ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នូរកាំភ្លើងម៉ាកឡុ​ក និង​កា​៥៤ ផ្ទុះដណ្តើមស្រីស្នេហ៍ នៅ«សម្រស់​ជាយក្រុង​»

8 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖​ មាន​​ការ​ភ្ញាក់ផ្អើល​​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃទី​​១ ខែមីនា រហូត​ដល់​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២ ខែមីនា ឆ្នាំ​២០១៦

ខេត្ត​ប៉ៃលិន ៖​ មាន​​ការ​ភ្ញាក់ផ្អើល​​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃទី​​១ ខែមីនា រហូត​ដល់​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២ ខែមីនា ឆ្នាំ​២០១៦ ស្ថិត​នៅ​ជាប់​បណ្តោយ​ផ្លូវជាតិ​លេខ​៥៧ ក្នុង​ហាង​យីហោ ”សម្រស់​ជាយក្រុង​” ក្នុងភូមិ​ដីក្រហម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ។

ពលរដ្ឋ​​រស់នៅ​ក្បែរ​ហាង​ខាងលើ បានឱ្យ​​ដឹង​ថា នៅ​វេលា​ម៉ោង​ប្រមាណ១០​យប់ មាន​មន្ត្រី​នគរបាល​ជាង​១០​នាក់​បាន​ចូល​ទៅ​ផឹកស៊ី​នៅ​​ហាង​​នោះ​​​ មួយសន្ទុះ​​ក្រោយ​មក​បាន​ឮ​ស្នូរ​ផ្ទុះ​គ្រាប់កាំភ្លើង​១​គ្រាប់ លុះ​១​ម៉ោង​ក្រោយមក ​ក៏ឮ​សូរ​ផ្ទុះ​ជា​ច្រើន​គ្រាប់​​​ ស្រាប់​តែ​មួយ​សន្ទុះ​ក្រោយមក​ទៀត ​ក៏​ឮ​សូរ​ផ្ទុះអាវុធជា​ច្រើន​គ្រាប់​​បន្ថែម​ទៀត​នៅ​ខាងក្រៅ​ហាង ​និង​មាន​សំឡេង​​​សើច​ក្អាកក្អាយ​យ៉ាង​សប្បាយ​​ ទើប​ពួក​គាត់សន្មត់​ថា ​ពួក​គេ​ផឹកស៊ី​ស្រវឹង​​បាញ់​​​បោះយ៉ាង​អនាធិបតេយ្យ​​ ដោយ​​មិន​ខ្វល់​ពី​ការ​ភ័យ​ខ្លាច​របស់​ប្រជា​ពលរដ្ឋ​​​នោះ​ឡើយ ។ ​ពាក្យ​ថា ​ភូមិ​ឃុំ​មាន​សុវត្ថិភាពនៅ​ត្រង់ណា? ​នគរ​បាល​ការ​ពារ​និង​​​​ថែ​រក្សា​សន្តិសុខ​ជូន​ពល​រដ្ឋ​នៅ​ត្រង់​ណា?​ 

​លោកវរសេនីយ៍ត្រី ន​ង វណ្ណ​នី ប្រធាន​មន្ទីរ​ស្រាវជ្រាវ និង​យុត្តិធម៌​​ខេត្ត​​ បានឱ្យ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​៣ ខែមីនា ​​លោក​បាន​ចាត់​​ឱ្យ​មន្ត្រី​កងរាជអាវុធហត្ថ​ចុះ​ទៅ​ត្រួតពិនិត្យ និង​សួរនាំ​ដល់​ម្ចាស់​ហាង រួច​ក៏​ស្គាល់​ថា មន្ត្រី​នគរបាល​ដែល​បាញ់បោះ​សេរី​នោះ​ មាន​២នាក់​ ក្នុង​ចំណោម​ជាង១០​នាក់ ​ម្នាក់​ ឈ្មោះ ចាន់ វាសនា ជា​មន្ត្រី​នគរបាល​សេដ្ឋកិច្ច រស់នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ​និង​ម្នាក់​ទៀត ឈ្មោះ ម៉ុង គូ​រូ ជា​មន្ត្រី​នគរបាល​កា​រិ​យា​ល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល អ្នក​ទាំង​២នាក់​ជា​មន្ត្រី​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិ​ន ។ ​ពួក​គេ​​ប្រើ​កាំភ្លើងខ្លី​ម៉ាកឡុ​ក និង​កា​៥៤ ដោយ​បាញ់​អស់​ចំនួន​ជាង​១០​គ្រាប់ បណ្តាលឱ្យ​​ក្បាល​គ្រាប់​ជាប់​នៅ​លើ​ធ្នឹម​ឈើ​​​ក្នុង​ហាង​​ ។ មូលហេតុ​នៃ​ការ​បាញ់​នេះ ​បណ្តាល​មក​ពី​រឿង​ដណ្តើម​ស្រី​ស្នេហ៍​គ្នា​ជាមួយ​ភាគី​ម្ខាង​ទៀត​នៅ​ក្នុង​ហាង ។​

​លោក​ឧត្តម​​សេនីយ៍​ត្រី ​ជា ចាន់ឌិន ស្នងការ​នគរ​បាល​​ខេត្ត​​ បាន​ទទួល​ស្គាល់​ថា ពិត​ជា​​មាន​​ការ​បាញ់​​បោះ​យ៉ាង​អនាធិបតេយ្យ​ពី​សំណាក់​​មន្ត្រី​​ក្រោម​ឱវាទ​ប្រាកដ​មែន ៕