ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ADB ផ្តល់កម្ចីជាង ៨០ លានដុល្លារសម្រាប់កែលម្អផ្លូវសេដ្ឋកិច្ចអនុតំបន់មេគង្គនៅកម្ពុជា

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីចំនួន ៨២ លានដុល្លារដើម្បីកែលម្អផ្លូវជាតិ និងផ្លូវខេត្តប្រវែង ៤៨ គីឡូម៉ែត្រក្នុងខេត្ត…

រាជធានីភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីចំនួន ៨២ លានដុល្លារដើម្បីកែលម្អផ្លូវជាតិ និងផ្លូវខេត្តប្រវែង ៤៨ គីឡូម៉ែត្រក្នុងខេត្ត ព្រៃវែង និងខេត្តកណ្តាល ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច តាមច្រករបៀងសេដ្ឋកិច្ចមហាអនុតំបន់មេគង្គ (GMS) ។ សេចក្ដីប្រកាសរបស់ធនាគារអភិវឌ្ឍន៍អាស៊ីនៅថ្ងៃទី ២៩ ខែកញ្ញា ២០២១ អោយដឹងថា ជំនួយថ្មីនេះគឺជាដំណាក់កាលទី ២ នៃគម្រោងធ្វើឱ្យប្រសើរឡើងនូវបណ្តាញផ្លូវថ្នល់ដែលមានគោលបំណងពង្រឹងការតភ្ជាប់កម្ពុជា ជាមួយវៀតណាម និងគាំទ្រការអភិវឌ្ឍគ្រឿងសម្របសម្រួលការឆ្លងដែននៅក្នុងខេត្តទាំងពីរ ។ ការធ្វើឱ្យប្រសើរថ្មីនេះនឹងប្រើប្រាស់ការរចនាដែលធន់នឹងគ្រោះមហន្តរាយ និងអាកាសធាតុ និងជួយឱ្យក្រសួងសាធារណការ និងដឹកជញ្ជូនគ្រប់គ្រងផ្លូវបានល្អប្រសើរ ដោយកាត់បន្ថយការផ្ទុកលើសចំណុះយានយន្តដែលជារឿយៗធ្វើឱ្យខូចផ្លូវ និងនាំឱ្យមានការជួសជុលមុនពេលកំណត់ ។

លោក Mohammad Nazrul Islam អ្នកជំនាញផ្នែកដឹកជញ្ជូនរបស់ធនាគារអភិវឌ្ឍន៍អាស៊ី មានប្រសាសន៍ថា ការដឹកជញ្ជូនតាមផ្លូវគោក គឺជាមធ្យោបាយចម្បងនៃចរាចរណ៍ទំនិញ និងមនុស្សនៅក្នុងប្រទេសកម្ពុជា និងរវាងប្រទេសមហាអនុតំបន់ទន្លេមេគង្គ ។ គម្រោងនេះនឹងពង្រីកលទ្ធភាពទទួលបាន ការអប់រំ សេវាសុខភាព ក៏ដូចជាសេវាកម្មសាធារណៈដទៃទៀត ក្នុងចំណោមសហគមន៍មូលដ្ឋាន ជាពិសេសពលរដ្ឋក្រីក្រនៅតាមជនបទ ។ វាក៏នឹងជួយតភ្ជាប់កាន់តែប្រសើរទៅនឹងទីផ្សារ និងឱកាសសេដ្ឋកិច្ចតាមរយៈបណ្តាញផ្លូវថ្នល់ប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព និងភាពធន់នឹងអាកាសធាតុ ដែលតភ្ជាប់កម្ពុជាជាមួយវៀតណាមតាមច្រករបៀងសេដ្ឋកិច្ចខាងត្បូង នៃមហាអនុតំបន់មេគង្គ ។

លោកបន្តថា សេដ្ឋកិច្ចកម្ពុជាបានកើនឡើង ៧,៨% ក្នុងមួយឆ្នាំជាមធ្យមចាប់ពីឆ្នាំ ១៩៩៨ ដល់ ២០១៩ ប៉ុន្តែ បានធ្លាក់ចុះ ៣,១% នៅឆ្នាំ ២០២០ ដោយ សារជំងឺរាតត្បាតកូវីដ ១៩ ។ វិស័យដឹកជញ្ជូនរបស់ប្រទេស ប្រឈមនឹងបញ្ហា ដូចជាការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធមិនគ្រប់គ្រាន់ និងបញ្ហានិរន្តរភាព ។ ផ្លូវជនបទ និងផ្លូវខេត្តភាគច្រើនរបស់កម្ពុជាមិនទាន់ឈួសឆាយ ហើយសមត្ថភាពផ្លូវជាតិមានកំណត់ ។

ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ រាជរដ្ឋាភិបាលបានបង្កើតផែនការជាតិមួយដើម្បីកសាង ហេដ្ឋារចនាសម្ព័ន្ធដែលមានគុណភាពខ្ពស់ និរន្តរភាព និងភាពធន់នឹងអាកាសធាតុដែលអាចបំពេញ តម្រូវការប្រជាពលរដ្ឋនិងកំណើនការងារអំឡុងឆ្នាំ ២០៣០ ។ ផ្លូវកសាងក្នុងគម្រោងថ្មីនេះ ត្រូវបានបញ្ចូលក្នុងបញ្ជីគម្រោងផែនការជាតិនេះ ។

ដំណាក់កាលទី ១ នៃគម្រោង ដែលត្រូវបានអនុម័តដោយ ADB ក្នុងឆ្នាំ ២០១៧ គ្របដណ្តប់លើ ផ្លូវជាតិចំនួន ១៤៧ គីឡូម៉ែត្រក្នុងខេត្តព្រៃវែង សៀមរាប និងស្វាយរៀង តាមច្រករបៀងសេដ្ឋកិច្ច ខាងត្បូងនៃមហាអនុតំបន់មេគង្គ ។ ក្នុងដំណាក់កាលទី ២ ការកែលម្អផ្លូវជាតិ នឹងបង្ហាញពីការចំណាយប្រកបដោយប្រសិទ្ធភាព និរន្តរភាព និងបច្ចេកទេសជីវសាស្រ្តដែលមិនប៉ះពាល់ដល់បរិស្ថាន រួមទាំងការការពារទំនប់ និងជម្រាល ។ ការធ្វើឱ្យប្រសើរឡើងនូវផ្លូវខេត្ត នឹងប្រើអង្គធាតុដីរាវដែលមិនប៉ះពាល់ដល់បរិស្ថាន ដើម្បីជួយពង្រីកការប្រើប្រាស់វត្ថុធាតុដើមដែលមាននៅក្នុងស្រុក ។

គម្រោងនេះមានគោលបំណងជួយក្រសួងសាធារណការនិងដឹកជញ្ជូន កែលម្អការគ្រប់គ្រងផ្លូវថ្នល់ និងអភិវឌ្ឍរបៀបថែទាំផ្លូវប្រកបដោយនិរន្តរភាព ដោយប្រើប្រាស់កិច្ចសន្យាថែទាំផ្លូវថ្នល់ដែលមានប្រសិទ្ធភាព ។ វាក៏នឹងបង្កើនការយល់ដឹងអំពីសុវត្ថិភាព និងសុខភាពផ្លូវថ្នល់ក្នុងសហគមន៍ដែលមានការអនុវត្តគម្រោងនេះ ។ 

គម្រោងផ្លូវនេះអនុវត្តតាមយុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេសរបស់ ADB សម្រាប់ប្រទេសកម្ពុជា ដែលមានគោលបំណងជួយប្រទេសក្នុងការកែលម្អការប្រកួតប្រជែងនិងធ្វើពិពិធកម្មសេដ្ឋកិច្ច ។ គម្រោងនេះក៏ជាការអនុវត្តបន្តនៃកម្មវិធីផ្លូវនិងផ្លូវដែករបស់ ADB នៅក្នុងប្រទេសកម្ពុជា ផងដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ