សារព័ត៌មានផ្លូវការស៊ីរីរាយការណ៍ថា ជនស៊ីវិល១៤នាក់ បានត្រូវស្លាប់ហើយជាច្រើនសិបនាក់ទៀតរងរបួសកាលពីថ្ងៃទី៦ មីនា ដោយសារការបាញ់ផ្លោងគ្រាប់កាំភ្លើងត្បាល់ និងគ្រាប់រ៉ុក្កែតលើផ្សារមួយនៃទីក្រុងអាឡែប ភាគខាងជើងស៊ីរី ។
ទូរទស្សន៍ស៊ីរី IKHBARIYAH រាយការណ៍ថា គ្រាប់ផ្លោងទាំងនោះបាញ់ដាក់សង្កាត់ CHEIKH MAKSOUD មកពីសង្កាត់ទាំងឡាយនៃទីក្រុងកាន់កាប់ដោយពួកឧទ្ទាម ។ សង្កាត់ CHEIKH MAKSOUD ជាសង្កាត់មួយមានពួកឃើតភាគច្រើនចាប់តាំងពីច្រើនសប្តាហ៍មកហើយ ស្ថិតលើខ្សែរណសិរ្សប្រយុទ្ធរវាងពួកជីវពលឃើតក្រុម YPG (កងឯកភាពការពារប្រជាជន) និងពួកឧទ្ទាមស៊ីរីដែលត្រួតត្រាមួយផ្នែកធំនៃភាគខាងកើតក្រុងអាឡែប ។
ទីភ្នាក់ងារសារព័ត៌មានស៊ីរី SANA ក៏រាយការណ៍ដែរពីឧប្បត្តិហេតុនេះតែពុំផ្តល់ភាពលម្អិតឡើយ ។ ទន្ទឹមនឹងនោះនៅទីក្រុងមូស្គូ បណ្តាទីភ្នាក់ងារព័ត៌មានរុស្ស៊ីរៀបរាប់ពីការសន្ននាគ្នាតាមទូរស័ព្ទថ្មីរវាងប្រមុខការទូតរុស្ស៊ី លោកស័រហ្គេយឡាវរ៉ូវ និងសមភាគីអាមេរិក លោកចន ឃ័ររី ដោយអ្នកទាំង២សម្តែងសុទិដ្ឋិនិយមលើការអនុវត្តបទឈប់បាញ់គ្នា ដែលចូលជាធរមានពីថ្ងៃទី២៧ កុម្ភៈមក ។
លោកស័រហ្គេយឡាវរ៉ូវ ក៏ថ្លែងផងដែរទៅកាន់លោកចនឃ័ររីថា ប្រការសំខាន់ត្រូវធានាពីការចូលរួមរបស់ក្រុមប្រឆាំងជាច្រើនក្នុងនោះរួមទាំងពួកឃើតផងដែរ ក្នុងការចរចាស្តីពីសន្តិភាពនៅស៊ីរីដែលអ.ស.បគ្រោងជំរុញនាសប្តាហ៍នេះ ។
ក្រសួងការពារប្រទេសរុស្ស៊ីថ្លែងថា បទឈប់បាញ់គ្នានៅស៊ីរីត្រូវបានរំលោភបំពាន១៥លើករយៈពេល២៤ម៉ោងចុងក្រោយនេះ ៕
ចែករំលែកព័តមាននេះ