រាជធានីភ្នំពេញ ៖ មន្ត្រីកងរាជអាវុធហត្ថម្នាក់បានធ្វើអត្តឃាត យកកាំភ្លើងបាញ់សម្លាប់ខ្លួនឯងបណ្ដាលឲ្យបាត់បង់ជីវិត ភ្លាមៗមួយរំពេចនៅក្នុងថ្លុកឈាម និងបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៦និង១០នាទីល្ងាច ថ្ងៃទី៤ ខែមីនា នៅក្នុងភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
មន្ត្រីកងរាជអាវុធហត្ថដែលបាញ់សម្លាប់ខ្លួនឯងនោះ ឈ្មោះ ជា ប៊ុន ហុង ជាង៤០ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុខាងលើនោះ ហើយបានបាញ់សម្លាប់ខ្លួនឯងនឹងកាំភ្លើងខ្លីម៉ាកកា៥៩ បណ្ដាលឲ្យស្លាប់តាមបំណងនៅក្នុងថ្លុកឈាម ហើយមិនទាន់មានប្រភពណាមួយ អះអាងថាគាត់មានវិបត្តិអ្វីនៅក្នុងចិត្តទើបរហូតគិតខ្លីបាញ់សម្លាប់ខ្លួនឯងបែបនេះឡើយ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ ខណៈពេលដែលប្រពន្ធកូនជាប់រវល់ធ្វើការងារ បុរសនោះបានម្រេចចិត្តបាញ់ក្បាលខ្លួនឯង នឹងកាំភ្លើងខ្លីម៉ាកកា៥៩មួយគ្រាប់ បណ្ដាលឲ្យស្លាប់នៅលើគ្រែលើផ្ទះ បង្កឲ្យមានការភ្ញាក់ផ្អើលតែម្ដង ។ ក្រោយពេលកើតហេតុ កម្លាំងនគរបាលខណ្ឌដង្កោ និងប៉ុស្ដិ៍ព្រៃវែងបានចុះទៅកាន់កន្លែងកើតហេតុ ដើម្បីពិនិត្យជាក់ស្ដែង ប៉ុន្តែមិនទាន់ដឹងមូលហេតុនៅឡើយ ។
ដោយឡែកស្ត្រីជាប្រពន្ធ បានប្រាប់សមត្ថកិច្ចថា គាត់អត់បានដឹងថាប្ដីមានវិបត្តអ្វីដែរ ហើយខណៈពេលកំពុងរវល់ គាត់បានឮស្នូរផ្ទុះអាវុធ មួយគ្រាប់នៅលើផ្ទះ ហើយក៏បានឡើងទៅមើលឃើញប្ដីស្លាប់នៅក្នុងថ្លុកឈាមទៅហើយ ៕
ចែករំលែកព័តមាននេះ