កាលពីថ្ងៃទី៥ មីនា រដ្ឋចំនួន៤ធ្វើការបោះឆ្នោតសម្រាំងបេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ ហើយខាងគណបក្សប្រជាធិបតេយ្យធ្វើការបោះឆ្នោតសម្រាំងដែរនាថ្ងៃនោះក្នុងរដ្ឋ៣ ។
ខាងគណបក្សសាធារណរដ្ឋ លោក TED CRUZ ឈ្នះយ៉ាងស្រួលក្នុងរដ្ឋមេន និងរដ្ឋកាន់សាស់ ខណៈលោក DONALD TRUMP ឈ្នះនៅរដ្ឋល្វីហ្សាណា ន៉ិងកេនទុកគី ។
ចំពោះគណបក្សប្រជាធិបតេយ្យនាថ្ងៃទី៥ មីនា នោះមានការបោះឆ្នោតសម្រាំងបេក្ខជនក្នុងរដ្ឋ៣ គឺរដ្ឋកាន់សាស់ នេប្រាស្កា និងល្វីហ្សាណា ។ ព្រឹទ្ធសមាជិកលោក BERNIE SANDERS ឈ្នះគូប្រជែងលោកស្រីហ៊ីលឡារី គ្លីនតុន នៅរដ្ឋកាន់សាស់ និងនេប្រាស្កា ។
សម្រាប់លោក TED CRUZ ជាគូប្រជែងសំខាន់របស់លោក DONALD TRUMP រហូតមកទល់ពេលនេះ បានឈ្នះការបោះឆ្នោតសម្រាំងក្នុងរដ្ឋ៦ ខណៈលោក MARCO RUBIO ទើបឈ្នះក្នុងរដ្ឋតែមួយរួចអភិបាលរដ្ឋអូហៃយ៉ូ លោក JOHN KASICH ពុំទាន់ឈ្នះក្នុងរដ្ឋណាមួយនៅឡើយ ។ លោក DONALD TRUMP ក្នុងការបោះឆ្នោតសម្រាំងមកទល់ពេលនេះឈ្នះក្នុងរដ្ឋ១២ហើយ ។
ការបោះឆ្នោតសម្រាំងបេក្ខជនប្រធានាធិបតីគ្រោងធ្វើនាថ្ងៃទី៨ មីនា ក្នុងរដ្ឋមីជីហ្គេន មីស៊ីស៊ីពី អីុដាហូ និងហាវ៉ៃ មុនការបោះឆ្នោតសម្រាំងពិសេសថ្មីនាថ្ងៃទី១៥ មីនា ក្នុងរដ្ឋធំ៥ ក្នុងនោះមានរដ្ឋផ្លារីដាដែរ ។
ខាងគណបក្សប្រជាធិបតេយ្យលោកស្រីហ៊ីល ឡារី គ្លីនតុន តាមមើលសន្ទុះហាក់កាន់តែមានប្រៀប ខណៈលោក SANDERS ហាក់ដូច ចុះថយ ព្រោះពួកស្បែកខ្មៅគាំទ្រលោកស្រីហ៊ីល ឡារី ច្រើន ៕
ចែករំលែកព័តមាននេះ