ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្តសៀមរាប ៖ ក្នុងគ្រាមិនទាន់បញ្ឈប់ការរាតត្បាត​កូវីដ​-​១៩​ នោះវិធានការទប់ស្កាត់នៅតែបន្តអនុវត្ត

2 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នា​ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ​២០២១​នេះ​លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប​មាន​ប្រសាសន៍​ថា ការ​រំសាយ​មិន​ឲ្យ​មាន​តំបន់​ក្រហម និង​តំបន់​លឿងទុំ…

ខេត្តសៀមរាប ៖ នា​ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ​២០២១​នេះ​លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប​មាន​ប្រសាសន៍​ថា ការ​រំសាយ​មិន​ឲ្យ​មាន​តំបន់​ក្រហម និង​តំបន់​លឿងទុំ គឺជា​អា​នុ​សាសន៍​ដ៏​មាន​តម្លៃ​នៃ​សម្តេច​តេ​ជោ ប្រមុខ​នៃ​រាជរដ្ឋាភិបាល ដើម្បី​ផ្តល់​ឱកាស​សម្រាប់​ប្រជាពលរដ្ឋ​អាច​ប្រកប​មុខរបរ​ទ្រទ្រង់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​។

ក៏​ប៉ុន្តែ​មិនមែន​មាន​ន័យ​ថា យើង​បាន​បញ្ចប់​ស្ថានភាព​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩ នោះ​ឡើយ ហើយ​វិធានការ​ទប់ស្កាត់​ចាំបាច់​នានា រួម​ទាំង​វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់​ផង​ដែរ​នឹង​ត្រូវ​អនុវត្ត​បន្ត​ទៀត​យ៉ាងណា​ក៏​ដោយ ក្រោយ​ពី​ការ​បញ្ចប់​ការ​ដាក់​ជា​តំបន់​ក្រហម និង​លឿងទុំ​នេះ វិធានការ​៣​កុំ ៣​ការពារ វិធានការ​សុខាភិបាល​ត្រូវ​បន្ត​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន ហើយ​អ្វី​ដែល​ត្រូវ​តែ​ជា​ទម្លាប់​ក្នុង​គន្លង​នៃ​ការ​រស់នៅ​ថ្មី គឺ​ការ​ពាក់​ម៉ាស មិន​អាច​ធ្វេស​ប្រហែល​បាន​នោះ​ឡើយ ។

លោក​អភិបាលខេត្ត​សៀមរាប​លើក​ឡើង​យ៉ាង​ដូច្នេះ ក្នុង​ឱកាស នៃ​ការ​ប្រគល់​យានយន្ត​ជូន​ម្ចាស់​ដើម​វិញ​បន្ទាប់​ពី​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ឃាត់​ទុក​ដោយសារ​តែ​ម្ចាស់​យានយន្ត​ទាំងនោះ បាន​ប្រព្រឹត្តិ​ល្មើស​នឹង​បំរាម​ហាមឃាត់​ការ​ធ្វើ​ដំណើរ​ក្នុង​ពេល​ដែល​ក្រុង​សៀមរាប​ត្រូវ​បិទ​ខ្ទប់​ដាក់​ជា​តំបន់​ក្រហម និង​ជា​តំបន់​លឿង រយៈពេល​២​ស​ប្តា​ហ៍​កន្លង​ទៅ​ដែល​យានយន្ត​ទាំងនោះ​រួម​មាន ៖ ម៉ូតូ​ចំនួន​១៦៦​គ្រឿង , រថយន្ត​ចំនួន ៤​គ្រឿង និង​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​ចំនួន​២​គ្រឿង ។

លោក ទៀ សីហា មាន​ប្រសាសន៍​ទៀត​ថា ការ​ប្រគល់​ជូន​នូវ​យាន យន្ត​ដល់​ម្ចាស់​ដើម​វិញ​ដែល​បាន​ប្រព្រឹត្ត​ល្មើស​បំរាម​បិទ​ខ្ទប់​កន្លង​មក គឺជា​ការ​យោគយល់​មិន​មានការ​បង់ប្រាក់​ផាកពិន័យ​នោះ​ឡើយ ដោយសារ​តែ​រដ្ឋបាល​ខេត្ត​យល់​ឃើញ​ថា ក្នុង​រយៈពេល​បិទ​ខ្ទប់​កន្លង​មកនេះ​មាន​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាជន​តែ​មិនមែន​មាន​ន័យ​ថា វិធានការ​រដ្ឋបាល​ត្រូវ​បាន​លើកលែង​នោះ​ទេ ក៏​ប៉ុន្តែ​ក៏​ត្រូវ​អនុវត្ត​បន្ត​ទៀត​ផង​ដែរ ក្នុង​ស្ថានភាព​ដែល​កូ​វី​ដ​-១៩ នៅ​តែ​បន្ត​រាតត្បាត​ក្នុង​សហគមន៍ ។

លោក​អភិបាលខេត្ត​សៀមរាប​មាន​ប្រសាសន៍​បន្ថែម​ថា ក្នុង​ករណី​បុគ្គល​ណា ឬ​ម្ចាស់ ឬ​អ្នកគ្រប់គ្រង​ក្រុមហ៊ុន សហគ្រាស ដេប៉ូ​ចែកចាយ សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន រមណីយដ្ឋាន​ទេសចរណ៍ អាហារ​ដ្ឋា​ន ផ្សារ​រដ្ឋ​-​ឯកជន ផ្សារ​ទំនើប ផ្សារ​ម៉ាត ហាង​លក់​ភេសជ្ជៈ តូប​អាហារ ហាង​កាហ្វេ អាជីវ​កម្មដ្ឋាន សេវា​កម្មដ្ឋាន និង​កន្លែង លក់ទំនិញ​គ្រប់​ប្រភេទ បងប្អូន​អាជីវករ ប្រជាពលរដ្ឋ និង​សាធារណជន ដែល​ប្រព្រឹត្ត​ល្មើស និង​មិន​អនុវត្ត​តាម​ការ​ណែនាំ​របស់​រដ្ឋបាល​ខេត្ត អាជ្ញា​ធរមាន​សមត្ថកិច្ច​នឹង​ចាត់វិធានការ​ពិន័យ​អន្តរការណ៍ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្ថាប័ន​តុលាការ ដើម្បី​ផ្តន្ទាទោស ស្រប​តាម​មាត្រា​១០ និង មាត្រា​១១ នៃ​ច្បាប់​ស្តី​ពី​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ជំងឺ ឆ្លង​កាច​សាហាវ​ប្រកបដោយ​គ្រោះ ថ្នាក់​ធ្ងន់ធ្ងរ​ផ្សេង​ទៀត និង​ស្រប​តាម​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ពាក់ព័ន្ធ​ជា​ធរមាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ