ប្រទេសកូរ៉េខាងជើងកាលពីថ្ងៃទី៣ មីនា បានបាញ់មីស៊ីល ឬកាំជ្រួចរយៈខ្លីជាច្រើនគ្រាប់ទៅកាន់សមុទ្រជប៉ុន ហៅសមុទ្រខាងកើត ប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខ អ.ស.ប អនុម័តដំណោះស្រាយមួយ ដើម្បីដាក់ទណ្ឌកម្មយ៉ាងខ្លាំងប្រឆាំងប្រទេសកុំមុយនីស្តនេះ ។
យោងតាមក្រសួងការពារប្រទេសកូរ៉េខាងត្បូងថា មីស៊ីល ឬកាំជ្រួចចំនួន៦គ្រាប់ ប្រហែលជាអាចបាញ់បានចម្ងាយពី១០០ទៅ១៥០គីឡូម៉ែត្រ ត្រូវបានបាញ់ទៅកាន់សមុទ្រជប៉ុននាវេលាម៉ោង១០ម៉ោងក្នុងស្រុក ។
អ្នកនាំពាក្យក្រសួងការពារប្រទេសកូរ៉េខាងត្បូង លោក MOON SANG GYUN ថ្លែងថា ក្រសួងកំពុងតែប៉ុនប៉ងកំណត់ថា តើនោះជាមីស៊ីលរយៈខ្លី ឬក៏ជាកាំជ្រួច ។ កូរ៉េខាងត្បូងតាមដានជាប់រាល់ចលនាបន្ថែមថាតើកូរ៉េខាងជើងនឹងបន្តធ្វើអ្វីទៀត ។ កូរ៉េខាងជើងបានបាញ់មីស៊ីល ឬកាំជ្រួចទាំងនេះ ដើម្បីបង្ហាញពីការមិនសប្បាយចិត្តរបស់ខ្លួនចំពោះបណ្តាប្រទេសជាប់ជិតខាង ពិសេសសហគមន៍អន្តរជាតិ ។
ប្រភពព័ត៌មានយោធាកូរ៉េខាងត្បូងនិយាយថា ការបាញ់ទាំងនេះប្រហែលជាកាំជ្រួចទំហំ៣០០មីល្លីម៉ែត្រ ឬមីស៊ីលរយៈខ្លីអាចហោះបានចម្ងាយពី១០០ទៅ១៥០គីឡូម៉ែត្រ មុនពេលធ្លាក់ក្នុងសមុទ្រ ។
ជាលើកដំបូងដែលកូរ៉េខាងជើងបាញ់មីស៊ីល ឬកាំជ្រួចរយៈខ្លីក្នុងឆ្នាំនេះ ជាសញ្ញានៃការតវ៉ាក្រោយការអនុម័តដំណោះស្រាយខ្លាំងមួយរបស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប ប្រឆាំងខ្លួន ។
អ្នកនាំពាក្យក្រសួងការពារប្រទេសកូរ៉េខាងត្បូងបន្តថា ក្រោយការបាញ់នេះអាចនឹងមានការបង្កហេតុនានាបន្ថែមទៀត ហើយកងទ័ពកូរ៉េខាងត្បូងតាមដានយ៉ាងល្អិតល្អន់បំផុតនូវចលនារបស់កងទ័ពកូរ៉េខាងជើងនាពេលបច្ចុប្បន្ន ៕
ចែករំលែកព័តមាននេះ