រាជធានីភ្នំពេញ ៖ ការប្រើប្រាស់អីុនធើរណេតតាមទូរស័ព្ទចល័តមានការកើនឡើងស្របពេលប្រតិបត្តិករមួយចំនួនបានបញ្ចូលនូវបច្ចេកវិទ្យាថ្មី គឺ 4G ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចទាញយក ក៏ដូចជាបញ្ចូលទិន្នន័យនៅក្នុងប្រព័ន្ធរបស់ខ្លួនបានយ៉ាងលឿន ។ គិតមកដល់ចុងឆ្នាំ២០១៥ ការប្រើប្រាស់អីុនធើរណេតនៅកម្ពុជា មានចំនួន៦,៥លាននាក់ ស្មើនឹង៤៥% ធៀបនឹងឆ្នាំ២០០៨ នៅក្នុងការចាប់ផ្តើមប្រើប្រាស់អីុនធើរណេត3G ។ នេះបើតាមប្រសាសន៍របស់លោកបណ្ឌិត កាន់ ចាន់មេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍៍ ។
ថ្លែងនៅឯទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នារសៀលថ្ងៃទី២ មីនា ក្នុងសន្និសីទសារព័ត៌មានស្ដីពីការចុះកិច្ចសន្យាសម្បទានស្ថាបនាហេដ្ឋារចនាសម្ព័ន្ធខ្សែកាបអ៊ុបទិចក្រោមបាតសមុទ្រ AAE-1 ជាមួយក្រុមហ៊ុន HyalRoute Communication Group Limited លោកបណ្ឌិតមានប្រសាសន៍ថា ៖ « ការកើនឡើងនេះ បានពឹងផ្អែកលើហេដ្ឋារចនាសម្ព័ន្ធដែលជាឆ្អឹងខ្នងរឹងមាំ និងមានគ្រប់ទីកន្លែងអាចឲ្យប្រជាជនប្រើប្រាស់ចំគោលដៅតាមអ្វីដែលចង់បាន ។ អីុចឹងហើយនៅក្នុងគោលនយោបាយរបស់យើង គឺផ្តោតសំខាន់ជាងគេបំផុតលើការតភ្ជាប់ ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធឆ្អឹងខ្នង ដើម្បីអនុញ្ញាតឲ្យប្រជាជនកម្ពុជា៨០% នៅត្រឹមឆ្នាំ២០២០ មានប្រព័ន្ធអីុនធើរណេតប្រើប្រាស់បានទាំងនៅទីប្រជុំជន និងនៅតាមជនបទ រហូតដល់តំបន់ដាច់ស្រយាល » ។
លោកបណ្ឌិតបន្ថែមថា ៖ « សព្វថ្ងៃនេះ ការប្រើប្រាស់ទូរស័ព្ទចល័តបានកើនឡើងជារៀងរាល់ឆ្នាំ គិតត្រឹមចុងឆ្នាំ២០១៥កន្លងមកឃើញថា អ្នកជាវស៊ីមកាតមានប្រមាណ២១លានស៊ីម បើធៀបនឹងចំនួនប្រជាជនបានកើនឡើងជិត១៤០% ហើយបើយើងធៀបប្រទេសកម្ពុជានឹងបណ្តាប្រទេសនៅអាស៊ាន ភាគរយនៃការប្រើប្រាស់ទូរស័ព្ទចល័តសម្រាប់កម្ពុជា គឺស្ថិតនៅក្នុងលំដាប់ថ្នាក់លេខ២ បន្ទាប់ពីសិង្ហបុរីមានចំនួន១៥៥លាន » ។
លោកបណ្ឌិតបញ្ជាក់ថា ៖ « តាមរយៈការវិនិយោគបណ្តាញខ្សែកាបអុបទិច AAE-1 របស់ក្រុមហ៊ុន HyalRoute នេះ នឹងចូលរួមចំណែកយ៉ាងសំខាន់បន្ថែមទៀតក្នុងការពង្រឹង និងពង្រីកការប្រើប្រាស់ទិន្នន័យរបស់ប្រជាជនកម្ពុជា ។ យើងជឿជាក់យ៉ាងមុតមាំថា ការវិនិយោគរបស់ក្រុមហ៊ុន HyalRoute ទៅលើការសាងសង់បណ្តាញនេះ គឺជាការវិនិយោគមួយដែលច្បាស់លាស់ និងជាក់លាក់ ព្រមទាំងឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា » ។
ចំណែកលោក Joseph MC Chan តំណាងក្រុមហ៊ុន HyalRoute ឱ្យដឹងដែរថា ៖ « ពួកយើងជឿជាក់ថា បណ្ដាញខ្សែកាបអុបទិចក្រោមបាតសមុទ្រ AAE-1 អាចជួយឱ្យកម្ពុជាកាន់តែមានភាពជិតស្និទ្ធ និងវិធីទំនាក់ទំនងថ្មី ធ្វើឱ្យពួកគេអាចទំនាក់ទំនងជាមួយពិភពលោកទាំងមូលបានកាន់តែងាយស្រួល។ បច្ចុប្បន្ននេះ ប្រព័ន្ធអីុនធើរណេតសកលប្រមាណជា៩០%បានចរាចរណ៍ និងតភ្ជាប់ពីខ្សែកាបអុបទិចនៅក្រោមបាតសមុទ្រ គឺជាបណ្ដាញដែលផ្តល់ភាពងាយស្រួល និងមានសារសំខាន់បំផុត មិនថាការអភិវឌ្ឍឧស្សាហកម្មអីុនធើរណេត ប៉ុន្តែវាក៏ជាវិស័យសំខាន់ដែលពាក់ព័ន្ធនឹងវិស័យផ្សេងទៀត » ។
លោកបន្តថា ៖ « ប្រទេសកម្ពុជាពឹងផ្អែកលើប្រទេសជិតខាងដូចជា ថៃ និងវៀតណាម ក្នុងការទិញបណ្ដាញអីុនធើរណេតអន្តរជាតិ រហូតដល់គម្រោងខ្សែកាបអុបទិចក្រោមបាតសមុទ្រ AAE-1 ត្រូវបានតភ្ជាប់រួចរាល់ ។ នៅក្នុងកិច្ចសន្យាសម្បទានស្ថាបនាហេដ្ឋារចនាសម្ព័ន្ធខ្សែកាបអ៊ុបទិចក្រោមបាតសមុទ្រ AAE-1 នេះ ក្រុមហ៊ុនHyalRoute គ្រោងនឹងដាក់ទុនវិនិយោគប្រមាណ៦៩,៧លានដុល្លារ ដើម្បីឱ្យសេវាអីុនធើរណេតកាន់តែលឿនហើយតម្លៃថោក និងមានគុណភាពខ្ពស់សម្រាប់ទីផ្សារកម្ពុជា។ ការតភ្ជាប់បណ្តាញខ្សែកាបអុបទិចក្រោមបាតសមុទ្រ AAE-1 គឺចេញពីហុងកុងមកកម្ពុជា នៅត្រង់ខេត្តព្រះសីហនុ ក្នុងល្បឿន១,៨ទេរ៉ាបីត ហើយអាចដាក់ដំណើរការនៅដើមឆ្នាំ២០១៧ » ។
ទាក់ទងនឹងវិស័យទូរគមនាគមន៍របស់កម្ពុជា បើតាមរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានមានប្រសាសន៍ថា ៖ « កាលពីខែធ្នូ ឆ្នាំ២០១៥ វិស័យទូរគមនាគមន៍ត្រូវបានស្ថិតក្រោមការគ្រប់គ្រងដោយច្បាប់មួយឈ្មោះថា «ច្បាប់ស្តីពីទូរគមនាគមន៍ » ។ នៅក្នុងច្បាប់នេះបានកំណត់នូវគោលបំណង និងគោលដៅមួយច្បាស់លាស់ ដើម្បីគ្រប់គ្រងនៅលើវិស័យនេះឲ្យមានប្រសិទ្ធភាព តម្លាភាព ជាពិសេស ធានាការពារដល់វិស័យឯកជន ប្រតិបត្តិករទូរគមនាគមន៍ និងបុគ្គលពាក់ព័ន្ធ និងវិស័យទូរគមនាគមន៍ ការពារអ្នកប្រើប្រាស់ និងសំដៅកៀរគរចំណូលថវិកាជាតិ » ។
លោកបន្ថែមថា ៖ « ច្បាប់នេះឆ្លើយតបទៅនឹងសេចក្តីព្រៀងគោលនយោបាយរបស់យើង គឺសេចក្តីព្រៀងគោលនយោបាយអភិវឌ្ឍន៍វិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យា ព័ត៌មានវិទ្យារបស់កម្ពុជាសម្រាប់ឆ្នាំ២០២០ ដោយនៅក្នុងសេចក្តីព្រៀងគោលនយោបាយនេះផ្តោតលើការកសាងបណ្តាញ ការតភ្ជាប់ឲ្យរួចរាល់នៅឆ្នាំ២០២០ ក៏ដូចជាការរៀបចំប្រទេសកម្ពុជាឲ្យត្រៀមខ្លួនរួចជាស្រេចនៅឆ្នាំ២០២០ ដើម្បីប្រើប្រាស់នូវការទាញយកផលប្រយោជន៍បានស្ទើរគ្រប់វិស័យ » ៕
ចែករំលែកព័តមាននេះ