ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​បាន​ថ្នាំ​ញៀន​ដ៏​ធំ​សម្បើម​និង​មេខ្លោង

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក​ឧត្តមសេនីយ៍ទោ រ័​ត្ន ស្រ៊ា​ង មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​បានឱ្យ​ដឹង​ថា ដោយ​មានការ​ដឹកនាំ​បញ្ជា​ពី​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា

រាជធានី​ភ្នំពេញ ៖ លោក​ឧត្តមសេនីយ៍ទោ រ័​ត្ន ស្រ៊ា​ង មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​បានឱ្យ​ដឹង​ថា ដោយ​មានការ​ដឹកនាំ​បញ្ជា​ពី​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​កង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស កងរាជ​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ ដោយ​មាន​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ឬ​ស្សី​កែវ កម្លាំង​ជំនាញ​មន្ទីរ​យុត្តិធម៌  និង​កម្លាំង​ជំនាញ​ការិយាល័យ​ស្រាវជ្រាវ​ប្រឆាំង​គ្រឿងញៀន បាន​សហ​ការ​គ្នា​ធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ​អស់​រយៈពេល​ជា​ច្រើន​ខែ ទើប​កំណត់​មុខសញ្ញា​បាន ឈាន​ដល់​ការ​បង្ក្រាប​ជាក់ស្តែង​នូវ​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ដ៏​ធំ​មួយ ។

ប្រតិបត្តិការ​បង្ក្រាប​ខាងលើ​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទី​យប់​ថ្ងៃ​ទី​២៨ កុម្ភៈ នៅ​ចំណុច​ចំណតរថយន្ត​ក្រុមហ៊ុន​អង្គរ​អ៊ិ​ច​ប្រេ​ស្ដ ក្បែរ​គល់​ស្ពាន​ជ្រោយចង្វា ដោយ​ចាប់​បាន​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក ឬ​ហៅ​ថា មេ​តំ​ហ្វេ​តា​មីន​អាយ​ស៍ ជាង​៣​គីឡូក្រាម និង ថ្នាំ​គ្រាប់​WY ឬ​ហៅ​ថា មេ​តំ​ហ្វេ​តា​មីន​គ្រាប់ ចំនួន​១៧​សុង ព្រមទាំង​ឃាត់ខ្លួន​ជនល្មើស​ម្នាក់​ឈ្មោះ ឌី ធូ​រ៉ា ហៅ​ត្រា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ខណៈ​ពេល​ដែល​បុរស​រូប​នោះ​កំពុង​ធ្វើ​សកម្មភាព​ជួញដូរ​គ្រឿងញៀន​ជាក់ស្តែង ។

តាម​រយៈ​ចម្លើយ​សារភាព​របស់​ជនល្មើស ដែល​ឃាត់ខ្លួន​បាន​ខាងលើ កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​រក​ឃើញ​អ្នក​ជាប់​ពាក់ព័ន្ធ​បាន​៥​នាក់​ផ្សេង​ទៀត ដែល​ជា​ទណ្ឌិត​កំពុង​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ ក្នុង​នោះ​មាន​ជនជាតិ​ខ្មែរ​២​នាក់ ជនជាតិ​វៀតណាម​ម្នាក់ និង​ជនជាតិ​ស្បែក​ខ្មៅ​២​នាក់ ។

លោក​ឧត្តមសេនីយ៍ទោ រ័​ត្ន ស្រ៊ា​ង បាន​បញ្ជាក់​បន្ថែម​ថា ជនល្មើស​ដែល​ត្រូវ​ឃាត់ខ្លួន ឈ្មោះ ឌី ធូ​រ៉ា បាន​ធ្វើ​សកម្មភាព​ជួញដូរ​គ្រឿងញៀន​នេះ គឺ​ក្រោម​ការ​ចាត់ចែង​បញ្ជា​ផ្ទាល់​ចេញពី​ក្នុង​ពន្ធនាគារ​ដែល​មាន​ជនជាតិ​វៀតណាម​ម្នាក់ និង​ជនជាតិ​ស្បែក​ខ្មៅ​២​នាក់ ជា​មេខ្លោង​ធំ ។ រីឯ​ជនជាតិ​ខ្មែរ​ពីរ​នាក់​ទៀត​ដែល​នៅ​ក្នុង​គុក​ដែរ​នោះ ជា​អ្នក​ទំនាក់ទំនង​ជាមួយ​មេខ្លោង​ធំ បញ្ជា​បន្ត​មក​ខាងក្រៅ ។

លោក​បញ្ជាក់​ថា ឈ្មោះ ឌី ធូ​រ៉ា ដែល​នៅ​ខាងក្រៅ គឺ​ចាំ​ទទួលបញ្ជា ពី​មេខ្លោង​នៅ​ក្នុង​គុក​ឱ្យ​ចាំ​ទទួល​ថ្នាំ​ញៀន​ពី​មនុស្ស​ផ្សេង​ទៀត ដែល​វា​មិន​ស្គាល់ ក្នុង​នោះ​មាន​ជនជាតិ​ខ្មែរ និង​ជនជាតិ​ស្បែក​ខ្មៅ ដែល​ធ្លាប់​បាន​ប្រគល់​ថ្នាំ​ញៀន​ឱ្យទៅ​អ្នក​យក​ទៅ​បែងចែក​បន្ត នៅ​ពេល​មាន​បញ្ជា​ពី​អ្នក​នៅ​ក្នុង​គុក​តាម​រយៈ​ទូរស័ព្ទ ថា​ត្រូវ​យក​ទៅ​ឱ្យ​អ្នក​ណា នៅ​កន្លែង​ណា ចំនួន​ប៉ុន្មាន ? ហើយ​អ្នក​ដែល​មក​ទទួលយក​មិន​ស្គាល់គ្នា​ទេ ។

នៅ​ព្រឹក​ថ្ងៃ​ទី​២ មីនា ឆ្នាំ​២០១៦​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​បង្កើត​គណៈកម្មការ​ដែល​មានការ​ចូលរួម​ត្រួតពិនិត្យ​ពី​ព្រះរាជអាជ្ញា​លោក ហ៊ឹង ប៊ុ​ន​ថន និង​លោក ឡេ​ង ណា​ង ជា​ក្រឡាបញ្ជី​ដើម្បី​ធ្វើការ​រាប់​ចំនួន ថ្លឹង​និង​ធ្វើតេស្ត​ជា​លទ្ធផល​បង្ហាញ​ឱ្យ​ឃើញ​ថា  មាន​ថ្នាំ​គ្រាប់​WY​ឬ​មេ​តំ​ហ្វេ​តា​មីន​គ្រាប់ មាន​ចំនួន​ដប់​ម៉ឺន បី​ពាន់ ប្រាំមួយ​រយ​គ្រាប់ និង​ម៉ា​ទឹកកក ឬ​ហៅ​ថា មេ​តំ​ហ្វេ​តា​មីន​អាយ​ស៍ ចំនួន​៣​គីឡូក្រាម​១​ខាំ ។ តាម​រយៈ​ការ​ធ្វើតេស្ត៍​ឃើញ​ថា ថ្នាំ​ញៀន​ទាំង​អស់នោះ មានគុណ​ភាព​សុទ្ធ​១០០​ភាគរយ ។ តាម​ការ​ប៉ាន់​ប្រមាណ​មាន​តម្លៃ​ជាង​១​លាន​ដុល្លារ​នៅ​កម្ពុជា ។ ប៉ុន្តែ​បើ​នៅ​ប្រទេស​ក្រៅ​មាន​តម្លៃ​គុណ​និង​៥​ដង ។

ជនសង្ស័យ​និង​វត្ថុ​តាង​ដែល​បាន​ចាប់​នេះ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​តាម​នីតិវិធី ។ រីឯ​បក្សពួក​ជនល្មើស​ដែល​នៅ​សេស​សល់​​ផ្សេង​ៗ​ទៀត សមត្ថកិច្ច​កំពុង​តាម​ប្រមាញ់ ៕