ប្រភពព័ត៌មានសន្តិសុខខេត្តរាយការណ៍ថា មនុស្សយ៉ាងតិច៥១នាក់ស្លាប់ ហើយ៧០នាក់ទៀតរងរបួសកាលពីថ្ងៃទី៦ មីនា ក្នុងការវាយប្រហារភេរវកម្មបំផ្ទុះរថយន្តកាំមីញ៉ុងមួយប្រឆាំងនឹងប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខមួយកន្លែងក្នុងទីក្រុងហ៊ីលឡាទីប្រជុំជនខេត្តបាប៊ីលភាគកណ្តាលអីុរ៉ាក់ ។
ប្រភពព័ត៌មាននោះបន្តថា ការវាយប្រហារនោះកើតឡើងមាននាវេលាថ្ងៃត្រង់ ពេលជនអត្តឃាតម្នាក់ដែលបើករថយន្តកាំមីញ៉ុងផ្ទុកគ្រឿងផ្ទុះបំបុកប៉ុស្តិ៍ត្រួតពិនិត្យអាល់អាតហារ ត្រង់ច្រកចូលខាងជើងនៃទីក្រុងហ៊ីលឡា ស្ថិតនៅចម្ងាយប្រមាណជា១០០គ.មខាងត្បូងក្រុងបាដាដ ។ ការផ្ទុះបានកម្ទេចប៉ុស្តិ៍ត្រួតពិនិត្យនោះ ហើយរថយន្តជាច្រើនសិបគ្រឿងរងការខូចខាតធ្ងន់ធ្ងរ ខណៈរថយន្តស៊ីវិលជាច្រើនគ្រឿងត្រូវភ្លើងឆាបឆេះ ។
ប្រទេសអីុរ៉ាក់បច្ចុប្បន្នប្រឈមមុខនឹងរលកនៃអំពើហិង្សាចាប់តាំងពីក្រុមរដ្ឋអ៊ិស្លាមដណ្តើមត្រួតត្រាផ្នែកមួយយ៉ាងធំនាភាគខាងជើងនិងភាគខាងលិចប្រទេសពីខែមិថុនា ឆ្នាំ២០១៤មក ៕
ចែករំលែកព័តមាននេះ