រដ្ឋមន្ត្រីដឹកជញ្ជូនម៉ាឡេស៊ី លោក LIOW TIONG LAI ថ្លែងកាលពីថ្ងៃទី៣ មីនា ថា ក្រុមមួយនឹងបញ្ជូនមកកាន់ប្រទេសម៉ូហ្សំប៊ិក ដើម្បីស៊ើបអង្កេតលើបំណែកយន្តហោះដែលទើបរកឃើញនៅតាមបណ្តោយឆ្នេរសមុទ្រប្រទេសនៅអាហ្វ្រិកនេះ ដែលបំណែកនោះសង្ស័យថាជាបំណែកយន្តហោះជើងហោះហើរ MH 370 ។
លោក LIOW បញ្ជាក់ថា ក្រុមនេះនឹងរួមមានសមាជិកនាយកដ្ឋានអាកាសចរណ៍ស៊ីវិលម៉ាឡេស៊ី ក្រុមហ៊ុនអាកាសចរណ៍ MALAYSIA AIRLINES និងក្រុមស៊ើបអង្កេតលើការបាត់ដានយន្តហោះនេះ ។ បំណែកនោះនឹងត្រូវបញ្ជូនទៅកាន់ប្រទេសអូស្ត្រាលី ដើម្បីពិនិត្យ ព្រោះមនុស្សរបស់អូស្ត្រាលីមួយក្រុមស្ថិតនៅប្រទេសម៉ូហ្សំប៊ិករួចហើយ ។ លោកបន្តថា ខ្ញុំពុំដឹងពីភាពលម្អិតទាក់ទិននឹងកាលបរិច្ឆេទនៃការបញ្ជូនបំណែកនេះដល់ប្រទេសអូស្ត្រាលីឡើយ ក៏ប៉ុន្តែច្បាស់ណាស់ នឹងប្រគល់ឱ្យដល់ម៉ាឡេស៊ី ។
ប្រសិនបើបំណែកនេះពិតជាមកពីយន្តហោះ MH 370 មែន នោះ យន្តហោះនេះអាចស្ថិតនៅក្នុងភាគខាងត្បូងនៃមហាសមុទ្រឥណ្ឌា ។
លោក LIOW គូសបញ្ជាក់ទៀតថា កិច្ចប្រជុំត្រីភាគីមួយរវាងម៉ាឡេស៊ី អូស្ត្រាលី និងចិន គ្រោងធ្វើនាខែមិថុនា ដោយនាឱកាសនោះ បណ្តាអ្នកជំនាញការនឹងផ្តល់បណ្តាទីកន្លែងសម្រាប់ការតាមរុករកនាពេលអនាគត ៕
ចែករំលែកព័តមាននេះ