ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះជាព្រមព្រៀងគ្នា តែបើរួមភេទ ជាមួយក្មេងស្រី​អាយុក្រោម ១៥ឆ្នាំ ត្រូវមានទោស

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ គឺជាអំពើខុសច្បាប់ បើសិនជាមនុស្សប្រុស​ រួមភេទជាមួយក្មេងស្រីជាអនីតិជន ដែលមានអាយុ ១៥ឆ្នាំ ទោះបីជាការរួមភេទនោះ ជាការព្រមព្រៀងដោយស្ម័គ្រចិត្តក៏ដោយ​។ ជាក់ស្តែង យុវជនម្នាក់…

ខេត្តបន្ទាយមានជ័យ៖ គឺជាអំពើខុសច្បាប់ បើសិនជាមនុស្សប្រុស​ រួមភេទជាមួយក្មេងស្រីជាអនីតិជន ដែលមានអាយុ ១៥ឆ្នាំ ទោះបីជាការរួមភេទនោះ ជាការព្រមព្រៀងដោយស្ម័គ្រចិត្តក៏ដោយ​។ ជាក់ស្តែង យុវជនម្នាក់ ត្រូវបាន​នគរបាលការិយាល័យ​ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានចាប់បញ្ជូនទៅតុលាការ នៅថ្ងៃទី១ ខែតុលានេះ។ យុវជនម្នាក់នោះ ជាប់ចោទ ពីបទរួមភេទជាមួយក្មេងស្រីជាអនីតិជន ដែលមានអាយុក្រោម ១៥ឆ្នាំ។​

លោកវរសេនីយ៍ទោ ស៊ុន សារឿន នាយការរងការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារ​អនីតិជន បានឲ្យដឹងថា ជនសង្ស័យ​ ឈ្មោះ ធឿន រ៉ាម៉ាញ ភេទប្រុស អាយុ ២៣ឆ្នាំ ជាបុគ្គលិករោងចក្រកាត់ដេរ អូរនាង ស្នាក់នៅបន្ទប់ជួល ក្នុង​ភូមិអូរប្ញស្សី សង្កាត់ផ្សារណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ជនសង្ស័យ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល សង្កាត់​ផ្សារកណ្តាល ឃាត់ខ្លួន នៅវេលាម៉ោង ៣ និង៣០នាទីរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ពីបទរួមភេទជាមួយ​ក្មេងស្រីអាយុក្រោម ១៥ឆ្នាំ។ ការចាប់ខ្លួនយុវជននេះ បន្ទាប់ពីមានបណ្តឹងពីម្តាយក្មេងស្រី។​

លោកនាយរងការិយាល័យ បានបញ្ជាក់ថា ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានរួមភេទជាមួយក្មេងស្រី ដែលជាសង្សាររបស់ខ្លួន​ពិតមែន ក្រោយពីមានទំនាក់ទំនងជាមួយគ្នារយៈពេល ១សប្តាហ៍​កន្លង​មក នៅវេលាម៉ោង ១២ និង២០នាទីថ្ងៃត្រង់ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១។ នោះគឺនាងជាសង្សារ បានណាត់យុវជននោះ ឲ្យទៅយកនាង មកលេងក្នុងបន្ទប់​ខ្លួនជួល ហើយបានរួមភេទជាមួយនាង បានសម្រេច ១ដង។ បន្ទាប់មក យុវជននោះ បានដឹកនាង ទៅផ្ទះវិញ។​ លុះល្ងាច​ថ្ងៃដដែល យុវជន​នោះ ត្រូវបាននគរបាល មកឃាត់ខ្លួនតែម្តង។

​លោកវរសេនីយ៍ទោ ស៊ុន សារឿន បានឲ្យដឹងទៀតថា ផ្អែកតាមបណ្តឹងរបស់ក្មេងស្រីរងគ្រោះ និងចម្លើយសារភាពរបស់​ជនសង្ស័យឈ្មោះ ធឿន រ៉ាម៉ាញ នគរបាលការិយាល័យជំនាញ បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង ចាត់ការតាមនីតិវិធី​។

សូមរម្លឹកថា អំពើរួមភេទជាមួយអនីតិជន បានកំណត់នៅក្នុងមាត្រា ៤២ នៃច្បាប់ ស្ដីពី ការបង្រ្កាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ដែលបានបញ្ញត្តិថា ជនណា បានប្រព្រឹត្តអំពើរួមភេទ ជាមួយអនីតិជន ដែលមានអាយុក្រោម ១៥ (ដប់ប្រាំ) ឆ្នាំ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ (ប្រាំ) ឆ្នាំ ដល់ ១០ (ដប់) ឆ្នាំ។

ការកំណត់ផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរ ចំពោះអំពើនេះ គឺក្នុងគោលបំណងហាមឃាត់យ៉ាងដាច់ខាត មិនឱ្យមានការរួមភេទ​ជាមួយអនីតិជនអាយុក្រោម ១៥ (ដប់ប្រាំ) ឆ្នាំទ្បើយ ទោះបីជាមានការព្រមព្រៀង ឬមានការស័្មគ្រចិត្តពីអនីតិជនក៏ដោយ។ ការហាមឃាត់នេះ គឺច្បាប់បានគិតគូរអំពីកត្តាជីវ​សាស្រ្ត វេជ្ជសាស្រ្ត ដែលធ្វើឱ្យប៉ះពាល់ដល់សរីរាង្គ និងសុខភាពរបស់​អនីតិជន ព្រមទាំងលើកកម្ពស់ទំនៀមទំលាប់ប្រពៃណីដ៏ផូរផង់របស់ខ្មែរផងដែរ​។

​អំពើរួមភេទជាមួយអនីតិជនក្រោមអាយុ ១៥ ឆ្នាំ គឺជាបទល្មើសពិសេស និងជាបទឧក្រិដ្ឋ ដែលត្រូវបានបញ្ញត្តិផ្ដន្ទាទោសយ៉ាង​ធ្ងន់ធ្ងរ ទៅជនល្មើសដែលប្រព្រឹត្តអំពើនេះ ដែលធ្វើឱ្យប៉ះពាល់ដល់សង្គមគ្រួសារ និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងគោល​បំណង ដើម្បីការពារសិទ្ធិ សេចក្តីថ្លៃថ្នូរ និងសុខភាពរបស់កុមារ ព្រមទាំងរក្សាបាននូវប្រពៃណីទំនៀមទំលាប់ផងដែរ៕ ណុប រក្សា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ