ប្រទេសនូវែលហ្សេឡង់ចាប់ផ្តើមកាលពីថ្ងៃទី៣ មីនា ធ្វើការបោះប្រជាមតិមួយដើម្បីជ្រើសរើសទង់ជាតិថ្មីរបស់ប្រទេស ដែលការបោះប្រជាមតិនេះត្រូវបាននាយករដ្ឋមន្ត្រី លោក JOHN KEY ចាត់ទុកថា ជាឱកាសដើម្បីលុបបំបាត់ចោលទង់ជាតិបច្ចុប្បន្នដែលជានិមិត្តរូបនេះអាណានិគមអង់គ្លេស ។
បន្ទាប់ពីការជជែកដេញដោលគ្នា រយៈពេល១៨ខែមកហើយ បណ្តាអ្នកបោះឆ្នោតនៃប្រទេស ដែនកោះមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងត្បូងនេះត្រូវធ្វើការជ្រើសរើសរវាងទង់ជាតិបច្ចុប្បន្ន ដែលលោក JOHN KEY ថា ជានិមិត្តរូបនៃអាណានិគម និងទង់ជាតិថ្មីមួយដែលត្រូវប្រើជំនួស ។
សន្លឹកឆ្នោតប្រមាណជា៣លានសន្លឹកត្រូវបានចែកចាយក្នុងទូទាំងប្រទេស ដែលមានប្រជាជន៤,៥លាននាក់នេះ ។ អាជ្ញាធរនឹងទទួលយកគំរូទង់ជាតិណាដែលទទួលបានសំឡេងគាំទ្រច្រើនជាងគេ ។
លោក JOHN KEY គូសបញ្ជាក់ថា ការបោះប្រជាមតិនេះជាឱកាសដ៏កម្រមួយសម្រាប់អ្នកបោះឆ្នោតជ្រើសរើសយកនិមិត្តរូបថ្មីរបស់ជាតិជាលើកដំបូងចាប់តាំងពីទទួលបានឯករាជ្យពីចក្រភពអង់គ្លេសពីឆ្នាំ១៩៣១មក ។ លោកបន្តថា ប្រសិនបើយើងមិនអនុម័តឱ្យមានការផ្លាស់ប្តូរនាពេលនេះ នោះយើងនឹងពុំមានឱកាសផ្សេងមុនពេលយើងក្លាយជាសាធារណរដ្ឋមួយឡើយ ៕
ចែករំលែកព័តមាននេះ