រាជធានីភ្នំពេញ ៖ សហគមន៍អឺរ៉ុប គឺជាដៃគូពាណិជ្ជកម្ម និងលំហូរវិនិយោគផ្ទាល់ធំលំដាប់ទី២ របស់អាស៊ាន ។ នៅក្នុងឆ្នាំ២០១៥ កន្លងមក ទំហំពាណិជ្ជកម្មរវាងអាស៊ាន និងសហគមន៍អឺរ៉ុប មានទឹកប្រាក់ចំនួន២០១ប៊ីលានអឺរ៉ូ កើនឡើង១១ភាគរយ បើធៀបនឹងឆ្នាំមុន ដោយផ្អែកតាមស្ថិតិរបស់សហគមន៍អឺរ៉ុប ។ នៅឆ្នាំ២០១៤ លំហូរវិនិយោគផ្ទាល់ពីសហគមន៍អឺរ៉ុប បានកើនឡើង៣១,៥ភាគរយ ដែលមានទឹកប្រាក់សរុប២៩,៣ប៊ីលានដុល្លារអាមេរិក ស្មើនឹង២១,៥ភាគរយ នៃលំហូរវិនិយោគផ្ទាល់សរុបទៅកាន់អាស៊ាន ។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា ។
សេចក្តីប្រកាសនេះធ្វើឡើងបន្ទាប់ពីលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចពិគ្រោះយោបល់រវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងស្នងការពាណិជ្ជកម្មសហគមន៍អឺរ៉ុប លើកទី១៤ នៅទីក្រុងឈៀងម៉ៃ ប្រទេសថៃ ដែលសហដឹកនាំដោយលោកស្រី Khemmani Pholsena រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឡាវ និងលោកស្រី Cecilia Malmström ស្នងការពាណិជ្ជកម្មសហគមន៍អឺរ៉ុប កាលពីថ្ងៃទី៣ មីនា កន្លងមក ។
សេចក្តីប្រកាសបានលើកឡើងអំពីលទ្ធផលការងារដែលបានអនុវត្តដោយអាស៊ាន និងសហគមន៍អឺរ៉ុប បូកសរុបរួមដោយឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងសហគមន៍អឺរ៉ុប និងទិសដៅអនាគតនៃទំនាក់ទំនងអាស៊ាន-សហគមន៍អឺរ៉ុប រួមមានលទ្ធភាពនៃការបន្តការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-សហគមន៍អឺរ៉ុប ។
ជាមួយគ្នានេះ ភាគីទាំងពីរក៏បានផ្លាស់ប្តូរយោបល់គ្នាអំពីការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងតំបន់ និងពិភពលោកនាពេលថ្មីៗ និងបានបញ្ជាក់ឡើងវិញអំពីការប្តេជ្ញាចិត្តរបស់ខ្លួន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងតំបន់ទាំងពីរឱ្យកាន់តែកើនឡើងខ្លាំងថែមទៀត ព្រមទាំងបានពិភាក្សាលើបញ្ហាមួយចំនួនពាក់ព័ន្ធនឹងការអនុវត្តកម្មវិធីការងារពាណិជ្ជកម្ម និងវិនិយោគអាស៊ាន-សហគមន៍អឺរ៉ុបឆ្នាំ២០១៥-២០១៦ ផងដែរ ។
នៅក្នុងកិច្ចពិគ្រោះយោបល់រវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងស្នងការពាណិជ្ជកម្មសហគមន៍អឺរ៉ុបនាឱកាសនោះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជួបពិភាក្សាការងារជាមួយលោកជំទាវ Cecilia Malmström ស្នងការពាណិជ្ជកម្មសហគមន៍អឺរ៉ុប ដើម្បីពិភាក្សារកមធ្យោបាយពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា និងសហគមន៍អឺរ៉ុប ។
លោកទេសរដ្ឋមន្ត្រី ក៏បានសម្តែងនូវការកោតសរសើរចំពោះសហគមន៍អឺរ៉ុប ដែលបានផ្តល់ឲ្យកម្ពុជានូវប្រព័ន្ធអនុគ្រោះផ្នែកពាណិជ្ជកម្មស្តីអំពីអ្វីគ្រប់យ៉ាង លើកលែងអាវុធ (EBA) ។ ការផ្តល់ជូននេះ គឺជាការជួយជំរុញឲ្យកម្ពុជាអាចនាំចេញបង្កើតការងារធ្វើ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជាបានយ៉ាងច្រើន ។
លោកជំទាវ Cecilia Malmström បានលើកឡើងនូវបញ្ហាដីសម្បទាន ដែលទាក់ទងនឹងការដាំស្ករអំពៅ និងបានជំរុញលើកទឹកចិត្តឲ្យរាជរដ្ឋាភិបាលកម្ពុជាដោះស្រាយបញ្ហាឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ។
ជាការឆ្លើយតប លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល មានប្រសាសន៍យ៉ាងដូច្នេះថា ៖ « រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតគណៈកម្មាធិការពិសេស ដើម្បីដោះស្រាយបញ្ហានេះរួចហើយ » ។
ទន្ទឹមនឹងនេះ លោកទេសរដ្ឋមន្ត្រី ក៏បានស្នើឲ្យសហគមន៍អឺរ៉ុបពន្យារពេលនាំចូលគ្រឿងបន្លាស់កង់ពីប្រទេសម៉ាឡេស៊ី ចំនួន៣ឆ្នាំបន្តទៀតចាប់ពីឆ្នាំ២០១៦នេះទៅ ដើម្បីធានាដល់និរន្តរភាពឧស្សាហកម្មនៅកម្ពុជា ។ ក្នុងនោះលោកជំទាវក៏បានសន្យាថា នឹងពិនិត្យមើលសំណើនេះ និងផ្តល់ចម្លើយមកភាគីកម្ពុជាតាមពេលសមស្រប ៕
ចែករំលែកព័តមាននេះ