ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហគ្រិន​ស្ត្រី​កម្ពុជា​ចំនួន​10​រូប​ទទួល​ពានរង្វាន់​សហគ្រិន​ស្ត្រី​ឆ្នើម​អាស៊ាន

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដោយ​មានការ​លើកទឹកចិត្ត​ពី​រាជរដ្ឋាភិបាល និង​បណ្តា​អង្គការ​ផ្សេង​ៗ​ឃើញ​ថា បច្ចុប្បន្ន​សហគ្រិន​ស្រី្ត​កម្ពុជា​បាន​ចូលរួម​ក្នុង​សង្គម​ច្រើន និង​បាន​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​កាន់តែ​ធំ​ជាង​មុន ។

រាជធានី​ភ្នំពេញ ៖ ដោយ​មានការ​លើកទឹកចិត្ត​ពី​រាជរដ្ឋាភិបាល និង​បណ្តា​អង្គការ​ផ្សេង​ៗ​ឃើញ​ថា បច្ចុប្បន្ន​សហគ្រិន​ស្រី្ត​កម្ពុជា​បាន​ចូលរួម​ក្នុង​សង្គម​ច្រើន និង​បាន​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​កាន់តែ​ធំ​ជាង​មុន ។ លើស​ពី​នេះ សហគ្រិន​ស្ត្រី​កម្ពុជា ក៏​ទទួល​បាន​នូវ​ពានរង្វាន់​ទាំង​ថ្នាក់​ជាតិ និង​អន្តរជាតិ​ផង​ដែរ តួយ៉ាង​ថ្មី​នេះ​ៗ​មាន​ក្រុមហ៊ុន​ចំនួន​១០​ដែល​ដឹកនាំ​ដោយ​ស្ត្រី​ដូច​ជា ក្រុមហ៊ុន Lotus Silk , Sophiya Travel & Tour, M Rubber Plantation, Himawari Hotel Apartments, RTR Tour, PTM Travel & Tours, Agel Trading, CEDAC, Sky King Travel & Tour និង MOB Corparation បាន​ទទួល​ពានរង្វាន់​ជា​សហគ្រិន​ស្ត្រី​ឆ្នើម​អាស៊ាន​២០១៦ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀត​ណា​ម ។

លោកស្រី កែវ មុំ ប្រធាន​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា និង​ជា​នាយិកា​សហគ្រាស​ផលិត​នំ​ស្រួយ​លី​លី បាន​មាន​ប្រសាសន៍​ថា ៖ « នៅ​ឆ្នាំ​នេះ សមាជិក​របស់​សមាគម​សហគ្រិន​កម្ពុជា​ចំនួន​១០​រូប​ទទួល​បាន​ពានរង្វាន់​ជា​សហគ្រិន​ស្ត្រី​ឆ្នើម​ពី ASEAN WOMEN ENTERPRENEURS’ FORUM ដែល​ប្រារព្ធ​ឡើង​នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ដែល​នេះ​មិនមែន​ជា​លើក​ទី​១ ទេ ។ កាលពី​ឆ្នាំ​២០១៥​កន្លង​មក សហគ្រិន​ស្ត្រី​កម្ពុជា​ចំនួន​៦​រូប ក្នុង​នោះ​មាន​នាង​ខ្ញុំ​ផង​ដែរ ក៏​ទទួល​បាន​ពានរង្វាន់ ជា​សហគ្រិន​ស្ត្រី​ឆ្នើម​អាស៊ាន​ពី​កម្មវិធី​នេះ​ផង​ដែរ » ។

លោកស្រី​បន្ត​ថា ៖ « ASEAN WOMEN ENTERPRENEURS’ FORUM មាន​សហគ្រិន​ស្ត្រី​ចូលរួម​ទទួល​ពានរង្វាន់​មក​ពី​១០​ប្រទេស​ក្នុង​តំបន់​អាស៊ាន ហើយ​ដើម្បី​ទទួល​បានជា​សហគ្រិន​ស្ត្រី​ឆ្នើម​នេះ គឺ​តម្រូវ​ឲ្យ​សហគ្រិន​ស្ត្រី​ទាំង​១០​ប្រទេស​នោះ​បំពេញ​នូវ​លក្ខខណ្ឌ​មួយ​ចំនួន​ដូច​ជា អាជីវកម្ម​ចាប់ផ្តើម​រយៈពេល​៣​ឆ្នាំ​ឡើង ហើយ​រាល់​អាជីវកម្ម​របស់​ពួក​គាត់ គឺ​បាន​ជួយ​ដល់​ស្ត្រី​នៅ​ក្នុង​សង្គម ការ​ធ្វើ​អាជីវកម្ម​ត្រូវ​ធ្លាប់​ទទួល​បាន​ពានរង្វាន់​ផ្សេង​ៗ​ពី​ថ្នាក់​ជាតិ ឬ​អន្តរជាតិ ។​ល​។ នៅ​ក្នុង​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​នេះ សម្រាប់​សមាគម​សហគ្រិន​ស្ត្រី​យល់​ថា វា​មានគុណ​វិបត្តិ​និង​គុណសម្បត្តិ តែ​យើង​ទទួល​បាន​គុណសម្បត្តិ​ធំ​ជាង​គុណវិបត្តិ​។ ផលិតផល​ខ្មែរ​ផលិត​បាន​ពេល​មុន​ៗ យើង​លក់​ជូន​អ្នក​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ត្រឹម ១៥​លាន​នាក់ ប៉ុន្តែ​នៅ​ពេល​យើង​ចូល​ក្នុង​សមាហរណកម្ម​អាស៊ាន​យើង​មាន​អ្នក​ប្រើប្រាស់​រហូត​ដល់​៦៥០​លាន​នាក់ ដែល​អាច​ប្រើប្រាស់​ផលិតផល​ខ្មែរ​។ លើស​ពី​នេះ​ទៀត វា​ជា​ឱកាស​សម្រាប់​ម្ចាស់​ក្រុមហ៊ុន​អាច​ពង្រីក​ទីផ្សារ​ផលិតផល​បាន​ល្អ​ផង​ដែរ » ។

ចំណែក​នាយិកា​ក្រុមហ៊ុន MOB Corperation  លោកស្រី ជា សុ​ផល្លា បាន​មាន​ប្រសាសន៍​ដែរ​ថា ៖ « នៅ​ក្នុង​ក្រុមហ៊ុន MOB សព្វ​ថ្ងៃនេះ​យើង​មាន​ក្រុមហ៊ុន​ចំនួន​៨ មាន​ទាំង​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម និង​ក្រុមហ៊ុន​អចលនទ្រព្យ ។ កាលពី​ថ្ងៃ​ទី​៥ មីនា កន្លង​មកនេះ ក្រុមហ៊ុន MOB ទទួល​បាន​ពានរង្វាន់​ជា​សហគ្រិន​ស្ត្រី​ឆ្នើម​អាស៊ាន​ដែល​នេះ​គឺជា​លើក​ទី​១ » ។

លោកស្រី​បន្ត​ថា ៖ « មុន​នឹង​ទទួល​បាន​ពានរង្វាន់​ជា​សហគ្រិន​ស្ត្រី​ឆ្នើម​នេះ គឺ​ទាមទា​ឲ្យ​សហគ្រិន​ស្ត្រី (​ម្ចាស់​ក្រុមហ៊ុន​) បំពេញ​នូវ​លក្ខខណ្ឌ​ចាំបាច់​មួយ​ចំនួន​តម្រូវ​ដោយ​ខាង​គណៈកម្មកា​វាយតម្លៃ ។ នៅ​ក្នុង​លក្ខខណ្ឌ​ទាំងនេះ​សម្រាប់​ក្រុមហ៊ុន MOB ខ្ញុំ​គិត​ថា វា​មិនមែន​ជា​បញ្ហា​នោះ​ទេ ព្រោះ​ក្រុមហ៊ុន​យើង​បាន​ចុះ​ឈ្មោះ​ជាមួយ​ក្រសួង​ពាណិជ្ជកម្ម​ត្រឹមត្រូវ និង​បាន​ដំណើរការ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។ សព្វ​ថ្ងៃនេះ ក្រុមហ៊ុន​បាន​ផ្តល់​ឱកាស​ដល់​ស្ត្រី​កម្ពុជា ទទួល​បានការ​ងារ​នៅ​ក្រុមហ៊ុន​ប្រមាណ​​ជា​៧៥% មាន​គ្រប់​កម្រិត ដែល​មានការ​បណ្តុះបណ្តាល​ជំនាញ​បន្ថែម និង​លើកទឹកចិត្ត​ផ្សេង​ៗ » ។

លោកស្រី​បន្ថែម​ថា ៖ « ការ​ទទួល​បាន​ពានរង្វាន់​សហគ្រិន​ស្ត្រី​ឆ្នើម​នៅ​ប្រទេស​វៀតណាម​កន្លង​មកនេះ គឺ​វា​បាន​ផ្តល់​ឱកាសល្អ និង​មុខមាត់​មួយ​ដល់​សហគ្រិន​ស្ត្រី​កម្ពុជា បាន​ចូលរួម​ជាមួយ​សហគ្រិន​ស្ត្រី​អាស៊ាន​ផ្សេង​ទៀត ហើយ​សំខាន់​បំផុត​សម្រាប់​ក្រុមហ៊ុន​ខ្ញុំ​ផ្ទាល់ វា​ជា​មោទនភាព​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ជា​ច្រើន​ផ្សេង​ទៀត ដែល​ទទួល​បាន​ពានរង្វាន់​សហគ្រិន​ស្ត្រី​ឆ្នើម​អាស៊ាន​ឆ្នាំ​២០១៦​នេះ និង​រឹតតែ​ធ្វើ​ឲ្យ​យើង​មានការ​ខិតខំ​ប្រឹងប្រែង ធ្វើ​យ៉ាងម៉េច​ឲ្យ​សហគ្រិន​វ័យក្មេង​កម្ពុជា​មាន​កិត្តិយស​ខ្ពស់​ជាង​នេះ​បន្ត​ទៀត » ៕