ខេត្តមណ្ឌលគិរី ៖ ក្រុមអ្នកតវ៉ា មានគ្នាប្រមាណជា៤០ទៅ៥០នាក់បាននាំគ្នាទៅតវ៉ានៅមុខស្នាក់ការអង្គការមួយកន្លែង ដើម្បីទាមទារឱ្យមានការដោះលែងមនុស្សពីរនាក់ដែលត្រូវបានឃាត់ខ្លួន និងឃុំទុកអស់រយៈពេលមួយថ្ងៃមកហើយនោះ ។ ការតវ៉ាបានធ្វើឡើងកាលពីព្រឹកថ្ងៃទី០៦ មីនា តាមបណ្តោយផ្លូវជាតិលេខ៧៦ មុខទីស្នាក់ការអភិរក្សជីវចម្រុះសីមា ស្ថិតក្នុងភូមិអូររណា ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។
ការឃាត់ខ្លួនមនុស្ស២នាក់យកមកស្នាក់ការអភិរក្សក្នុងពេលនេះ ធ្វើឡើងកាលពីថ្ងៃ០៥ មីនា កន្លងទៅ ខណៈពួកគេកំពុងតែធ្វើការកាប់រានដីព្រៃក្នុងតំបន់ព្រៃកាពារ ដែលគ្រប់គ្រងដោយក្រសួងកសិកម្មចុះអនុវត្តន៍ផ្ទាល់ពីសំណាក់ អង្គការអភិរក្សខាងលើ ដោយសហការជាមួយកងអាវុធហត្ថលើផ្ទៃប្រទេស ។ ពាក់ព័ន្ធជាមួយនិងការតវ៉ានេះដែរ សេចក្តីរាយការណ៍បានឱ្យដឹងថា ក្រុមអ្នកតវ៉ាបានទាមទារឱ្យសមត្ថកិច្ចដោះ លែងមនុស្សចំនួន២នាក់ខាងលើឱ្យមានសេរីភាពវិញ ជាថ្នូរនឹងការធ្វើកិច្ចសន្យាបញ្ឈប់រាល់ការរុករានដីព្រៃក្នុងចំណុចខាងលើបន្តទៀត ។
អភិបាលស្រុកកែវសីមាលោក ស៊ិន វណ្ណវុឌ្ឍន៍ ថ្លែងថា រាល់សកម្មភាពរបស់បងប្អូនដែលកាប់រុករានដីព្រៃ ជាអំពើមួយផ្ទុយនឹងផ្លូវច្បាប់ ហើយលោកបានស្នើឱ្យមានការបញ្ឍប់រាល់ការរុករានដីព្រៃនានា ក្នុងតំបន់ព្រៃកាពារព្រោះប្រសិនបើមានការចាប់បង្ក្រាបនោះ បងប្អូនអាចនឹងប្រឈមមុខចំពោះផ្លូវច្បាប់ ។ លោកថា លោកនឹងស្នើទៅខាងប្រព័ន្ធតុលាការខេត្តមណ្ឌលគិរី សូមឱ្យដោះលែងមនុស្សចំនួន២នាក់ដែលបានចាប់ខ្លួននោះ ប្រសិនបើមានការផ្តិតមេដៃពីសំណាក់ប្រជាពលរដ្ឋដែលចូលកាប់ព្រៃថា ឈប់កាប់រុករាន្តបន្តទៀត ។ លោកបន្តថា បងប្អួនគួរតែធ្វើជាលិខិត សំណើមកអជ្ញារសុំដីសម្បទានសង្គមកិច្ច ក្នុងលក្ខណថា បងប្អូនពិតជាគ្មានដីបង្ករបង្កើនផលពិតមែននោះ ។
មន្ត្រីព្រៃឈើនិយាយថា កន្លងមកពួកគេកាប់រានដីព្រៃខាងក្រោយស្នាក់ការអភិរក្សជីវចំរុះ និងដុតភ្លើងឆេះរាលដាលស្ទើរនឹងឆេះស្នាក់ការទៅហើយ ។ មន្ត្រីព្រៃឈើដដែលបន្តថា បើមិនមានវិធានការទេនោះ ក្រុមអ្នកកាប់ព្រៃ និងកាប់រុករានដីរបស់រដ្ឋអស់ជាក់ជាមិនខាន ។ បុរសម្នាក់តំណាងឱ្យក្រុមអ្នកតវ៉ា បានស្នើរឱ្យមានការដោះលែងមនុស្ស២នាក់វិញ និងព្រមផ្តិតមេដៃជួនទៅអជ្ញាធរតាមការស្នើរសុំ ។
តែពួកគាត់ស្នើទៅអជ្ញារធរសុំឱ្យពួកគាត់អាចដាំដុះ លើដីដែលពួកគាត់ បានកាប់រុករានពីពេលមុន ទោះបីមិនមានការចុះវាស់វែងធ្វើប្លង់កម្មសិទ្ធក៏ដោយ ។ ក្រុមអ្នកតវ៉ា បានរំសាយវិញនៅម៉ោងប្រមាណជា១០ព្រឹកថ្ងៃដដែល ក្រោយការសន្យាថានឹងដោះលែងអ្នកកាប់ព្រៃ២នាក់ ខាងលើវិញនៅល្ងាចថ្ងៃដដែល ។ សូមបញ្ជាក់ថា បើតាមសេចក្តីរាយការពាក់ព័ន្ធ និងការកាប់រុករានដីព្រៃយកធ្វើកម្មសិទ្ធិផ្ទាល់ខ្លួននោះ ខេត្តមណ្ឌលគិរី អាចនឹងមានចំនួនច្រើនជាងគេបើធៀប នឹងបណ្តាខេត្តផ្សេងទៀតដែលមានព្រៃឈើច្រើនក្នុងប្រទេសកម្ពុជា ។ហើយការរុករានដីព្រៃនោះ គេសង្កេតឃើញថា ម្ចាស់កម្មសិទ្ធិភាគច្រើនជាមន្ត្រីមូលដ្ឋានដែលមានអំណាចក្នុងខេត្តមណ្ឌលគិរីនេះផ្ទាល់ ។ សេចក្តីរាយការណ៍បញ្ជាក់ថា ការរុករានដីព្រៃក្នុងខេត្តមួយនេះស្ទើរតែគ្រប់ស្រុកទៅហើយ នៅទូទាំងខេត្តមណ្ឌលគិរីនេះ តែលទ្ធផលនៃការបង្ក្រាបហាក់នៅមានកម្រិតនៅឡើយ ៕
ចែករំលែកព័តមាននេះ