ កញ្ញា ២០១៥ ឈ្មោះ វីត បានប្រព្រឹត្តអំពើហិង្សាដោយមាន ស្ថានទម្ងន់ទោសប្រើដុំថ្មគប់ទៅលើឈ្មោះមុនី ពេជ្រមនោរម្យ ភេទប្រុស អាយុ១៤ឆ្នាំ ជាសិស្ស បណ្តាលឲ្យរងរបួសក្បាលជាទម្ងន់ ក្នុងជម្លោះគ្នាមួយនៅម្តុំវិមានឯករាជ្យ ។ ក្រោយពីបង្ហាញ មុខជនសង្ស័យទាំងពីរក្រុមត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ តាមនិតិវិធី ៕
ចែករំលែកព័តមាននេះ