ខេត្តសៀមរាប ៖ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងការពារជាតិបានមានប្រសាសន៏ថា បុគ្គលយោធាទាំងឡាយណាដែលត្រូវបានចាប់ឃុំខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ អាចប្រឈមនឹងការទម្លាក់សក្តិ ឬក៏ត្រូវបណ្តេញចេញពីក្របខណ្ឌយោធា អាស្រ័យទៅលើកម្រិតទោសកំណត់ក្នុងសាលក្រមតុលការស៊ីវិល ។
លោកបានមានប្រសាសន៏ប្រាប់ឱ្យដឹងកាលព្រឹកថ្ងៃទី០៣ ខែមិនា ឆ្នាំ២០១៦ កន្លងទៅ ដោយភ្ជាប់ទៅនឹងករណីលោកវរសេនីយ៍ គី ហាក់ឡុង ជាមេបញ្ជាការរងមណ្ឌល៤ ចំនុះការរិយាល័យទី២ នៃអគ្គបញ្ជាការកងទ័ពជើងគោកដែលត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងខេត្តសៀមរាប ចេញដីការឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន ដោយជាប់ពាក់ពន្ធទៅនឹងករណីបាញ់បោះនៅក្នុងបន្ទប់ខារ៉ាអូខេមួយកន្លែងនៅជាយក្រុងសៀមរាប កាលពីដើមខែកុម្ភៈកន្លងទៅ ។
លោកបានបន្ថែមថា ផ្អែកលើស្មារតីអង្គប្រជុំបូកសរុបការងារឆ្នាំ២០១៥ ទិសដៅឆ្នាំ២០១៦ របស់ក្រសួងការពារជាតិ ដែលប្រព្រឹត្តទៅកាលពីពេលថ្មីៗបានរឹតបន្តឹងយ៉ាងខ្លាំងលើការចេញលិខិតស្នាមអនុញ្ញាតឲ្យប្រើប្រាស់អាវុធ ក្នុងគោលបំណងរក្សាសន្តិសុខសង្គម ដូច្នេះចំពោះមន្ត្រីយោធាទាំងឡាយណាដែលអាងអំណាចប្រើប្រាស់អាវុធដោយសេរី ដូចជាករណីបាញ់បោះនៅខេត្តសៀមរាប ឬនៅកន្លែងផ្សេងៗ ពួកគេក្រៅពីត្រូវទទួលបានការជំនុំជម្រះទោសដោយតុលាការស៊ីវិល ក៏ត្រូវទទួលទោសដោយតុលាការយោធាផងដែរ ។
លោកបានពន្យល់ថា «តាមធម្មតានៅពេលមន្ត្រីយោធាណាម្នាក់បានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌនឹងត្រូវចាប់ឃុំខ្លួនដាក់ពន្ធនាគារ តួរនាទីនឹងក្របខណ្ឌយោធារបស់គាត់ ត្រូវបានព្យួរដោយស្វ័យប្រវត្តិ ដើម្បីបើកផ្លូវឲ្យតុលាការស៊ីវិលបន្តនីតិវិធីរហូតដល់ពេលប្រកាសសាលក្រមផ្តន្ទាទោស ទើបទណ្ឌកម្មផ្នែកកងកម្លាំងអាចអនុវត្តទៅបាន ថាតើទោសរបស់គាត់ត្រូវទទួលទោសត្រឹមទម្លាក់សក្តិ ឬក៏បណ្តេញចេញពីក្របខណ្ខយោធាទៅតាមកម្រិតទោស ដែលមានចែងក្នុងអំណាចសាលក្រមជាស្ថាពរនោះដែរ ។
ដូចនេះគ្នាដែរ ឧត្តមសេនីហ៍ទោ ម៉ៅ ផល្លា អ្នកនាំពាក្យអគ្គបញ្ជាការកងទព័ជើងគោក បានមានប្រសាសន៏នៅរសៀលថ្ងៃទី៦ មីនា នេះថាជានីតិវិធីចំពោះរឿងក្តីពាក់ព័ន្ធនឹងការចាប់ឃុំខ្លួន ឬចេញសាលក្រមខាងតុលាការស៊ីវិល ត្រូវជូនដំណឹង ឬក៏ផ្ញើសាលក្រមទៅឲ្យសាមីអង្គភាពបានដឹងជាមុន ដើម្បីឲ្យមានការចាត់តាំងក្រុមអធិការកិច្ចចុះអនុវត្តន៏សាលក្រម ថាត្រូវបកសក្តិភ្លាមៗ ឬក៏បញ្ជូនឈ្មោះទៅខាងក្រសួងការពារជាតិជាអ្នកសម្រេច ។
គួររំលឹកថា ឈ្មោះ គី ហាក់ឡុង ឋានៈវរសេនីយ៍ត្រី ជាមេបញ្ជាការរងមណ្ឌល៤ ចំណុះការិយាល័យទី២ នៃអគ្គបញ្ជាការកងទ័ពជើងគោក រួមទាំងបក្ខពួកគាត់ម្នាក់ទៀត គឺឈ្មោះ តាន់ ហ៊ុយហួត ឋានៈវិរសេនីយ៍ទោ ជាមេបញ្ជាការស្នាក់ការការិយាល័យទី២ ចំនុះអគ្គបញ្ជាការកងទព័ជើងគោក ប្រចាំខេត្តសៀមរាប ត្រូវបានលោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បញ្ជាឲ្យកម្លាំងកងរាជអាវុធហត្ថខេត្ត ធ្វើការចាប់ខ្លួននៅល្ងាចថ្ងៃទី០២ កុម្ភៈ ឆ្នាំ២០១៦ នៅមុខស្នាក់ការរបស់ខ្លួនក្នុងសង្កាត់គោកចក ក្រុងសៀមរាប បន្ទាប់ពីមានការប្តឹងថាបុគ្គលយោធាទាំងពីរនោះបានទៅផឹកស៊ីរាំច្រៀងរួចបានបាញ់បោះដោយសេរីក្នុងបន្ទប់លេខ៧៧៧៧ នៃមណ្ឌលកំសាន្តយីហោ « ហ៊ីតឌិនផាឡេស៏» ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងភូមិគោកត្នោត ឃុំកណ្តែក ស្រុកប្រាសាទបាគង ជាប់ព្រំប្រទល់ក្រុងទេសចរណ៏សៀមរាប ខាងក្រោយស្ថានីយប្រេងឥន្ធនៈយីហោ «ហ៊ាមន្នី» ម្ចាស់ឈ្មោះ ហួត ដែលគេល្បីថា ជាមនុស្សស្និតស្នាលនឹងនាយឧត្តមសេនីយ៍យោធាផ្កាយបួនមួយរូប ។ ទោះបីជាយ៉ាងនេះក្តីនៅថ្ងៃបន្ទាប់ ខាងកងរាជអាវុធហត្ថបានសម្រេចធ្វើការដោះលែងលោក តាន់ ហ៊ុយហួត ឲ្យមានសេរីភាពវិញ ដោយអះអាងថា គ្មានធាតុផ្សំនៃបទល្មើសលើងលែងតែឈ្មោះ គី ហាក់ឡុង ជាម្ចាស់កាំភ្លើងខ្លី នឹងជាអ្នកកេះកៃកាំភ្លើងបាញ់ ត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការ ។ ទាក់ទិនទៅនឹងសំណុំរឿងនេះដែរ ចៅក្រមសាលាដំបូងខេត្តសៀមរាប បានថ្លែងប្រាប់ថា ឈ្មោះ គី ហាក់ឡុង ត្រូវបានតំណាងអាយ្យការចោទប្រកាន់ចំនួនពីបទចោទផ្សេងគ្នា គឺប្រើប្រាស់អាវុធខុសច្បាស់ និង ធ្វើឲ្យខូចខាតសម្ភារដោយចេតនា ។
តាមមាត្រាចោទទី០១ រួមទាំងបទល្មើសជាក់ស្តែងជនជាប់ចោទអាចប្រឈមនឹងការផ្តន្ទាទោសដាក់ពន្ធនាគារពី០២ឆ្នាំទៅ០៥ឆ្នាំ ឯណោះ ។ ដោយឡែកប្រភពពីមន្ត្រីយោធាមួយរូបបានបង្ហើបថា នេះមិនមែនជាលើកទី០១ទេ ដែលមន្ត្រីយោធា ឈ្មោះ គី ហាក់ឡុង ខាងលើធ្វើការបាញ់បោះសេរី បង្កការភ័យខ្លាចដល់សង្គម ។ កន្លងមករាល់ពេលផឹកស្រាស្រវឹងជននេះ តែងតែបាញ់បោះសេរីមិនតិចជាង០៤ដងទេ ដូចជានៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ នៅលើដងផ្លូវហាយវ៉េ (ផ្លូវ៦៧) នៅបរិវេណខារ៉ាអូខេនាងពួន និងចុងក្រោយនៅក្នុងបន្ទប់ខារ៉ាអូខេ៧៧៧៧ ខាងលើតែម្តង ៕
ចែករំលែកព័តមាននេះ