រាជធានីភ្នំពេញ ៖ យោងតាមរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិលកម្ពុជា ឲ្យដឹងថា លោកឯកអគ្គរដ្ឋទូតប្រទេសហ្វ៊ីលីពីនប្រចាំកម្ពុជាបានស្នើសុំនិយតករអាកាសចរណ៍កម្ពុជា ក្នុងការអនុញ្ញាតឲ្យក្រុមហ៊ុនអាកាសចរណ៍ហ្វ៊ីលីពីនមួយដើម្បីបើកការហោះហើរត្រង់ពីទីក្រុងម៉ានីល មកកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ។ នេះបើយោងតាមប្រភពពីក្រុមហ៊ុនអាកាសចរណ៍ហ្វ៊ីលីពីន អ៊ែរឡាញ ។
ប្រភពដដែលបានឲ្យដឹងទៀតថា នៅក្នុងការធ្វើបទបង្ហាញរបស់អាកាសចរណ៍ហ្វ៊ីលីពីន អ៊ែរឡាញ ត្រូវបានគេសង្ឃឹមថា នឹងទទួលបាន ការអនុញ្ញាតបើកជើងហោះហើរនេះនៅសប្ដាហ៍ក្រោយជាផ្លូវការ ។ ទោះបីយ៉ាងណា វាស្ថិតនៅក្នុងភាពមិនប្រកដមួយថាតើក្រុមហ៊ុនអាកាសចរណ៍ហ្វ៊ីលីពីន អ៊ែរឡាញ មានបំណងធ្វើការហោះហើរមករាជធានីភ្នំពេញ ឬចង់ប្រកួតប្រជែងជាមួយក្រុមហ៊ុនអាកាសចរណ៍ Cebu Pacific ដែលកំពុងតែហោះហើរពីទីក្រុងម៉ានីល មកកាន់ខេត្តសៀមរាបឬយ៉ាងណា ។
Cebu Pacific បានធ្វើការហោះហើរមកកាន់ខេត្តតាំងពីឆ្នាំ២០១២មកម្ល៉េះ ជាមួយនឹងយន្ដហោះAirbus A320 ដោយសារតែខេត្តមួយនេះជាទិសដៅទេសចរដ៏ល្បីល្បាញមួយរបស់ព្រះរាជាណាចក្រកម្ពុជា ។
មន្ត្រីអាកាសចរណ៍កម្ពុជាមួយរូបបានបញ្ជាក់ថា ៖ « ស្ថានទូតហ្វីលីពីន ចង់ឃើញ តំណភ្ជាប់ដោយផ្ទាល់ពីទីក្រុងម៉ានីលមករាជធានីភ្នំពេញ ។ ទោះជាយ៉ាងណា អាកាសចរណ៍ហ្វីលីពីន មិនបានបង្ហើបឱ្យដឹងពីចេតនា របស់ខ្លួននៅឡើយទេ ។ វាត្រូវបានគេជឿថា ក្រុមហ៊ុនមួយនេះចង់ហោះហើរទៅខេត្តសៀមរាបវិញ ។
យោងតាមមន្ត្រីអភិវឌ្ឍន៍ផ្លូវហោះហើរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញឲ្យដឹងថា៖ « ក្រុមហ៊ុនអាកាសចរណ៍ហ្វ៊ីលីពីន អ៊ែរឡាញ មិនមានបំណងធ្វើការហោះហើរមកភ្នំពេញទេ ប៉ុន្តែគេមានគម្រោងបើកការហោះហើរពីទីក្រុងម៉ានីល មកខេត្តសៀមរាប ៥ជើងក្នុង១សប្ដាហ៍ដែលនឹងចាប់ដំណើរការនៅខែឧសភាខាងមុខ ដោយប្រើប្រាស់យន្ដហោះប្រភេទ A321 ហើយក្រុមហ៊ុននេះ ក៏មានបំណងបង្កើនជើងហោះហើរប្រចាំថ្ងៃផងដែរ ។
គួរបញ្ជាក់ថា នៅក្នុងអំឡុងឆ្នាំ២០១៣ ក្រុមហ៊ុនអាកាសចរណ៍ហ្វ៊ីលីពីន អ៊ែរឡាញ ធ្លាប់មានគម្រោងបណ្ដាក់ទុនរួមគ្នាជាមួយក្រុមហ៊ុន Royal Group របស់កម្ពុជាម្ដងមកហើយ ដើម្បីដំណើរការក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកថ្មីមួយឈ្មោះថា ក្រុមហ៊ុនកម្ពុជា អ៊ែរឡាញ ។ ប៉ុន្ដែគម្រោងនេះត្រូវបានពន្យារពេលពិភាក្សាវិញ ដោយសារតែកាលណោះកម្ពុជាមានវិបត្តិនយោបាយបន្ដិចបន្ដួច ។
នៅក្នុងឆ្នាំ២០១២ ភ្ញៀវទេសចរហ្វ៊ីលីពីន ប្រមាណ៩៧.០០០នាក់បានមកទស្សនាប្រទេសកម្ពុជា កើនឡើង៣៧% បើធៀបនឹងឆ្នាំ២០១១ ។ កំណើននេះដោយសារតែមានក្រុមហ៊ុនអាកាសចរណ៍ Cebu Pacific បានចាប់ផ្តើមហោះហើរចំនួន៣ដងក្នុង១សប្តាហ៍ពីទីក្រុងម៉ានីល មកកាន់ខេត្តសៀមរាប កាលពីអំឡុងខែមេសា ឆ្នាំ២០១២ ។
បច្ចុប្បន្ន Cebu Pacific ជាក្រុមហ៊ុនអាកាសចរណ៍ហ្វ៊ីលីពីនតែមួយគត់ដែលកំពុងប្រតិបត្តិការហោះហើរ ដោយផ្ទាល់ពីទីក្រុងម៉ានីល មកកាន់ខេត្តសៀមរាប ដែលជាគោលដៅទាក់ទាញភ្ញៀវទេសចរដ៏មានប្រជាប្រិយភាពបំផុតរបស់កម្ពុជា ៕
ចែករំលែកព័តមាននេះ