អស់ពេល២ឆ្នាំហើយ ស្រាប់តែមានការប្រកាសពីការរកឃើញនាឆ្នេរសមុទ្រម៉ូហ្សំប៊ិកនូវបំណែកយន្តហោះមួយកាលពីថ្ងៃទី២ មីនា នាំឱ្យអាថ៌កំបាំងនៃការបាត់ដានយន្តហោះប៊ូអីុង៧៧៧ជើងហោះហើរ MH370 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី MALAYSIA AIRLINES ក្លាយជារឿងបច្ចុប្បន្នភាពទៀត ។
លោក LIOW TIONG LAI រដ្ឋមន្ត្រីដឹកជញ្ជូនម៉ាឡេស៊ីថ្លែងថា យោងតាមព័ត៌មានដំបូងៗ វាមានលទ្ធភាពខ្ពស់ដែលបំណែករកឃើញនៅប្រទេសម៉ូហ្សំប៊ិកជា បំណែកមកពីយន្តហោះប៊ូអីុងមួយគ្រឿង ប្រភេទយន្តហោះបាត់ដាន ។
កាលពីថ្ងៃទី៨ មីនា ឆ្នាំ២០១៤ អ្នកដំណើរ និងសមាជិកក្រុមយានិក២៣៩នាក់ ស្ថិតលើយន្តហោះដែលហោះចេញពីទីក្រុងគូឡាឡាំពួរទៅកាន់ទីក្រុងប៉េកាំង ។ ២ឆ្នាំមកហើយ ការបាត់ដានយន្តហោះនេះនៅតែជាអាថ៌កំបាំងធំមួយនៃប្រវត្តិសាស្ត្រអាកាសចរណ៍ស៊ីវិល ។
អាជ្ញាធរម៉ូហ្សំប៊ិកអះអាងថា បំណែកមួយរបស់យន្តហោះដែលនៅពុំទាន់កំណត់អត្តសញ្ញាណឡើយ ត្រូវបានប្រគល់ឱ្យខ្លួនដោយអ្នកទេសចរជនជាតិអាមេរិកម្នាក់ លោក BLAINE GIBSON ។ អ្នកទេសចររូបនេះនិយាយថា រូបគេដើរលេងលើឆ្នេរខ្សាច់កាលពី២ថ្ងៃមុន ហើយប្រទះឃើញបំណែកមួយនៅជិត VILANKULO លើឆ្នេរខ្សាច់ដែលគេហៅថា តំបន់ PALUMA ជិតកោះ BENGUERRA ក្នុងប្រជុំកោះ BAZARUTO ជាតំបន់ទេសចរណ៍មានប្រជាប្រិយមួយ ។ លោក GIBSON ដែលកាន់ BLOG មួយពីការតាមរកយន្តហោះ MH370 ក៏ជាអ្នកតាមរកបំណែកយន្តហោះបាត់ដាននេះដែរ ។
លោក JOAO DE ABREU ប្រធានអាជ្ញាធរអាកាសចរណ៍ស៊ីវិលម៉ូហ្សំប៊ិក IACM និយាយថា បំណែកនេះមានទំហំ៥៧សង្ទីម៉ែត្រលើ៩០សង្ទីម៉ែត្រ ហើយមានពណ៌ប្រផេះ។ លោកបន្តថា វាជាការប្រញាប់ពេកក្នុងការនិយាយថា បំណែកនេះពិតជាបំណែកយន្តហោះប៊ូអីុងមួយ ឬក៏បំណែកយន្តហោះ AIRBUS ឬយន្តហោះឯទៀត ។ លោកគូសបញ្ជាក់ថា ម៉ូហ្សំប៊ិកនឹងហៅពួកអ្នកជំនាញការដើម្បីយកវាទៅធ្វើការវិភាគ ។
យោងតាមទូរទស្សន៍អាមេរិក NBC ដែលដកស្រង់សម្តីពួកអ្នកស៊ើបអង្កេតអាមេរិក ម៉ាឡេស៊ី និងអូស្ត្រាលី ដែលអាចបានឃើញរូបថតនៃបំណែកនេះថា បំណែកនោះអាចជាបំណែកនៃស្លាបកន្ទុយសម្រាប់ប្រើជាចង្កូត ឬឱ្យយន្តហោះមានលំនឹងនៃយន្តហោះប៊ូអីុង៧៧៧មួយគ្រឿង។
រដ្ឋមន្ត្រីដឹកជញ្ជូនម៉ាឡេស៊ីថ្លែងទៀតថា ប្រទេសរបស់លោកនឹងធ្វើការជាមួយអូស្ត្រាលី ដែលជាអ្នកសម្របសម្រួលការតាមរុករកយន្តហោះបាត់ដាននេះនៅក្នុងមហាសមុទ្រឥណ្ឌា ដើម្បីយកបំណែកនេះទៅកំណត់ប្រភព ។ លោកអំពាវនាវឱ្យចៀសវាងកុំបំផ្លោងពាក្យចចាមអារ៉ាមឥតប្រយោជន៍នានា ព្រោះសម្រាប់ពេលនេះ យើងនៅពុំទាន់ធ្វើការសន្និដ្ឋានថា បំណែកនោះពិតជាមកពីយន្តហោះ MH 370 នៅឡើយ ។
រហូតមកទល់ពេលនេះ មានតែបំណែកស្លាបតែមួយគត់នៃយន្តហោះនោះត្រូវបានរកឃើញ កាលពីខែកក្កដា ឆ្នាំ២០១៥ នៅកោះ REUNION បារាំងក្នុងមហាសមុទ្រឥណ្ឌា ក៏ប៉ុន្តែលក្ខខណ្ឌនៃការបាត់ដានយន្តហោះប៊ូអីុងនេះនៅតែពុំទាន់ដឹងនៅឡើយ ៕
ចែករំលែកព័តមាននេះ