រាជធានីភ្នំពេញ ៖ ខណៈវិស័យសំណង់បាននិងកំពុងមានសន្ទុះកាន់តែច្រើនឡើង ក្រុមហ៊ុនផ្គត់ផ្គង់សម្ភារសំណង់ ក៏បាននិងកំពុងពង្រីកវិសាលភាពរបស់ខ្លួន ដើម្បីបំពេញនូវតម្រូវការប្រើប្រាស់លើទីផ្សារផងដែរ ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនបរទេសមួយចំនួនក៏បានសម្លឹងឃើញឱកាសមកបណ្ដាក់ទុនវិនិយោគ និងចាប់ដៃគូជាមួយវិនិយោគិនក្នុងស្រុកផងដែរ ។ ជាក់ស្ដែងក្រុមហ៊ុនផលិតសម្ភារសំណង់របស់កម្ពុជា Phnom Penh Precast Plants និងក្រុមហ៊ុនចែកចាយសម្ភារសំណង់ VCON Group ដែលមានមូលដ្ឋាននៅប្រទេសថៃ បានសម្រេចសហការគ្នាដើម្បីផ្គត់ផ្គង់សម្ភារសំណង់នៅលើទីផ្សារប្រទេសកម្ពុជា ។
ថ្លែងក្នុងពិធីចុះហត្ថលេខា និងសន្និសីទសារព័ត៌មានមួយកាលពីរសៀលថ្ងៃទី៣ មីនា លោកឧកញ៉ា ជឹង ធានសេង អគ្គនាយកក្រុមហ៊ុន Phnom Penh Precast Plants បានឱ្យដឹងថា ៖ « កត្តាដែលធ្វើឱ្យក្រុមហ៊ុន Phnom Penh Precast Plants ចាប់ដៃគូជាមួយក្រុមហ៊ុន VCON Group ដែលជាក្រុមហ៊ុនផ្គង់ផ្គង់សម្ភារសំណង់ដ៏ធំមួយរបស់ប្រទេសថៃ គឺដោយសារតែមើលឃើញថា ទីផ្សារសំណង់កំពុងកើនឡើងគួរឱ្យកត់សម្គាល់ ហើយតម្រូវការផ្គត់ផ្គង់ទៅលើសម្ភារដែលមានគុណភាពក្នុងវិស័យនេះ គឺជារឿងចាំបាច់ដែលមិនអាចខ្វះបាន ។ ក្នុងនាមជាក្រុមហ៊ុនដែលផ្គត់ផ្គង់បង្គោលភ្លើង លូ និងសសរគ្រឹះបេតុងនាំមុខគេនៅកម្ពុជា យើងនឹងពង្រឹង និងពង្រីកផលិតផលរបស់យើងឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ព្រោះយើងមានដៃគូផ្គត់ផ្គង់មួយទៀត » ។
លោកបន្តថា ៖ « ក្នុងការចាប់ដៃសហការជាមួយក្រុមហ៊ុនដែលមានបទពិសោធន៍ជាង៣៥ឆ្នាំនេះ គឺជាឱកាសល្អបំផុតដើម្បីសិក្សា និងពង្រីកសក្ដានុពលរបស់យើងឱ្យកាន់តែសម្បូរបែបថែមទៀតនៅពេលអនាគត ហើយតាមរយៈភាពជាដៃគូនេះដែរ យើងសង្ឃឹមថា នឹងផ្គត់ផ្គង់សម្ភារដែលមានគុណភាពល្អជូនអតិថិជនរបស់យើង » ។
លោកបញ្ជាក់ថា ៖ « ជាមួយនឹងការសហការនេះដែរ ក្រុមហ៊ុន Phnom Penh Precast Plants ក៏នឹងមានគម្រោងពង្រីករោងចក្រមួយទៀតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ទំហំជាង៤ហិកតា ដោយចំណាយទឹកប្រាក់ប្រមាណ២លានដុល្លារអាមេរិកបន្ថែមទៀតដើម្បីផលិតសម្ភារសំណង់ជូនដៃគូចែកចាយថ្មី » ។
ចំណែកលោក រង្ស៊ី ឆៃចាន់វង្ស អគ្គនាយកក្រុមហ៊ុន VCON Group ក៏បានឱ្យដឹងដែរថា ៖ « មូលហេតុដែលក្រុមហ៊ុន VCON Group ជ្រើសរើសយក Phnom Penh Precast Plants ធ្វើជាដៃគូ ដោយសារតែក្រុមហ៊ុននេះផ្ដល់នូវសម្ភារសំណង់ដូចគ្នាជាមួយនឹងក្រុមហ៊ុន VCON Group កំពុងធ្វើ ។ តាមរយៈបទពិសោធន៍ដែល VCON Group បានធ្វើអាជីវកម្មនៅលើទីផ្សារ ប្រទេសថៃ យើងសង្ឃឹមថា នឹងធ្វើឱ្យក្រុមហ៊ុន Phnom Penh Precast Plants ផ្ដល់នូវសម្ភារដែលល្អសម្រាប់ក្រុមហ៊ុនយើងចែកចាយបន្តក្នុងទីផ្សារ ហើយនឹងអាចធ្វើឱ្យវិស័យសំណង់ក្នុងប្រទេសកម្ពុជាកាន់តែរីកចម្រើនទៅមុខទៀតផងដែរ » ។
គួរបញ្ជាក់ថា រោងចក្រ Phnom Penh Precast Plants បានចាប់ផ្ដើមសាងសង់នៅពាក់កណ្ដាលឆ្នាំ២០១៣ នៅលើផ្ទៃដីជិត៣ហិកតា នៅជាយខាងជើងនៃរាជធានីភ្នំពេញ ។ សព្វថ្ងៃនេះ រោងចក្របានផ្ដល់កម្លាំងពលកម្មជូនប្រជាពលរដ្ឋកម្ពុជាជាង៣០០នាក់បំពេញការងារនៅក្នុងរោងចក្រ ។ ក្រុមហ៊ុនេះក៏បានផ្គត់ផ្គង់លូទៅឱ្យក្រុមហ៊ុនសំណង់ធំៗមួយចំនួន ដូចជា Hong Kong Land Tower និងស្ពានអាកាសតិចណូផងដែរ ៕
ចែករំលែកព័តមាននេះ