ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមយុទ្ធ​យោធា​រួម​ដោយ​ទ្រង់ទ្រាយ​ធំ​ចាប់ផ្តើម​នា​ថ្ងៃ​ទី​7 មីនា នៅ​កូរ៉េ​ខាងត្បូង

10 ឆ្នាំ មុន

យោង​តាម YONHAP ថា សមយុទ្ធ​យោធា​រួម​ដោយ​ទ្រង់ទ្រាយ​ធំ​រវាង​កងទ័ព​កូរ៉េ​ខាងត្បូង និង​សហរដ្ឋ​អា​មេ​រិ​ក​នឹង​ចាប់ផ្តើម​នា​ថ្ងៃ​ទី​៧ មីនា ជាមួយ​ការ​ប្រមូលផ្តុំ​បណ្តា​មធ្យោបាយ​យុទ្ធសាស្ត្រ​សំខាន់​ៗ ពិសេស​យន្តហោះ​ទម្លាក់​គ្រាប់បែក​

យោង​តាម YONHAP ថា សមយុទ្ធ​យោធា​រួម​ដោយ​ទ្រង់ទ្រាយ​ធំ​រវាង​កងទ័ព​កូរ៉េ​ខាងត្បូង និង​សហរដ្ឋ​អា​មេ​រិ​ក​នឹង​ចាប់ផ្តើម​នា​ថ្ងៃ​ទី​៧ មីនា ជាមួយ​ការ​ប្រមូលផ្តុំ​បណ្តា​មធ្យោបាយ​យុទ្ធសាស្ត្រ​សំខាន់​ៗ ពិសេស​យន្តហោះ​ទម្លាក់​គ្រាប់បែក​បំបាំងកាយ B-2 ប្រឈម​មុខ​នឹង​ការ​បង្កហេតុ​ថ្មី​ៗ​របស់​កូរ៉េ​ខាងជើង ។

អ្នក​ទទួលខុសត្រូវ​ម្នាក់​នៃ​អាជ្ញាធរ​យោធា​កូរ៉េ​ខាងត្បូង​អះអាង​នា​ថ្ងៃ​ទី​៦ មីនា ថា សមយុទ្ធ​យោធា​ឈ្មោះ KEY RESOLVE និង FOAL EAGLE នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​៧ មីនា រហូត​ដល់​ថ្ងៃ​ទី​៣០ មេ​សា ខាង​មុខ​នេះ ។ នេះ​ជា​សមយុទ្ធ​ដែល​មាន​ទំហំ​ធំ​បំផុត​បើ​ប្រៀបធៀប​ទៅ​នឹង​សមយុទ្ធ​លើក​មុន​ៗ ក្នុង​នោះ​រួម​ទាំង​សមយុទ្ធ​ដែល​ប្រព្រឹត្ត​ទៅ​កាលពី​ឆ្នាំ​២០១០ ក្រោយ​ការ​បាញ់​ពន្លិច​នាវាចម្បាំង​កូរ៉េ​ខាងត្បូង​ឈ្មោះ CHEONAN ទៀត​ផង ។

សម្រាប់​សមយុទ្ធ​យោធា​ដ៏​ធំ​នេះ ទាហាន​អា​មេ​រិ​ក​ដល់​ទៅ​១.៥០០​នាក់ ដែល​ដាក់​ពង្រាយ​នៅ​កូរ៉េ​ខាងត្បូង ព្រមទាំង​ទាហាន​កូរ៉េ​ខាងត្បូង​ដល់​ទៅ​៣០០.០០០​នាក់​នឹង​ចូល​រួម ។ ខាង​អា​មេ​រិ​ក កងពលតូច​ប្រយុទ្ធ​តាម​អាកាស​មួយ​កង កងពលតូច​ចល័ត​នៃ​កង​ម៉ា​រី​ន​មួយ​កង នាវា​ផ្ទុក​យន្តហោះ USS JOHN STENNIS (CVN-74) នាវាមុជទឹក​ប្រើ​ថាមពលនុយក្លេអ៊ែរ​មួយ​គ្រឿង ព្រម​តាំង​យន្តហោះ​ផ្គត់ផ្គង់​យោធា​មួយ​គ្រឿង​នឹង​ចូលរួម​ក្នុង​សមយុទ្ធ​នេះ ។

KEY RESOLVE ជា​សមយុទ្ធ​ធ្វើ​ត្រាប់​សង្គ្រាម​នៅ​តាម​ប៉ុស្តិ៍​ទីបញ្ជាការ CPX នឹង​ធ្វើ​តាម​រយៈ​កុំព្យូទ័រ​បែប​ការ​លុកលុយ​មួយ​របស់​កូរ៉េ​ខាងជើង ដើម្បី​ធ្វើ​សារ​ឡើង​វិញ ការ​ដាក់​ពង្រាយ​កងទ័ព ព្រមទាំង​ពី​តាក់​ទិ​ក​តបត​យោង​តាម​សេណា​រី​យ៉ូ​ផ្សេង​ៗ ។

ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​សមយុទ្ធ KEY RESOLVE នឹង​អនុវត្ត​គម្រោង​ប្រតិបត្តិការ​លេខ​៥០១៥ ដែល​អនុញ្ញាត​ឱ្យ​វាយប្រហារ​បង្ការ ប្រឆាំង​បណ្តា​ទីតាំង​នុយក្លេអ៊ែរ និង​មី​ស៊ី​ល ។ នេះ​បើ​តាម​ការ​ពន្យល់​របស់​អ្នក​ទទួលខុសត្រូវ​នៃ​អាជ្ញាធរ​យោធា ។ អ្នក​ទទួលខុសត្រូវ​រូប​នេះ​បន្ត​ថា កាលពី​ឆ្នាំទៅ​មិ​ញ​ពេល​ធ្វើ​សមយុទ្ធ​យោធា​ឈ្មោះ ULCHI GUARDIAN FREEDOM ផែនការ​ប្រតិបត្តិការ​លេខ​៥០១៥ ត្រូវ​បាន​អនុវត្ត ក៏​ប៉ុន្តែ​សម្រាប់​សមយុទ្ធ KEY RESOLVE ផែនការ​នេះ​នឹង​អនុវត្ត​ជា​លើក​ដំបូង ។

ម្យ៉ាងវិញទៀត សមយុទ្ធ​របស់​កង​ម៉ា​រី​ន​នៃ​ប្រទេស​ទាំង​២​នឹង​ប្រព្រឹត្ត​ទៅ​ដំណាលគ្នា​នា​ថ្ងៃ​ទី​៧ មីនា រហូត​ដល់​ថ្ងៃ​ទី​១៨ មីនា ក្រោម​ឈ្មោះ​ថា SSANGYONG ជា​ភាសា​កូរ៉េ​មាន​ន័យ​ថា​នាគ​២ ដោយ​ប្រមូលផ្តុំ​ទាហាន​ម៉ា​រី​ន​កូរ៉េ​ខាងត្បូង​២.០០០​នាក់ និង​ទាហាន​ម៉ា​រី​ន​អា​មេ​រិ​ក​៧.០០០​នាក់ ព្រមទាំង​នាវាចម្បាំង​មួយ​កង​ដែល​មក​ដល់​រួច​ហើយ ។

ក្នុង​ពេល​ធ្វើ​សមយុទ្ធ​យោធា​យ៉ាង​ធំ​បំផុត​នេះ​ពុំ​ធ្លាប់​មាន​ពី​មុន​មក អាជ្ញាធរ​យោធា​របស់​ប្រទេស​ទាំង​២ បាន​ពង្រឹងសមត្ថភាព​ត្រួតពិនិត្យ និង​វិភាគ​បណ្តា​ព័ត៌មាន​ស៊ើប​ការណ៍​​ជាមួយ​ការ​ជួយ​ទ្រទ្រង់​របស់​បណ្តា​ផ្កាយ​រណប​យោធា និង​បណ្តា​យន្តហោះ​ស៊ើបការណ៍ ។

ប្រឈម​មុខ​នឹង​សមយុទ្ធ​ដ៏​ធំ​នេះ​នៅ​កូរ៉េ​ខាងត្បូង ទីបញ្ជាការ​យោធា​ជាន់ខ្ពស់​របស់​កូរ៉េ​ខាងជើង​បាន​ចេញ​សេចក្តី​ប្រកាស​មួយ​កាលពី​ថ្ងៃ​ទី​២៣ កុម្ភៈ កន្លង​មកនេះ ដោយ​ចាត់​ទុក​វិមាន​ខៀវ គឺ​វិមាន​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ជា​គោលដៅ​វាយប្រហារ​ទី​មួយ​សម្រាប់​ការ​វាយប្រហារ​បង្ការ​របស់​ខ្លួន ។ សេចក្តី​ប្រកាស​នេះ​បន្ត​ថា យើង​នឹង​ចាប់ផ្តើម​ធ្វើ​ប្រតិបត្តិការ​បង្ការ​ដ៏​យុត្តិធម៌​ក្នុង​ករណី​មាន​សញ្ញា​យ៉ាង​តូច​នៃ​ការ​វាយប្រហារ​របស់​កងកម្លាំង​ពិសេស និង​បណ្តា​ឧបករណ៍​ប្រតិបត្តិការ​របស់​សត្រូវ ។

រួច​កាលពី​ថ្ងៃ​ទី​៣ មីនា កន្លង​មកនេះ សារព័ត៌មាន​ផ្លូវការ​កូរ៉េ​ខាងជើង​រាយការណ៍​ថា លោក​គី​ម ជុង​អ៊ុ​ន ក្នុង​ឱកាស​ចុះ​ត្រួតពិនិត្យ​សមយុទ្ធ​បាញ់​ប្រព័ន្ធ​រ៉ុក្កែត​ហ្វូង​អះអាង​ថា ត្រៀម​បាញ់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ដែល​អាច​ដាក់​ពង្រាយ​នៅ​ពេល​ណា​ក៏​បាន ៕