ដោយដកស្រង់សម្តីមេដឹកនាំខ្លួនលោកគីម ជុងអ៊ុន ទីភ្នាក់ងារព័ត៌មានផ្លូវការកូរ៉េខាងជើង KCNA រាយការណ៍នាថ្ងៃទី៤ មីនា ថា ផ្លូវតែមួយគត់សម្រាប់ការពារអធិបតេយ្យភាពជាតិ គេត្រូវត្រៀមបាញ់ក្បាលគ្រាប់នុយក្លេអ៊ែរដែលអាចដាក់ពង្រាយនៅពេលណាក៏បាន ។
របាយការណ៍របស់ KCNA បញ្ជាក់ថា លោកគីម ជុងអ៊ុន បានដឹកនាំធ្វើសមយុទ្ធបាញ់ប្រព័ន្ធរ៉ុក្កែតហ្វូង LRM ក្នុងកាលៈទេសៈដែលមានការគាបសង្កត់ខាងសេដ្ឋកិច្ច នយោបាយ និងយោធារបស់ពួកចក្រពត្តិនិយមអាមេរិក និងពួកអ្នកដើរតាមក្នុងដំណាក់កាលធ្ងន់ធ្ងរមួយ ។
ដោយរិះគន់ដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប ដែលអនុម័តកាលពីថ្ងៃទី២ មីនា ដាក់ទណ្ឌកម្មតឹងតែងបំផុតប្រឆាំងកូរ៉េខាងជើង KCNA ចាត់ទុកដំណោះស្រាយនេះថា ជាការប្រទូស្តរ៉ាយយ៉ាងសាហាវមួយដោយខុសច្បាប់ចំពោះសិទ្ធិឯករាជ្យរបស់កូរ៉េខាងជើងក្នុងការបាញ់បង្ហោះផ្កាយរណបសង្កេតដែនដី KWANGMYONGSONG-4 ទៅកាន់តារាវិថី។
ពេលត្រួតពិនិត្យសមយុទ្ធបាញ់កាំជ្រួចហ្វូងនេះ លោកគីម ជុងអ៊ុន ធ្វើការកត់សម្គាល់ថា សភាពការណ៍ភូមិសាស្ត្រនយោបាយបច្ចុប្បន្នធ្លាក់ដល់ដំណាក់កាលគ្រោះថ្នាក់មួយ ហើយគេពុំអាចធ្វេសប្រហែសឡើយ ដោយចាំមើលថាតើពួកសត្រូវបន្តដំណើរឆ្កួតលីលាដូចជាធ្វើប្រតិបត្តិការក្បាត់ក្បាល ឬកម្ទេចរបបយើងជាដើម ។
លោកគីម ជុងអ៊ុន ក៏ធ្វើការកត់សម្គាល់ផងដែរថា ក្នុងសភាពការណ៍យ៉ាងអាក្រក់បំផុតនេះ គេត្រូវពង្រឹងកម្លាំងនុយក្លេអ៊ែរក្នុងន័យ២ គឺទាំងបរមាណ និងគុណភាពដើម្បីការពារប្រជាជាតិ ហើយឱ្យមានតុល្យភាពនៃកម្លាំង ។ លោកបន្តថា យើងនឹងប្រើគ្រប់មធ្យោបាយរបស់យើងដើម្បីតបតខាងយោធាដោយមិនត្រាប្រណីប្រឆាំងសត្រូវ ។
ដោយសង្កត់ធ្ងន់លើការពង្រឹងកងកម្លាំងយោធា លោកគីម ជុងអ៊ុន គូសបញ្ជាក់ថា ផ្នែកការពារត្រូវពង្រឹងក្នុងរយៈពេលដ៏ខ្លីនូវប្រព័ន្ធបាញ់រ៉ុក្កែតហ្វូងថ្មី ព្រមទាំងអាវុធវាយប្រហារទើបផលិតថ្មីៗក្នុងផ្នែកប្រតិបត្តិការនៃទីបញ្ជាការដ្ឋានជាន់ខ្ពស់ដែលដាច់ខាតនឹងមិនទុកឱ្យពួកសត្រូវដេកសុខស្រួលក្នុងសន្តិភាពរហូតដល់ត្រូវជួបប្រទះនឹងទីបញ្ចប់លើដែនដីរបស់គេឡើយ ។
សេចក្តីថ្លែងការណ៍ទាំងនេះធ្វើងឡើង បន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខ អ.ស.ប អនុម័តដំណោះស្រាយ២២៧០ ដែលដាក់ទណ្ឌកម្មធ្ងន់បំផុតពុំធ្លាប់មានពីមុនមកប្រឆាំងកូរ៉េខាងជើង ដោយសារការសាកល្បងនុយក្លេអ៊ែរ និងកាំជ្រួចបាលីស្ទិកនាពេលថ្មីៗនេះ ។
គួរកត់សម្គាល់ដែរថា វោហាសាស្ត្ររបស់លោកគីម ជុងអ៊ុន ក៏សំដៅផងដែរ បង្កើនភាពតានតឹងនៅឧបទ្វីបកូរ៉េមុនពេលចាប់ផ្តើមសមយុទ្ធយោធារួមកូរ៉េខាងត្បូង-អាេមរិក KEY RESOLVE និង FOAL EAGLE ដែលប្រមូលផ្តុំបណ្តាមធ្យោបាយយុទ្ធសាស្ត្រ ដូចជានាវាផ្ទុកយន្តហោះប្រើថាមពលនុយក្លេអ៊ែរ និងយន្តហោះយុទ្ធសាស្ត្រ B-2 ជាដើម។
លោកគីម ជុងអ៊ុន រហូតដល់លើកឈ្មោះរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី PARK GEUN HYE ដោយនិយាយថា លោកស្រី PARK ប្រព្រឹត្តអំពើល្ងីល្ងើ ស្រែកពីការវាយប្រហារបង្ការមុន ដោយពង្រឹងយ៉ាងខ្លាំងនូវកងទ័ពរបស់ខ្លួនរួមដៃជាមួយកងយោធាអាេមរិក ក៏ប៉ុន្តែវោហាសាស្ត្រ គ្រាន់តែជាការបំផ្លាញខ្លួនឯងរយៈពេលយូរប៉ុណ្ណោះ ។
ប្រព័ន្ធរ៉ុក្កែតហ្វូង LRM នេះដែលបាញ់សាកដោយកូរ៉េខាងជើង ហាក់ដូចជាប្រើប្រាស់ក្នុងការបាញ់កាលពីថ្ងៃទី៣ មីនា ទៅកាន់សមុទ្រខាងកើត ។
KCNA គូសបញ្ជាក់ថា នេះជាប្រព័ន្ធដែលអាចបាញ់ប្រហារលើគ្រប់គោលដៅស្ថិតក្នុងតំបន់ប្រតិបត្តិការរបស់កូរ៉េខាងត្បូង ដោយអាចបាញ់ត្រង់បំផុត ។ លោកគីម ជុងអ៊ុន បានដឹកនាំការបាញ់សាកល្បងប្រព័ន្ធ LRM មានគ្រាប់ទំហំធំនេះចំនួន១៣លើក ហើយរយៈពេល៣ឆ្នាំចុងក្រោយនេះ ៕
ចែករំលែកព័តមាននេះ