ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ថាធិប្បាយ៖ ភ្ជុំបិណ្ឌ ឆ្នាំនេះ ត្រូវតែប្រយ័ត្ន​កូវីដផង និងគ្រោះថ្នាក់ចរាចរណ៍ផង

2 អាទិត្យ មុន
  • ភ្នំពេញ

ភ្នំពេញ​៖ ទោះបីជា​រាជរដ្ឋាភិបាល សម្រេច​ផ្អាក​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ ក៏ពិតមែន ប៉ុន្តែ​ការឈប់​សម្រាក​ពេល​បុណ្យ​ភ្ជុំបិណ្ឌ នៅតែ​បន្ត​ឈប់ ៣​ថ្ងៃ តាម​កាលវិភាគ​ផ្លូវការ…

ភ្នំពេញ​៖ ទោះបីជា​រាជរដ្ឋាភិបាល សម្រេច​ផ្អាក​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ ក៏ពិតមែន ប៉ុន្តែ​ការឈប់​សម្រាក​ពេល​បុណ្យ​ភ្ជុំបិណ្ឌ នៅតែ​បន្ត​ឈប់ ៣​ថ្ងៃ តាម​កាលវិភាគ​ផ្លូវការ គឺ​ពី​ថ្ងៃទី​៥-៧ ខែតុលា​។ តែ​ការឈប់​សម្រាក​បុណ្យ​ភ្ជុំបិណ្ឌ ឆ្នាំនេះ អាច​នឹងមាន​រយៈពេល​វែង មិន​ថា បុគ្គលិក​ក្រុមហ៊ុន​ឯកជន មន្ត្រីរាជការ និង​កម្មករ​កាត់ដេរ​នោះទេ​។ ពោលគឺ​អ្នកខ្លះ អាច​ឈប់សម្រាក តាំងពី​ថ្ងៃ​សៅរ៍ ទី​២ ខែតុលា បន្ត​រហូតដល់​ថ្ងៃអាទិត្យ ទី​១០ ខែតុលា ក៏មាន​។​

​អំឡុងពេល​ឈប់សម្រាក​បុណ្យ​ភ្ជុំបិណ្ឌ​នេះ មិន​ថា កម្មករ​កាត់ដេរ អ្នក​មក​រៀនសូត្រ អ្នក​មក​ធ្វើការ អ្នករកស៊ី ឬ​អ្នករស់នៅ​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​ណា​ណា​នោះទេ គឺ​ភាគច្រើន បានធ្វើ​ដំណើរ​ទៅលេង​ស្រុកកំណើត និងបាន​​ចេញទៅ​ដើរលេង​តាម​រមណីយដ្ឋាន​នានា នៅ​ជិត ឬ​នៅ​ឆ្ងាយ រហូតដល់​ដេក​ផ្លូវ​ក៏មាន​។ ក្នុងនោះ ក៏មាន​អ្នក​ទៅ​វត្ត​ជា​ក្រុមៗ ពិសេស​តាម​វត្ត​នៅ​ជនបទ​ស្រុក​ស្រែចំការ នៅតែ​បើក​ឲ្យ​ប្រជា​ពុទ្ធបរិស័ទ យក​ចង្ហាន់ និង​ទេយ្យវត្ថុ ទៅ​ប្រគេន​ព្រះសង្ឃ ហើយ​មិនបាន​រក្សា​គម្លាត​សុវត្ថិភាព​ឲ្យ​បាន ១​ម៉ែត្រ​កន្លះ​ពីគ្នា​នោះទេ ទោះជា​ម្នាក់ៗ បាន​ពាក់​ម៉ាស ក៏ដោយ​។​

Picture

​ប្រការនេះ នាំ​ឲ្យ​មានការ​បារម្ភ ២​យ៉ាង ក្នុងអំឡុងពេល​បុណ្យ​ភ្ជុំបិណ្ឌ ក្នុងពេល​កូ​វីដ បន្ត​ឆ្លង​រាតត្បាត​នៅឡើយ​នេះ​។ គឺ​ទី​១-​ការផ្ទុះ​ឡើង​នូវ​ការឆ្លង​កូ​វីដ អំឡុងពេល​បុណ្យ​ភ្ជុំបិណ្ឌ និង​ទី​២ គឺ​គ្រោះថ្នាក់​ចរាចរណ៍​។​

​តាមរយៈ​ការ​ចល័ត និង​កំណើន​មនុស្ស​នៅតាម​ស្រុកភូមិ ហើយ​ទៅ​ប្រមូលផ្តុំ​នៅតាម​វត្ត ដោយ​មិន​រក្សា​គម្លាត​សុវត្ថិភាព​ត្រឹមត្រូវ គឺជា​ហានិភ័យ​នៃ​ការឆ្លង​រាលដាល​កូ​វីដ​១៩​។ ក្រៅពី​ទៅ​វត្ត អ្នកស្រុក​យើង​មួយចំនួន​ដ៏​ច្រើន សព្វថ្ងៃ ក៏​និយម​ជួបជុំ​ផឹកស៊ី មិន​ថា តាម​ផ្ទះ ឬ​តាម​ភូមិ ដែល​ក្លាយជា​ទម្លាប់​ទៅហើយ​នោះទេ​។  ឲ្យ​តែ​ជួបជុំគ្នា ពិសេស​ពេល​បុណ្យទាន​ដូច្នេះ មិន​ថា ស្រី មិន​ថា ប្រុស​ទេ ដោយ​ច្រើន គឺ​ផឹកស៊ី​គ្រឿង​ស្រវឹង​តែម្តង​។

Picture

​កំណើន​នៃ​ការធ្វើដំណើរ ពេល​ឈប់សម្រាក​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ក៏​អាច​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍​ជាយថាហេតុ​។ កាល​ភ្ជុំ​ឆ្នាំមុន នៅ​ថ្ងៃទី​១៦-១៨ ខែកញ្ញា ឆ្នាំ​២០២០ គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស សម្លាប់​មនុស្ស ១៥​នាក់ និង​របួស ៦២​នាក់​។ ចំណែក​ភ្ជុំ កាល​ឆ្នាំ​២០១៩ ចាប់ពី​ថ្ងៃទី​២៧-២៩ ខែកញ្ញា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស ៥២​លើក ស្លាប់ ២៦​នាក់ និង​របួស ៨០​នាក់​។ គ្រោះថ្នាក់​ចរាចរណ៍​ពេល​ភ្ជុំបិណ្ឌ ក៏ដូចជា គ្រោះថ្នាក់​ចរាចរណ៍ កើតឡើង​រៀងរាល់ថ្ងៃ​ដែរ គឺ​បង្កឡើង ដោយសារ​ការបើកបរ​លឿន មិន​គោរព​សិទ្ធិ មិន​ប្រកាន់​ស្តាំ ស្រវឹង ងងុយដេក ប្រជែង និង​បត់​មិន​ប្រយ័ត្ន​។​

Picture

​ងាក​មក​មើល​ចំនួន​អ្នក​ឆ្លង​កូ​វីដ​១៩ នៅ​កម្ពុជា​យើង​វិញ គឺ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ ក្រសួងសុខាភិបាល បានប្រកាស​ពី​ចំនួន​អ្នក​ឆ្លង​កូ​វីដ​១៩ នៅ​ទូទាំងប្រទេស ថយចុះ ពី​ជិត ១០០០​នាក់ ក្នុង ១​ថ្ងៃ មក​ត្រឹម​ជាង ១០០​នាក់ ទៅ​ជាង ២០០​នាក់​ប៉ុណ្ណោះ ក្នុង ១​ថ្ងៃ​។ តែ​កុំភ្លេចថា ចំនួន​អ្នក​ឆ្លង​កូ​វីដ ថយចុះ​ដូច្នេះ ដោយសារតែ​ក្រសួងសុខាភិបាល កត់​យកតែ​ចំនួន​អ្នកពិនិត្យរ​កកូ​វីដ តាម​ម៉ាស៊ីន PCR ខណៈដែល​ការធ្វើ​តេស្ត​រហ័ស រក​កូ​វីដ លើ​អ្នកភូមិ និង​សហគមន៍​ប៉ះពាល់​នឹង​អ្នកជំងឺ​កូ​វីដ​១៩ គ្រូពេទ្យ​លែង​ធ្វើតេស្ត រុករ​កកូ​វីដ តាម​ឧបករណ៍​តេស្ត​រហ័ស Rapid Test ដូច​មុន នៅតាម​ភូមិ តាម​សហគមន៍​ទៀតហើយ​។​

​ដូច្នេះពេល​ឃើញ​​​ចំនួន​​អ្នក​ឆ្លង​កូ​វីដ ប្រចាំថ្ងៃ​ថយចុះ ៣​ថ្ងៃ​ចុងក្រោយ គឺ​នៅ​ថ្ងៃទី​១-៣ ខែតុលា មក​នៅត្រឹម​ជាង ១០០​នាក់ និង​ជាង ២០០​នាក់ ក្នុង ១​ថ្ងៃនេះ តែ​សូម​ប្រជាពលរដ្ឋ​យើង កុំ​ធ្វេសប្រហែស ឬក៏​ភ្លេច​នូវ​វិធី​ការពារ​កូ​វីដ ក្នុងអំឡុងពេល​ឈប់សម្រាក​បុណ្យ​ភ្ជុំបិណ្ឌ​នេះឡើយ​។ មិន​ថា នៅ​ភ្នំពេញ​​ទេ ពិសេស​តាម​ខេត្ត​នានា កូ​វីដ​​នៅ​បន្ត​ឆ្លង​ចូលដល់​ស្រុកភូមិ តាម​សហគមន៍​រៀងរាល់ថ្ងៃ​នៅឡើយ​ទេ​។ ក្នុងនោះ កូ​វីដ​១៩ ប្រភេទ​មេរោគ​បំប្លែង​ថ្មី ដែល​តា ក៏​នៅ​ឆ្លង​ច្រើន​ដែរ ទោះបីជា​ក្រសួងសុខាភិបាល មិន​ប្រកាស​ឲ្យ​សាធារណជន ដឹង​ដូច​មុន​ក៏ដោយ​។​

​យ៉ាងណាក៏ដោយ ក្នុងអំឡុងពេល​ឈប់សម្រាក​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ក៏​អាចជា​វិញ្ញាសារ​សាកល្បង​ថ្មី​មួយ មុននឹង​ឈានទៅ​បើក​ដំណើរការ​ឡើងវិញ លើ​គ្រប់​វិស័យ​នៅ​ទូទាំងប្រទេស តាមរបៀប​រៀន​រស់នៅ​ជាមួយ​កូ​វីដ​។ បើ​ពេល​ភ្ជុំ​នេះ មិនមាន​ឆ្លង​រាលដាល​កូ​វីដ​ទេ នោះ​ភ្ជុំ​រួច អ្វីៗ​នឹង​បើក​ដំណើរការ​ឡើងវិញ រាប់ទាំង​វិស័យ​ទេសចរណ៍ និង​ទាំង​ដំណើរការ​មុខរបរ អាជីវកម្ម រួមទាំង​ក្លិប​កំសាន្ត​នានា​ទាំងអស់​។

​ប៉ុន្តែ​មិន​ថា មុន​ភ្ជុំ ពេល​ភ្ជុំ ឬ​ក្រោយ​ភ្ជុំ​ទេ អ្វីៗ​នៅលើ​ប្រជាពលរដ្ឋ​។ រាជរដ្ឋាភិបាល ព្រលែង​ហើយ តែ​ឆ្លង ឬ​មិន​ឆ្លង​? ហើយ​អាច​បើក​ដំណើរការ​គ្រប់​វិស័យ​ឡើងវិញ បាន ឬ​មិនបាន​? គឺ​នៅលើ​ប្រជាពលរដ្ឋ​គ្រប់រូប​។ «៣​កុំ និង ៣​ការពារ​» ត្រូវ​បន្ត​អនុវត្ត​ជាប់​ជានិច្ច និង​ត្រូវ​បន្ត​ផ្អាក​ជួបជុំ​មួយរយៈ​ទៀត ពិសេស​ក្នុងពេល​ភ្ជុំបិណ្ឌ​នេះ​តែម្តង​៕​

Picture
Picture
Picture
Picture
Picture