ការធ្វើជំនួញឱ្យទទួលជោគជ័យភ្លាមៗវាពិតជាពិបាក និងកម្រមានអ្នកទទួលបានជោគជ័យក្នុងរយៈពេលខ្លីណាស់ គឺត្រូវមានការព្យាយាមជាបន្តបន្ទាប់ ឬត្រូវខាតបង់ជាមុនសិន ទើបទទួលបានផលចំណេញតាមក្រោយ ។ តែសម្រាប់លោក អាន ប៊ុណ្ណារឹទ្ធិ អគ្គនាយកក្រុមហ៊ុន អានលីហួរគ្រុប ដែលជាក្រុមហ៊ុននាំចូលសម្បកកង់រថយន្តធុនធំពីប្រទេសចិន និងមានជំនួញជាច្រើនទៀតនៅក្នុងប្រទេសកម្ពុជា បានរៀបរាប់ពីកត្តាមួយចំនួនដែលធ្វើឱ្យអាជីវកម្មរបស់លោក ទទួលបានជោគជ័យរហូតដល់សព្វថ្ងៃ ដោយប្រើរយៈពេលខ្លីបំផុត ។
ខាងក្រោមនេះ គឺជាកិច្ចសម្ភាសន៍រវាងអ្នកយកព័ត៌មានកោះសន្តិភាព ជាមួយ លោក អាន ប៊ុណ្ណារឹទ្ធិ អគ្គនាយកក្រុមហ៊ុន អានលីហួរគ្រុប ទាក់ទងនឹងដំណើរការអាជីវកម្មរបស់លោក ក្នុងការនាំចូលសម្បកកង់រថយន្តធុនធំពីប្រទេសចិន មកកាន់ទីផ្សារប្រទេសកម្ពុជា ៖
១-តើដំណើរការអាជីវកម្មក្រុមហ៊ុនចាប់ផ្ដើមបើកដំបូងនៅពេលណា ហើយរហូតមកដល់ពេលនេះមានបញ្ហាអ្វីទេ ?
ក្រុមហ៊ុនខ្ញុំបានបង្កើតឡើងនៅក្នុងឆ្នាំ២០១១ ហើយបើគិតទៅ វាមានភាពក្មេងវ័យណាស់ក្នុងអាជីវកម្មមួយនេះ តែដោយសារស្ថិតនៅលើឆន្ទៈមួយដ៏មោះមុត និងការចូលរួមជ្រោមជ្រែងពីបុគ្គលិកទាំងអស់ ទើបធ្វើឱ្យក្រុមហ៊ុនទទួលបានជោគជ័យមិនគួរឱ្យជឿ ។
២-ហេតុអ្វីដែលនាំឱ្យលោកសម្រេចចិត្តក្នុងការនាំចូលផលិតផលសម្បកកង់រថយន្តមកកាន់ទីផ្សារកម្ពុជា ខណៈមានក្រុមហ៊ុនផ្សេងៗគេនាំចូលមកមុនលោកទៅទៀត ?
កត្តាដែលជំរុញឱ្យខ្ញុំសម្រេចចិត្តនាំចូលសម្បកនេះ ដោយសារតែខ្ញុំមើលឃើញថា វិស័យដឹកជញ្ជូនកំពុងមានការរីកចម្រើនណាស់ ហើយមួយទៀត ក្នុងពេលបច្ចុប្បន្ននេះ សមាហរណកម្មអាស៊ាន ក៏បានចាប់ផ្ដើមជាបណ្ដើរៗហើយដែរ ។ ដូចនេះ វិស័យដឹកជញ្ជូនត្រូវច្របាច់បញ្ចូលគ្នា និងត្រូវបង្កើនការដឹកជញ្ជូននៅក្នុងតំបន់ ។
ម្យ៉ាងវិញទៀត ហេដ្ឋារចនាសម្ព័ន្ធក្នុងវិស័យដឹកជញ្ជូនរបស់កម្ពុជានាពេលបច្ចុប្បន្ន ក៏កាន់តែងាយស្រួល ដូចនេះហើយសម្បកកង់រថយន្តធុនធំ គឺកំពុងមានចរន្តទីផ្សារខ្លាំងមែនទែន ។
៣-តើសម្បកកង់នោះលោកនាំចូលពីណា ?
ខ្ញុំនាំចូលមកពីរោងចក្រនៅប្រទេសចិន ដែលមានការសហការជាមួយនឹងប្រទេសអង់គ្លេស ដែលមានម៉ាកឡិចស៊ីស និងវ៉ូស៊ីដិន ដែលបានចុះបញ្ជីនៅក្នុងក្រសួងពាណិជ្ជកម្មកម្ពុជាផងដែរ គឺថាយើងមិនបានលួចប្រែនរបស់គេ ឬនាំចូលដោយគ្មានច្បាប់នោះទេ ។
៤-តាមផ្នត់គំនិតរបស់ប្រជាពលរដ្ឋខ្មែរមួយចំនួននៅតែយល់ថា ផលិតផលមកពីចិន ជារបស់មិនសូវមានគុណភាព ចុះហេតុអ្វីលោកសហការនាំយកពីប្រទេសចិនមកកម្ពុជា ?
វាជាការពិតណាស់ ដែលប្រជាជនខ្មែរមួយចំនួនយល់ថា ផលិតផលមកពីចិនមិនសូវមានគុណភាព ហើយគាត់នៅតែរារែកក្នុងការប្រើប្រាស់ផលិតផលទាំងនោះ ។ តែចំពោះខ្ញុំ មុននឹងសម្រេចនាំចូលសម្បកកង់ពីចិនមកកម្ពុជានេះ គឺខ្ញុំបានសិក្សាពីប្រវត្តិរោងចក្រផលិតសម្បកកង់នោះថា មានប្រវត្តិអ្វីខ្លះ ហើយធ្លាប់នាំចេញទៅប្រទេសណាខ្លះ ។ តាមអ្វីដែលខ្ញុំបានដឹង រោងចក្រផលិតសម្បកកង់ដែលខ្ញុំនាំចូលនេះ មានប្រវត្តិផលិតសម្បកកង់រថយន្តយូរណាស់មកហើយ និងបាននាំចេញទៅកាន់ប្រទេសជាច្រើនទៀតនៅលើពិភពលោក ហើយក៏ជារោងចក្រធំមួយប្រចាំខេត្តក្វាងទុងនៃប្រទេសចិនផងដែរ ។
៥-តើកត្តាអ្វីដែលធ្វើឱ្យក្រុមហ៊ុនលោកទទួលបានជោគជ័យត្រឹមរយៈពេលប្រមាណ៥ឆ្នាំ ?
អ្វីដែលសំខាន់ គឺយើងត្រូវស្មោះត្រង់ជាមួយអតិថិជន និងដៃគូចែកចាយរបស់យើង ជាក់ស្ដែង ក្រុមហ៊ុនយើងជាអ្នកបោះដុំទៅឱ្យដៃគូចែកចាយ ។ ដូចនេះ យើងមិនមានការលក់រាយរហេតរហូតដល់អតិថិជនទិញរាយពីក្រុមហ៊ុនយើងទេ គឺយើងទុកឱ្យដៃគូដេប៉ូចែកចាយរបស់យើងជាអ្នកលក់រាយ ខ្វះអីអ្នកមកទិញរាយពីយើងនោះ តែយើងមិនសម្លាប់ដៃគូរបស់យើងទេ ។ ចំពោះតម្លៃលក់ប៉ុន្មាន អីប៉ុន្មាននោះ ក៏យើងមិនអាចកំណត់ជូនពួកដៃគូដែរ ពីព្រោះកម្ពុជា ជាទីផ្សារសេរី ។ មួយវិញទៀត ខ្ញុំធ្វើការមិនដែលគិតពីពេលវេលាថាថ្ងៃ ឬយប់នោះទេ អតិថិជនចង់ជួបខ្ញុំពេលណា ខ្ញុំស្វាគមន៍ជានិច្ច ។ ដូចនេះ សម្រាប់ខ្ញុំ ពេលវេលាមានតម្លៃណាស់ ពេលគេដេក ខ្ញុំឆ្លៀតធ្វើការ ហើយពេលគេធ្វើការ ក៏ខ្ញុំធ្វើការដែរ ។
៦-ចុងក្រោយតើលោកមានអ្វីសម្រាប់ជាសារដល់សហគ្រិនដទៃទៀត ឬដល់អ្នកដែលចង់បើកអាជីវកម្មផ្ទាល់ខ្លួនដូចលោកទេ ?
ខ្ញុំសូមផ្ដាំទៅអ្នកដែលចង់បើកអាជីវកម្ម ឬសហគ្រិនដទៃទៀត ឬក៏ចង់នាំចូលផលិតផលមកចរាចរណ៍លើទីផ្សារកម្ពុជា ជាដំបូងត្រូវសិក្សាឱ្យច្បាស់ជាមុនសិនជាមួយដៃគូដែលយើងនឹងធ្វើការជាមួយ ។ កត្តាបន្ទាប់ទៀត សូមកុំគិតរកផលចំណេញភ្លាមៗ ត្រូវស្មោះត្រង់ មិនកិបកេងជាមួយដៃគូ ឬអតិថិជន និងត្រូវចេះស្ដាយពេលវេលា ។
ជាក់ស្ដែង រូបខ្ញុំធ្វើការថ្ងៃនេះនៅភ្នំពេញ ហើយស្អែកនៅកំពង់សោម អីុចឹងហើយបើអាចបំពេញការងារនៅភ្នំពេញឱ្យហើយ រួចធ្វើដំណើរពេលយប់ទៅកំពង់សោម ព្រឹកឡើងធ្វើការនៅកំពង់សោមរួចត្រឡប់មកធ្វើការនៅភ្នំពេញវិញ ៕
ចែករំលែកព័តមាននេះ