ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេក ចាន់​រាជ្យ និង​ទេស សំខាន់ ប៉ះ​ថៃ​លើ​រេញ​តែ​មួយ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃអាទិត្យ​ ទី​៦ ខែមីនា ការ​ប្រកួត​ប្រដាល់​អន្តរជាតិ​ប្រចាំ​ស​ប្ដា​ហ៍​របស់​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ នឹង​ចាប់ផ្ដើម​ទៀត​ហើយដោយ​អម​ជាមួយនឹង​ការ​ប្រកួត​របស់​កីឡាករ​ក្នុងស្រុក​ជា​ច្រើន​គូ​ផ្សេង​ទៀត ។

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃអាទិត្យ​ ទី​៦ ខែមីនា ការ​ប្រកួត​ប្រដាល់​អន្តរជាតិ​ប្រចាំ​ស​ប្ដា​ហ៍​របស់​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ នឹង​ចាប់ផ្ដើម​ទៀត​ហើយដោយ​អម​ជាមួយនឹង​ការ​ប្រកួត​របស់​កីឡាករ​ក្នុងស្រុក​ជា​ច្រើន​គូ​ផ្សេង​ទៀត ។ កីឡាករ សេក ចាន់​រាជ្យ និង​ជើង​ខ្លាំង ទេស សំខាន់ នឹង​ត្រូវ​គេ​ឱ្យ​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ព្រម​គ្នា ដោយ​ការ​ប្រកួត​របស់​ពួក​គេ​ក៏​មានការ​ចាប់អារម្មណ៍​មិន​តិច​នោះ​ដែរ ។

កីឡាករ​សេក ចាន់​រាជ្យ ដែល​អ្នក​ណា​ក៏​ស្គាល់​ថា​ ជា​ជើង​ខ្លាំង​ទើបនឹង​ឡើង​កូដ​វ័យក្មេង​មក​ពី​ក្លិប​អង្គរ​មាន​ជ័យ​ខេត្តសៀមរាប​នោះ នឹង​ត្រូវ​ស្វាគមន៍​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​​មឿង ម៉ៃ ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម​ក្នុង​នាម​ជា​គូ​អន្តរជាតិ​បើក​ឆាក ។ កីឡាករ​ទាំង​ពីរ​នឹង​ឡើង​ប៉ះ​គ្នា​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ពេល​ព្រឹក​របស់​ស្រា​បៀរ Ganzburg ដែល​ព្រឹត្តិការណ៍​នេះ ​មានការ​ប្រដាល់​អន្តរជាតិ​២​គូ​រៀង​រាល់​ព្រឹក​ថ្ងៃអាទិត្យ ចាប់ពី​ម៉ោង​៨​ដល់​ម៉ោង​១០​និង​៣០​នាទី​តទៅ ។ ការ​ប្រកួត​របស់​គូ​នេះ ត្រូវ​គេ​កត់​សម្គាល់​ពី​ស្នាដៃ​របស់​ពួក​គេ​រួច​ទៅ​ហើយ ដោយសារ​តែ​កីឡាករ​សេក ចាន់​រាជ្យ បើ​ទោះជា​មាន​ប្រវត្តិ​ឡើង​រេញ​មិន​ទាន់​ច្រើន​ណាស់ណា ប៉ុន្តែ​ថ្វីដៃ​របស់​គេ​លោត​ខ្លាំង​មិន​ខុស​ពី​កីឡាករ​លំដាប់​ជួរ​មុខ​ផ្សេង​ទៀត​នោះ​ឡើយ ។

ភាគី​ខាង​កម្ពុជា​ គឺជា​កីឡាករ​ដែល​មានឈ្មោះ​បោះ​សំឡេង​នៅ​លើ​សង្វៀន ប៉ុន្តែ​កីឡាករ មឿង ម៉ៃ ក៏​ត្រូវ​គេ​អះអាង​ថា  មិន​ណ​យ​នោះ​ដែរ ដោយសារ​តែ​ការ​ប្រកួត​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​កន្លង​មក កម្រិត​នៃ​ការ​វាយលុក និង​វាយ​ផ្ដួល​គូប្រកួត​របស់​គេ​ក៏​ធ្វើ​ឱ្យ​អ្នក​ស្នេហា​កីឡាប្រដាល់​នៅ​កម្ពុជា​ជាប់ចិត្ត​ទៅ​ហើយ ។

លោក​ថៃ អ៊ូ អ្នកដឹកនាំ​កីឡាករ​ថៃ​ឱ្យមក​ប្រកួត​បាន​បង្ហាញ​ពី​ភាព​ជឿជាក់​ក្នុង​ពេល​ដែល​ការ​អះអាង​របស់​លោក​បាន​ទាញ​អ្នកគាំទ្រ​ឱ្យ​ទុកចិត្ត​កីឡាករ មឿង ម៉ៃ ច្រើន​ដូច​គ្នា​បើ​ធៀប​នឹង​សន្ទុះ​អ្នក​ទុកចិត្ត​លើ​សេក ចាន់​រាជ្យ​។ ភាព​ទុកចិត្ត​លើ​ការ​អះអាង​របស់​លោក​ថៃ អ៊ូ កើតឡើង​ក្នុង​មួយ​រយៈ​ចុង​ក្រោយ ក្នុង​ពេល​ដែល​កីឡាករ​ថៃ​មក​ប្រកួត​លើក​ណា​ក៏​សឹង​ប្រមូល​យកជ័យ​ជម្នះ​គ្រប់​គូ​គ្រប់​កីឡាករ​ពី​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ។ ផ្អែក​តាម​លទ្ធផល​គឺ​កីឡាករ​កម្ពុជា​មិន​ថា​អ្នក​ស្ថិត​ក្នុង​ជួរ​ទី​១ ឬ​ជួរ​ទី​២​ទេ ភាគច្រើន​តែង​ត្រូវ​កីឡាករ​ថៃ​វាយបំបាក់​ឱ្យ​អ្នកគាំទ្រ​ខកចិត្ត​នោះ​ផង ទើប​ធ្វើ​ឱ្យ​ការ​ព្យាករ​របស់​អ្នកដឹកនាំ​កីឡាករ​ថៃ​ឱ្យមក​ប្រកួត​រូប​នេះ​មាន​ឥទ្ធិពល ។ មានការ​យល់​ឃើញ​ថា កីឡា​ករ​ថៃ​មឿង​ម៉ៃ អាច​នឹង​ធ្វើ​ឱ្យ​កីឡាករ​កម្ពុជា​ពិបាក​បំបាក់ ដោយសារ​តែ​កីឡាករ​កម្ពុជា​សេក ចាន់​រាជ្យ ក៏​មិន​ទាន់​ឈាន​ដល់​ចំណុច​ដែល​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ទុកចិត្ត​នៅ​គ្រប់ការ​ប្រកួត​របស់​គេ​នៅឡើយ ។

លោក​ថៃ អ៊ូ បាន​អះអាង​ថា កីឡាករ មឿង ម៉ៃ នឹង​ឈ្នះ​សម្រាប់​ការ​ប្រកួត​នេះ បើ​ទោះជា​ភាគី​ខាង​កម្ពុជា​គឺ​មិនមែន​ធម្មតា​ក្ដី ។ ប៉ុន្តែ​លោក​ក៏​បាន​បង្ហាញ​ការ​ព្យាករ​ចំពោះ​កីឡាករ​កម្ពុជា​ថា ​នឹង​មានសំណាង​ផង​ដែរ​បើ​គេ​អាច​ចាប់​ជាប់​ចំណុចខ្សោយ​របស់​កីឡាករ​ថៃ ហើយ​វាយបក​បាន​ល្អ​មក​វិញ ។ លោក​ថា កីឡាករ​របស់​ខ្លួន​ធ្លាប់​ប្រកួត​ទើប​តែ​៦៨​ដង ឈ្នះ​៥៥​ដង ចាញ់​៨​ដង និង​ស្មើ​៥​ដង​ប៉ុណ្ណោះ ប៉ុន្តែ​ការ​ប្រកួត​ប៉ុន្មាន​លើក​ចុង​ក្រោយ​របស់​គេ​គឺ​ធ្វើ​ឱ្យ​លោក​ជឿជាក់​សម្រាប់​ការ​ប៉ះ​កណ្ដាប់ដៃ​ជាមួយ​សេក ចាន់​រាជ្យ ។

យ៉ាងណា​ក៏​ដោយ​អ្នក​ព្យាករ​ចំពោះ​កីឡាករ​កម្ពុជា ក៏​មានការ​រំពឹង និង​មិន​ជឿ​តាម​ការ​ប្រកាស​កម្លា​របស់​លោក​ថៃ អ៊ូ​នោះ​ដែរ ដោយសារ​សំអាង​ថា កីឡាករ​កម្ពុជា​រូប​នេះ ក៏​កំពុង​ឡើង​កូដ​គួរ​ឱ្យ​សរសើរ​ផង​ដែរ ។  សេក ចាន់​រាជ្យ ឆ្លងកាត់​ការ​ប្រកួត​បាន​តិច​ជាង​កីឡាករ​ថៃ​ក៏​ពិតមែន ប៉ុន្តែ​សមត្ថភាព​ប្រើ​កែង និង​ទាត់​ឆ្វេង​ស្ដាំ​របស់​គេ​អាច​ប្រើ​ការ​បាន​។ យោង​តាម​ទិន្នន័យ​កីឡាករ​រូប​នេះ​ទើបតែ​ប្រកួត​បាន​៤៥​លើក ឈ្នះ​៣៧​លើក  ចាញ់​៥​លើក និង​ស្មើ​៣​លើក​។

នៅ​លើ​សង្វៀន​នេះ​ដែរ កីឡាករ​ទេស សំខាន់ មក​ពី​ក្លិប​កងពលតូច​លេខ​៧០ ក៏​នឹង​ត្រូវ​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​រិ​ទ្ធី ឆៃ ក្នុង​នាម​ជា​គូ​អន្តរជាតិ​ទី​២​និង​ជា​គូ​ឯក​នៅ​លើ​សង្វៀន​ផង​ដែរ ។ កីឡាករ​ថៃ​រូប​នេះ ធ្លាប់​មាន​ប្រវត្តិ​ឡើង​ប្រកួត​ជាមួយ​កីឡាក​កម្ពុជា និង​បរទេស​ផ្សេង​ទៀត​ច្រើន​លើក​មក​ហើយ ដោយ​លទ្ធផល​ដែល​បាន​ស្ដែង​ឡើង​ក៏​បង្ហាញ​ថា គេ​ជា​ជើង​ខ្លាំង​មួយ​រូប​ផង​ដែរ ។ សមត្ថភាព​របស់​គេ ត្រូវ​គេ​មើលឃើញ​ថា​ពិបាក​ឲ្យ​កីឡាករ​កម្ពុជា​ទេស សំខាន់ មោទនភាព ប៉ុន្តែ​បើ​កម្ពុជា​អាច​ដណ្ដើម​បាន​ជ័យជម្នះ​វិញ ក៏​នឹង​ធ្វើ​ឱ្យ​កេរ្តិ៍ឈ្មោះ​របស់​កីឡាករ​កម្ពុជា​រូប​នេះ​ស្ទុះ​ឡើង​កូដ​ផង​ដែរ ។

អ្នក​ទស្សនា​ភាគច្រើន​បាន​យល់​ឃើញ​ថា កីឡាករ​ថៃ រិ​ទ្ធី ឆៃ ខ្លាំង ប៉ុន្តែ​កីឡាករ​ទេស សំខាន់ ក៏​ខ្លាំង​មិនធម្មតា​ដែរ​ដែល​អ្នក​ទាំង​ពីរ​គឺ​ទោះជា​អ្នក​ណា​បាន​ឈ្នះ​ក៏​នឹង​មាន​លទ្ធផល​ទ្រម​ខ្លួន ។ កីឡាករ​ថៃ ធ្លាប់​ប្រកួត​បាន​៧០​លើក ឈ្នះ​៥៨​លើក ចាញ់​១១​លើក និង​ស្មើ​១​លើក ក្នុង​ពេល​ដែល​កីឡាករ​ទេស សំខាន់ ធ្លាប់​ប្រកួត​បាន​៧៥​លើក ឈ្នះ​៦២​លើក ចាញ់​១០​លើក និង​ស្មើ​៣​លើក​នៅ​លើ​សង្វៀន​ដែល​មាន​ន័យ​ថា​អ្នក​ទាំង​ពីរ​គឺ​មាន​ប្រវត្តិ​ឡើង​រេញ​មិន​ស៊ី​មិន​សង​គ្នា ។ លោក​ញាណ សុធី អ្នក​រៀបចំ​ការ​ប្រកួត​បាន​អះអាង​ថា ការ​ប្រកួត​គូ​នេះ​នឹង​អាច​ធ្វើ​ឲ្យ​កក្រើក​ព្រឹត្តិការណ៍ ប៉ុន្តែ​សម្រាប់​ការ​ទាយ​ជា​មុន​ថា​អ្នក​ណា​នឹង​ឈ្នះ​ការ​ប្រកួត​នោះ ក៏​លោក​មិន​ហ៊ាន​ថា ដោយសារ​ពួក​គេ​មើលទៅ​មាន​កម្លាំង និង​បច្ចេកទេស​ប៉ុនគ្នា ។

នៅ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ និង​ប៉ុស្ដិ៍​លេខ​៥ នៅ​ថ្ងៃ​សៅរ៍​ស្អែក​វិញ ក៏​មានការ​ប្រកួត​រវាង​កីឡាករ​ជាតិ និង​កីឡាករ​ជាតិ​ល្អ​កំដរ​ភ្នែក​អ្នក​ស្នេហា​ការ​ប្រដាល់​ផង​ដែរ ដោយ​ព្រឹត្តិការណ៍​ប្រដាល់​របស់​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​នឹង​ចាប់ផ្ដើម​បើក​ឆាក​ការ​ប្រកួត​វិល​ជុំ​សន្សំ​ពិន្ទុ​របស់​ព្រឹត្តិការណ៍ K-Cement ចាប់ពី​ម៉ោង​២​រសៀល​តទៅ និង​នៅ​ប៉ុស្ដិ៍​លេខ​៥ ក៏​មានការ​ប្រកួត​មិត្តភាព​រវាង​គូ​ល្អ​នៅ​សង្វៀន​ជ្រោយចង្វា​ចាប់ពី​ម៉ោង​៥​ល្ងាច​តទៅ​ដូច​គ្នា​៕