ខេត្តត្បូងឃ្មុំ៖ គ្រឿងញៀនត្រូវបានធ្វើសកម្មភាពលួចចែកចាយពីកន្លែងមួយទៅកន្លែងមួយ ទោះបីជាច្បាប់ត្រូវបានរឹតបន្តឹងយ៉ាងណាក្តី ជាក់ស្តែងនៅវេលាម៉ោង១០ព្រឹកថ្ងៃទី៥មីនា ត្រង់ចំណុចភូមិលោ ឃុំកំពាន់ ស្រុកមេមត់ ជនសង្ស័យ២នាក់ត្រូវបានចាប់ខ្លួនបន្តបន្ទាប់ ដោយដកហូតបានថ្នាំញៀន៣កញ្ចប់ និងម៉ូតូ១គ្រឿងដែលជាក្រុមសកម្មខាងចែកចាយថ្នាំញៀន ។
នគរបាលស្រុកមេមត់ប្រាប់ឲ្យដឹងថា លោកវរសេនីយ៏ត្រី ហុង គឹមហឿន អធិការនគរបាលស្រុកមេមត់ បានតាមដានដឹងពីមុខសញ្ញាចែកចាយថ្នាំញៀន ក៏បានប្រើកម្លាំងទៅទំនាក់ទំនងធ្វើជាទិញថ្នាំ២កញ្ចប់តម្លៃ៤ម៉ឺនរៀល ស្របពេលដែលជនសង្ស័យកំពុងជិះម៉ូតូម៉ាកCBR យកថ្នាំញៀនមកប្រគលឲ្យនៅត្រង់ចំណុចមុខផ្ទះក្នុងភូមិលោនោះ ហើយក៏ឃាត់ខ្លួននិងដកហូតបានថ្នាំញៀន៣កញ្ចប់ពីឈ្មោះ លាន ប៉េងអ៊ាន ។
នគរបាលស្រុកមេមត់បានប្រាប់បន្តថា ក្រោយពីជននេះបានឆ្លើយសារភាព ក៏ឈានទៅចាប់បក្ខពួកម្នាក់ទៀតឈ្មោះ ងួន រ៉ា ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិត្បូងវត្ត ឃុំមេមត់ ស្រុកមេមត់ ដោយមានការអនុញ្ញាតពីលោកស្នងការនគរបាលខេត្ត និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ។ ជនទាំង២នាក់ត្រូវបាននាំមកកាន់អធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីសួរនាំស្វែងរកតាមប្រមាញ់បក្ខពួកមួយចំនួនទៀតឱ្យយកផ្តន្ទាទោសតាមច្បាប់ ។
គនរបាលស្រុកមេមត់បញ្ជាកទៀតថា នៅថ្ងៃទី៤ មីនា កន្លងទៅជនសង្ស័យឈ្មោះ ជា ជឿន ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិក្តុលផ្សារ ឃុំទន្លូង ស្រុកមេមត់ ត្រូវបានចាប់ខ្លួនតាមដីការបស់សាលាដំបូងខេត្តកំពង់ចាម ដោយចោទពីបទជួញដូរ និងរក្សាទុកដោយនូវសារធាតុញៀនខុសច្បាប់ ។ ប្រតិបត្តិការនេះធ្វើឡើងនៅភូមិមេមត់ផ្សារ ឃុំមេមត់ ស្រុកមេមត់ ខេត្តកំពង់ចាម កាលពីថ្ងៃទី១៨ តុលា ឆ្នាំ២០១១ ចេញដោយចៅក្រមស៊ើបសួរឈ្មោះ សម ប៊ុនថុន នៅពេលមិនទាន់បំបែកចេញជាខេត្តត្បូងឃ្មុំនូវឡើយ ។
អធិការនគរបាលស្រុកមេមត់ លោកវរសេនីយ៏ត្រី ហុង គឹមហឿន បានបញ្ជាក់ថា ចំណែកបក្ខពួករបស់ឈ្មោះ ជា ជឿន ម្នាក់ទៀត នៅពេលដែលសមត្ថកិច្ចដេញតាម ក៏បានរត់ចោលរថយន្តទំនើបមួយគ្រឿង ម៉ាកតូយូតាហាយប្រ៊ីតផងដែរ ៕
ចែករំលែកព័តមាននេះ