ការធ្វើអាជីវកម្ម គឺជារឿងប្រឈមមួយ ព្រោះចាំបាច់ត្រូវគិតឱ្យបានហ្មត់ចត់តាំងពីដើមទី រហូតដល់ចុងបញ្ចប់ថា តើត្រូវធ្វើយ៉ាងណា ដើម្បីកុំឱ្យអាជីវកម្មធ្លាក់ចុះ ។ រឿងនេះស្តាប់ទៅដូចជារងសម្ពាធបន្តិច ប៉ុន្តែមិនត្រូវខ្លាចនោះទេ អ្នកគួរឈ្វេងយល់នូវគន្លឹះចំនួន៥ ដែលអាចជួយដល់អាជីវកម្មរបស់អ្នកឈានទៅសម្រេចជោគជ័យដោយងាយបាន ។
១-ជំរុញខ្លួនឯងជានិច្ច ៖
ការធ្វើអាជីវកម្មមិនមែនជារឿងដែលងាយស្រួលទេ ភាគច្រើនត្រូវជួបនឹងឧបសគ្គទាំងអស់ ដូច្នេះហើយនៅពេលដែលអាជីវកម្មជួបនឹងបញ្ហានឹកស្មានមិនដល់នោះ រឿងដំបូងដែលគួរធ្វើ គឺត្រូវផ្តោតអារម្មណ៍ និងសួរខ្លួនឯងថា ហេតុអ្វីបានជាយើងធ្វើអាជីវកម្មនេះ ? ព្រោះតែស្រឡាញ់អាជីវកម្មនេះឬ ? បន្ទាប់មកត្រូវដោះស្រាយបញ្ហាដែលកើតឡើងជាបន្តបន្ទាប់ ។
២-ស្នើសុំជំនួយ ៖
ទោះបីជាអាជីវកម្មនោះធ្វើតែឯងក្តី ហើយគិតថាមិនចាំបាច់ស្វែងរកជំនួយពីអ្នកដទៃ ប៉ុន្តែនៅពេលដែលជួបនឹងបញ្ហា អ្នកគួរតែសាកល្បងទៅរកសាច់ញាតិ ឬអ្នកប្រកបអាជីវកម្មដទៃទៀតដែលមានបទពិសោធន៍ ព្រោះពួកគេអាចជួយជាមតិយោបល់ និងស្វែងរកដោះស្រាយល្អៗដល់អ្នកបាន ។
៣-ថវិកា ៖
ថវិកាអាចធ្វើឱ្យអាជីវកម្មរីកលូតលាស់ទៅមុខបានដោយគ្មានការរាំងស្ទះ ដូច្នេះ ត្រូវឈ្វេងយល់អំពីគំរូអាជីវកម្ម ព្រមទាំងចំណូល-ចំណាយ ព្រោះនេះចាត់ទុកថា ជារឿងសំខាន់មួយដែលជួយឱ្យអាជីវកម្មទទួលជោគជ័យបាន ។ លើសពីនេះទៀត កុំភ្លេចស្វែងរកថវិកាសម្រាប់ដំណើរការអាជីវកម្ម និងការធ្វើយុទ្ធនាការទីផ្សារផងដែរ ។
៤-ក្រុមការងារដែលឆ្លាត ៖
ទោះបីជាអាជីវកម្មរបស់អ្នកមានទំហំតូចក្តី ប៉ុន្តែចាំបាច់ត្រូវមានក្រុមការងារ ឬបុគ្គលិកដែលឆ្លាតវៃសម្រាប់ជួយដល់កិច្ចការរបស់អ្នក គឺអ្នកនឹងមានពេលវេលាទៅធ្វើកិច្ចការផ្សេងទៀតបាន ។
៥-សហការជាមួយដៃគូ ៖
មិនថាអ្នករវល់យ៉ាងណាក្តី តែកុំភ្លេចទាក់ទងជាមួយនឹងដៃគូ ពីព្រោះការសហការគ្នាជាដៃគូ នឹងទទួលបានអត្ថប្រយោជន៍ច្រើនដល់ការរីកលូតលាស់នៃអាជីវកម្ម ដូចជា នៅពេលដែលអាជីវកម្មជួបនឹងបញ្ហាផ្សេងៗ ហើយមិនអាចដោះស្រាយបាន យ៉ាងហោចណាស់ ក៏មានមិត្តភក្តិជួយគិត និងដោះស្រាយទាំងអស់គ្នា ។
ការចាប់ផ្តើមប្រកបអាជីវកម្មខ្នាតតូច វាមិនមែនជារឿងងាយស្រួលទេ តែប្រសិនបើអ្នកមានល្បិចខ្លះៗ ប្រៀបដូចជាយើងបាននាំមុខមួយជំហាន មុនអ្នកដែលទើបប្រឡូកអាជីវកម្មដទៃទៀត ។
យ៉ាងណាមិញ ការថែរក្សាអតិថិជនក៏មិនមែនជាការងាយស្រួលដែរ ដូច្នេះសូមលោកអ្នកសាកល្បងអនុវត្តតាមវិធីងាយៗទាំងនេះ ក្រែងអាចជួយជាជំនួយស្មារតីរបស់លោកអ្នកបាន ព្រោះថា ម្ចាស់អាជីវកម្មទាំងឡាយប្រាកដណាស់ថា ចង់បានអតិថិជន មិនថាអតិថិជនប្រចាំ និងមិនប្រចាំ ដើម្បីឱ្យដំណើរការរកស៊ីអាចរស់រានទៅមុខបាន។ ប្រការសំខាន់ត្រូវចេះថែរក្សាអតិថិជនទុក ដើម្បីបង្ការកុំឱ្យពួកគេងាកទៅរកគូប្រជែង ។
-ធ្វើឱ្យអតិថិជនពេញចិត្ត ៖
មានតែការធ្វើជាទៀងទាត់ប៉ុណ្ណោះ ដែលអាចធ្វើឱ្យអតិថិជនពេញចិត្តនឹងអាជីវកម្មរបស់អ្នកបាន ហើយពួកគេនឹងមករកសេវាកម្មរបស់អ្នកម្តងហើយម្តងទៀត ដោយគ្រាន់តែអ្នកធ្វើរឿងដែលគិតថា លើសពីការគិតទុករបស់ពួកគេ ដូច្នេះ ពួកគេនឹងនៅតែជាអតិថិជនរបស់អ្នកជារៀងរហូត ។ គួរធ្វើអ្វីក៏បានដើម្បីឱ្យពួកគេចូលមកទិញផលិតផល ហើយចាប់អារម្មណ៍នឹងផលិតផល ឬសេវាកម្មនោះ ។
-ធ្វើតាមការកុម្ម៉ង់ ៖
ការធ្វើឱ្យអតិថិជនមានអារម្មណ៍ថា ខ្លួនឯងទទួលបានភាពពិសេសខុសពីអ្នកដទៃ ដោយសារពួកគេអាចកុម្ម៉ង់ទំនិញតាមចំណង់ចំណូលចិត្តរបស់ខ្លួន ចំណុចនេះហើយដែលធ្វើឱ្យអ្នកយកប្រៀបលើគូប្រជែងបាន ។
-មានការធានាលើផលិតផល ឬសេវាកម្ម ៖
ការធានាលើផលិតផលមានចំណែកជួយយ៉ាងច្រើនដើម្បីទប់ស្កាត់អតិថិជនមិនឱ្យរត់គេចពីអ្នកទៅរកគូប្រជែង ។ ការធានាដែលល្អ គឺក្នុងករណីដែលអតិថិជនមិនពេញចិត្តនឹងផលិតផល ឬសេវាកម្ម ។ អ្នកអាចបង្ហាញទៅកាន់អតិថិជនវិញថា ពួកគេអាចទាក់ទងនៅកន្លែងណា ធ្វើដូចម្តេច ហើយត្រូវចាំឆ្លើយតបនូវសំណួរ ឬសំណើរបស់ពួកគេ ពេលនោះអតិថិជននឹងមានអារម្មណ៍ថា ខ្លួនបានទទួលការយកចិត្តទុកដាក់ ។
-សាកសួរមតិយោបល់ ៖
ចំណុចនេះត្រូវដឹងថា អតិថិជនគិតយ៉ាងណាជាមួយផលិតផល ឬសេវាកម្មរបស់អ្នក ។ អ្នកប្រើប្រាស់មិនបានជាវទំនិញដោយសារតែមើលទៅល្អនោះទេ ។ ប្រសិនបើពួកគេមានបញ្ហាជាមួយទំនិញ ឬសេវាកម្មនោះ ពួកគេនេះហើយគឺជាប្រភពទិន្នន័យដ៏ល្អបំផុតថា តើអ្នកគួរកែប្រែបញ្ហានោះដោយរបៀបណា ។
ដូច្នេះ គួររកវិធីសាកសួរទៅពួកគេឱ្យបានជាប្រចាំ ហើយនៅពេលដែលពួកគេឆ្លើយហើយ អ្នកត្រូវបង្ហាញថា បានយកមតិទាំងនោះទៅអភិវឌ្ឍន៍ផលិតផល ឬសេវា ។ ការយកគំនិតរបស់អតិថិជននេះ ធ្វើឱ្យពួកគេមានអារម្មណ៍ថា ខ្លួនជាចំណែកមួយនៃផលិតផល ឬសេវាកម្មរបស់អ្នក ។ ក្រៅពីការប្រើប្រាស់សេវាកម្មហើយ ពួកគេក៏អាចណែនាំអតិថិជនថ្មីមកបន្ថែមទៀត ។
-ប្រគល់រង្វាន់ ៖
គួរមានវិធីសាស្ត្រទីផ្សារសម្រាប់អតិថិជនដែលស្មោះត្រង់នឹងផលិតផលរបស់អ្នកដើម្បីបង្កើនការលក់ និងរក្សាអតិថិជនក្រុមនេះទុក។ អ្នកអាចសាកល្បងនូវវិធីខាងក្រោមនេះ និងយកទៅប្រើប្រាស់បានដោយងាយៗ ដូចជា ៖
-ផ្តល់តម្លៃពិសេសដល់អតិថិជនដែលមកទិញជាប្រចាំ (ម៉ូយ)
-បញ្ចុះតម្លៃពិសេស នៅពេលដែលពួកគេមកទិញជាលើកទី២
-ធ្វើប្រូម៉ូសិនដើម្បីបង្កើនការលក់ ដូចជា ទិញ៣ ថែម១
-សន្សំពិន្ទុ គឺរាល់ពេលដែលអតិថិជនមកទិញទំនិញ នឹងទទួលបានពិន្ទុ ហើយត្រូវរក្សាពិន្ទុនោះទុកប្តូរយករង្វាន់ ឬទទួលបានការបញ្ចុះតម្លៃផ្សេងៗ ។
-ទំនាក់ទំនងឱ្យបានទៀងទាត់ ៖
ការរក្សាសម្ព័ន្ធភាពរវាងម្ចាស់អាជីវកម្មជាមួយអ្នកប្រើប្រាស់ គឺត្រូវមានទំនាក់ទំនងជាមួយគ្នាជាប្រចាំ ។ អតិថិជននឹងទិញផលិតផលជាញឹកញាប់ ប្រសិនបើពួកគេមានទំនាក់ទំនងល្អជាមួយម្ចាស់ហាង ។ អ្នកត្រូវធ្វើឱ្យពួកគេមានទំនុកចិត្តទៅលើផលិតផល ឬសេវាកម្មនោះ ។ ចំពោះវិធីទំនាក់ទំនងជាមួយអតិថិជន រួមមាន ៖
-ជ្រើសរើសវិធីទំនាក់ទំនងដែលសមរម្យ (អីុម៉ែល, ទូរស័ព្ទ, លិខិត និង SMS)
-កំណត់រយៈពេលណាមួយ (ប្រចាំខែ ឬប្រចាំត្រីមាស)
-បង្ហាញអ្វីជាការចាប់អារម្មណ៍ (ទំនិញថ្មី, បច្ចេកវិទ្យា និងការបញ្ចុះតម្លៃពិសេស) ។
-បង្កើនការផ្សព្វផ្សាយបន្ត ៖
ការផ្សាយបន្តពីអតិថិជនម្នាក់ទៅម្នាក់ទៀត អំពីទំនិញ ឬសេវាកម្មរបស់ក្រុមហ៊ុន នឹងទទួលបានលទ្ធផលល្អយ៉ាងណា អាស្រ័យទៅលើអតិថិជននោះបានយល់ដឹងពីអាជីវកម្មរបស់អ្នកកម្រិតណា ។ វិធីងាយៗដើម្បីឱ្យពួកគេដឹងពីផលិតផលហើយទៅផ្សព្វផ្សាយបន្ត គឺត្រូវសរសេរ ឬជជែកឱ្យបានលម្អិត ។ ចូរកុំគិតថា ពួកគេបានដឹងពីក្រុមហ៊ុនហើយ ហើយគ្រប់ពេលដែលទទួលបានអតិថិជនថ្មី កុំភ្លេចសួរថា មានអ្នកផ្សេងទៀតទេដែលចាប់អារម្មណ៍ទៅលើផលិតផល ឬសេវាកម្ម ។ ចូរកុំខ្មាសអៀនក្នុងការសាកសួរ ។
-អរគុណជានិច្ចនៅពេលទទួលបានអតិថិជនថ្មី ៖
អាចស្វែងរកវិធីអរគុណផ្សេងៗ នៅពេល អតិថិជនចាស់បានណែនាំអតិថិជនថ្មីមកកាន់ក្រុមហ៊ុន ដើម្បីឱ្យអតិថិជនចាស់មានអារម្មណ៍ថា ពួកគេមានសារសំខាន់ ។ អ្នកអាចតបស្នងដោយប្រគល់រង្វាន់ផ្សេងៗដល់ពួកគេ ដើម្បីជាការលើកទឹកចិត្ត ហើយពួកគេនឹងនាំអតិថិជនថ្មីមកបន្ថែមទៀត ។
វិធីសាមញ្ញៗក្នុងការថ្លែងអំណរគុណ រួមមាន ៖ សរសេរនៅលើក្រដាសដោយដៃអ្នកផ្ទាល់ រួចផ្ញើតាមអុីម៉ែលទៅកាន់អតិថិជន, ចែកសំបុត្រកុន, ផ្តល់ជូនកាតពិសេសសម្រាប់ទិញទំនិញក្នុងហាង ឬភោជនីយដ្ឋាន ឬគ្រាន់តែទូរស័ព្ទទៅអរគុណផ្ទាល់ក៏បាន ។ សូមជូនពរអ្នកជោគជ័យគ្រប់ពេលវេលា ៕
ចែករំលែកព័តមាននេះ