បើកមាស៊ីនច្រូតស្រូវថយក្រោយកិនបុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម
ខេត្តព្រៃវែង ៖ បុរសចំណាស់ម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មបន្ទាប់ពីដឹកដល់មន្ទីរពេទ្យ ដោយសារត្រូវម៉ាស៊ីនច្រូតស្រូវបើកថយក្រោយបុកអោយដួល…
ខេត្តព្រៃវែង ៖ បុរសចំណាស់ម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មបន្ទាប់ពីដឹកដល់មន្ទីរពេទ្យ ដោយសារត្រូវម៉ាស៊ីនច្រូតស្រូវបើកថយក្រោយបុកអោយដួល…
ខេត្តព្រៃវែង ៖ បុរសចំណាស់ម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មបន្ទាប់ពីដឹកដល់មន្ទីរពេទ្យ ដោយសារត្រូវម៉ាស៊ីនច្រូតស្រូវបើកថយក្រោយបុកអោយដួល រួចកិនពីលើថែមទៀត ខណៈពេលដែលរូបគាត់កំពុងប្រមូលចំបើងនៅពីក្រោយម៉ាស៊ីនច្រូតស្រូវនោះ ។
ហេតុការណ៍ដ៏គួរអោយរន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណជា៩ព្រឹក ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៦ នៅចំណុចវាលស្រែប្រាំងមួយកន្លែង ស្ថិតក្នុងភូមិភ្នំគង់ ឃុំមេបុណ្យ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។ ជនរងគ្រោះឈ្មោះ អ៊ី អ៊ន ភេទប្រុស អាយុ៦២ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុ ។
ប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា ថ្ងៃកើតហេតុនោះអ្នកស្រុកបានជួលម៉ាស៊ីនច្រូតស្រូវមួយគ្រឿងរបស់ឈ្មោះ គង់ ប៊ន អោយទៅច្រូតស្រូវនៅចំណុចកើតហេតុ ហើយម្ចាស់ម៉ាស៊ីនបានចេញទៅច្រូតអោយតាំងពីព្រលឹមស្រាងៗ ដោយអោយឈ្មោះ ហួន សីហា ភេទប្រុស អាយុ២៧ឆ្នាំ ជាអ្នកបើកបញ្ជាម៉ាស៊ីន ។ ប្រភពដដែលបានបន្តទៀតថា បន្ទាប់ពីច្រូតស្រូវបានប្រមាណជាង២ហិកតា គេក៏ឃើញជនរងគ្រោះឈ្មោះ អ៊ី អ៊ន រួមជាមួយអ្នកភូមិប៉ុន្មាននាក់ទៀតបាននាំគ្នាចូលទៅប្រមូលកើបចំបើង ដែលបូតចេញពីម៉ាស៊ីនដើម្បីយកទុកឱ្យគោស៊ី ។ នៅពេលដែលជនរគ្រោះកំពុងប្រមូលចំបើងនោះ មិនដឹងជាយ៉ាងម៉ិច បានជាអ្នកបើកម៉ាស៊ីនច្រូតនោះបើកថយក្រោយបណ្ដាលឱ្យបុកជនរងគ្រោះចំដើមទ្រូងដួលទៅលើដី ហើយកិនពីលើថែមទៀត ធ្វើឲ្យអោយអ្នកផ្សេងៗទៀតដែលនៅជាមួយគ្នានោះ ស្រែកផ្អើលឆោឡោឡើង និងនាំគ្នារត់ទៅលើកជនរងគ្រោះ ហើយទាក់ទងហៅរថយន្តសង្គ្រោះទៅដឹកភ្លាមៗ ប៉ុន្តែជាអកុសលពេលដឹកដល់មន្ទីរពេទ្យជនរងគ្រោះបានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ ។
សមត្ថកិច្ចបានអោយដឹងថា ក្រោយពេលទទួលបានព័ត៌មាននេះភ្លាម សមត្ថកិច្ចក៏បានចុះទៅដល់កន្លែងកើតហេតុភ្លាមដែរ ប៉ុន្តែបានត្រឹមតែឃាត់យកម៉ាស៊ីនច្រូតស្រូវ ដែលកិនជនរងគ្រោះយកមករក្សាទុកប៉ុណ្ណោះ ចំណែកអ្នកបើកបរបានរត់គេចខ្លួនបាត់ទៅហើយ ប៉ុន្តែទោះជាយ៉ាងណាយើងបានស្គាល់អត្តសញ្ញាណហើយ ហើយក៏កំពុងតាមរកចាប់ខ្លួនដែរ ៕
ចែករំលែកព័តមាននេះ