រាជធានីភ្នំពេញ ៖ ការបង្កើតនូវអគារការិយាល័យសាជីវកម្មថ្មី ដែលមានកម្ពស់១០ជាន់នៅព្រះរាជាណាចក្រកម្ពុជា គឺជាផ្នែកមួយនៃផែនការយុទ្ធសាស្ត្ររបស់ធនាគារ Maybank ដើម្បីពង្រឹងប្រតិបត្តិការនៅទូទាំងប្រទេស ព្រមទាំងពង្រីកការបោះជំហានក្នុងតំបន់ផងដែរ ដើម្បីប្រែក្លាយជាសម្ព័ន្ធធនាគារឈានមុខគេនៅតំបន់អាស៊ីទាំងមូល។
ថ្លែងក្នុងពិធីបើកសម្ពោធអគារការិយាល័យកណ្តាលរបស់ធនាគារ Maybank កាលពីព្រឹកថ្ងៃទី៥ មីនា លោក Tan Sri Megat ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធធនាគារ Maybank បានមានប្រសាសន៍ថា ៖ « អគារការិយាល័យថ្មី Maybank ថៅវើ គឺជានិមិត្តសញ្ញានៃភាពជោគជ័យរបស់យើង និងជាពន្លឺនៃក្តីសង្ឃឹមសម្រាប់ភាពអស្ចារ្យដែលនឹងឈានមកដល់។ ខ្ញុំយល់ថា មហាវិថីព្រះនរោត្តមនេះ គឺជាទីតាំងមួយក្នុងចំណោមទីតាំងភូមិសាស្ត្រនៅរាជធានីភ្នំពេញ ដែលប្រកបដោយភាពលេចធ្លោ និងជាទីតាំងយុទ្ធសាស្ត្រសម្រាប់ការធ្វើពាណិជ្ជកម្ម ។ ធនាគាររបស់យើងពិតជាមានមោទនភាពយ៉ាងក្រៃលែងជាមួយនឹងការបន្ថែមនូវទីតាំងភូមិសាស្ត្រ ថ្មីនេះ » ។
លោកប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធធនាគារ Maybank បន្តថា ៖ « ស្របពេលការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) កាលពីឆ្នាំមុន ព្រះរាជាណាចក្រកម្ពុជានឹងប្រែក្លាយជាច្រកចេញចូលមួយ ដែលមិនមែនត្រឹមតែប្រជាពលរដ្ឋកម្ពុជា១៦លាននាក់នោះទេ ប៉ុន្តែគឺជាច្រកចេញចូលសម្រាប់ប្រជាពលរដ្ឋច្រើនជាង៦០០លាននាក់នៅទូទាំងតំបន់អាស៊ានផងដែរ ។ ធនាគារ Maybank ជឿជាក់ថា កិច្ចប្រឹងប្រែងរបស់យើងក្នុងការចូលរួមអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចក្នុងប្រទេស ពិតជាស្របនឹងទស្សនវិស័យរបស់ AEC ក្នុងការជំរុញឲ្យមានការប្រកួតប្រជែង និងការអភិវឌ្ឍក្នុងវិស័យសេដ្ឋកិច្ច » ។
លោកលើកឡើងថា ៖ « ធនាគារ Maybank មានវត្តមាននៅកម្ពុជាលើកដំបូងកាលពីឆ្នាំ១៩៩៣ ជាមួយនឹងការបើកសាខានៅរាជធានីភ្នំពេញ ហើយបើគិតរហូតមកដល់ពេលនេះ ធនាគារបានពង្រីកបណ្តាញរហូតដល់២១សាខាហើយនៅទូទាំងប្រទេសសម្រាប់បម្រើសេវាកម្ម និងតម្រូវការទីផ្សារក្នុងស្រុក ក៏ដូចជាអតិថិជនក្នុងតំបន់ដែលកំពុងប្រកបអាជីវកម្ម និងការវិនិយោគក្នុងប្រទេស ។ ធនាគារ Maybank បានរីកចម្រើនជាលំដាប់ ស្របនឹងការអភិវឌ្ឍយ៉ាងឆាប់រហ័សខាងផ្នែកហិរញ្ញវត្ថុក្នុងស្រុក និងបានទទួលរង្វាន់ជាធនាគារបុគ្គលឆ្នើម និងធនាគារឆ្នើមផ្នែកកិច្ចការសង្គមសម្រាប់ឆ្នាំ២០១៥ ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលសម្រេចដោយស្ថាប័នត្រួតពិនិត្យធនាគារ និងហិរញ្ញវត្ថុពិភពលោកនាពេលថ្មីៗនេះ ។ រង្វាន់ទាំងនេះបង្ហាញពីភាពជោគជ័យរបស់ធនាគារ Maybank ក្នុងការសម្រេចសមិទ្ធផលពាណិជ្ជកម្ម ក៏ដូចជាការប្តេជ្ញាទៅលើបេសកកម្មប្រកបដោយអារ្យធម៌ផងដែរ ។ ដើម្បីអបអរសាទរនៃការសម្ពោធជាផ្លូវការនៃអគារការិយាល័យថ្មីនេះ ធនាគារ Maybank បានដាក់ឲ្យប្រើប្រាស់នូវសេវាកម្មថ្មីរបស់ខ្លួន គឺប័ណ្ណឥណពន្ធវិសារូបភាពដំបូងគេក្នុងប្រទេសកម្ពុជា ដែលអតិថិជនអាចជ្រើសរើសរូបភាពលើប័ណ្ណឥណពន្ធវីសាដែលខ្លួនចូលចិត្តបាន » ។
នៅក្នុងឱកាសនោះដែរ លោកបណ្ឌិត ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ដែរថា ៖ « ធនាគារ Maybank ទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១៨ ធ្នូ ឆ្នាំ១៩៩៣ ដោយបង្កើតដំបូងក្នុងរូបភាពជាសាខាធនាគារបរទេស ។ នៅឆ្នាំ២០១២ ធនាគារជាតិនៃកម្ពុជាបានអនុញ្ញាតឲ្យធនាគារផ្លាស់ប្តូររូបភាពគតិយុត្តរបស់ខ្លួនពីសាខាបរទេសទៅជាបុត្តសម្ព័ន្ធធនាគារបរទេស ហើយក៏បានក្លាយជាធនាគារមួយដែលមានការអភិវឌ្ឍរីកចម្រើនល្អ ។ ការសម្ពោធឲ្យដំណើរការនូវទីតាំងថ្មីនេះ បានបង្ហាញយ៉ាងច្បាស់ពីសុឆន្ទៈរបស់សម្ព័ន្ធធនាគារ Maybank គណៈគ្រប់គ្រង និងបុគ្គលិកគ្រប់ជាន់ថ្នាក់របស់ធនាគារ Maybank ភីអិលស៊ី » ។
លោកទេសាភិបាលធនាគារជាតិនៃកម្ពុជា បន្តថា ៖ « កំណើនសេដ្ឋកិច្ចកម្ពុជាបានបន្តកើនឡើងប្រកបដោយភាពរឹងមាំក្នុងអត្រាប្រមាណ៧% នៅឆ្នាំ២០១៥ ខណៈអតិផរណាបន្តមានស្ថិរភាពក្នុងអត្រាក្រោម២% ដែលជាកម្រិតមួយទាបអាចគ្រប់គ្រងបាន ។ ដោយឡែក វិស័យធនាគារមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ទាំងផ្នែកវិសាលភាព និងទំហំប្រតិបត្តិការ និងបានបន្តគាំទ្រយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ។ ជាក់ស្តែង ក្នុងឆ្នាំ២០១៥កន្លងទៅ ទំហំទ្រព្យសកម្មក្នុងប្រព័ន្ធធនាគារបានកើនឡើងដល់ប្រមាណ២០ប៊ីលានដុល្លារ ស្មើនឹង១០៧%នៃផលិតផលក្នុងស្រុកសរុប ខណៈប្រាក់បញ្ញើរបស់អតិថិជន និងឥណទានលើវិស័យឯកជនកើនឡើងដល់១១,៤៤ និង១១,៦២ប៊ីលានដុល្លាររៀងគ្នា » ។
ទន្ទឹមនឹងនេះ វិស័យធនាគារក៏កំពុងចូលរួមចំណែកយ៉ាងខ្លាំងក្លាក្នុងការជំរុញបរិយាប័ន្នហិរញ្ញវត្ថុ ដើម្បីបង្កើនប្រសិទ្ធភាពអាជីវកម្ម បង្កើតឱកាសការងារដល់ប្រជាពលរដ្ឋនៅតាមជនបទ កាត់បន្ថយគម្លាតចំណូល និងភាពក្រីក្រដែលមានសារសំខាន់ក្នុងការគាំទ្រកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងតម្លាភាព ។
តាមរបាយការណ៍ថ្មីៗនេះបង្ហាញថា ប្រជាពលរដ្ឋកម្ពុជាដែលមានអាយុពេញវ័យប្រមាណ៥១% បានទទួលសេវាហិរញ្ញវត្ថុផ្លូវការ បើធៀបនឹងកាលពី១០ឆ្នាំមុន ស្មើនឹង៨,៧% ៕
ចែករំលែកព័តមាននេះ