ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹមមួយសប្តាហ៍ឆ្លងកូវីដច្រើនជាង ៦ពាន់នាក់ ត្រៀមបើកកោះពេជ្រឡើងវិញ ដើម្បីព្យាបាលអ្នកជំងឺ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បើទោះបីជាប្រមុខរាជរដ្ឋាភិបាលបានខិតខំចាក់ស្រោចវ៉ាក់សាំងបង្ការកូវីដ-១៩ យ៉ាងជោគជាំយ៉ាងណាក្តី តែដោយសារតែការធ្វេសប្រហែសរបស់បុគ្គលមួយចំនួនមិនបានអនុវត្តនូវវិធានការ ៣កុំ ៣ការពារ ឱ្យបានត្រឹមត្រូវនោះ បានធ្វើឱ្យការឆ្លងកូវីដ-១៩ ប្រចាំថ្ងៃនៅកម្ពុជាបានហក់ឡើងខ្ពស់…

រាជធានីភ្នំពេញ ៖ បើទោះបីជាប្រមុខរាជរដ្ឋាភិបាលបានខិតខំចាក់ស្រោចវ៉ាក់សាំងបង្ការកូវីដ-១៩ យ៉ាងជោគជាំយ៉ាងណាក្តី តែដោយសារតែការធ្វេសប្រហែសរបស់បុគ្គលមួយចំនួនមិនបានអនុវត្តនូវវិធានការ ៣កុំ ៣ការពារ ឱ្យបានត្រឹមត្រូវនោះ បានធ្វើឱ្យការឆ្លងកូវីដ-១៩ ប្រចាំថ្ងៃនៅកម្ពុជាបានហក់ឡើងខ្ពស់ ក្នុងរយៈពេល ៧ ថ្ងៃចុងក្រោយនេះ ដែលអត្រាឆ្លងមានកម្រិតពី ៨០០ ទៅ ៩០០ នា​ក់ក្នុងមួយថ្ងៃ ។

ជាក់ស្តែងនៅថ្ងៃនេះ ក្រសួងសុខាភិបាលបានប្រកាសឱ្យដឹងអំពីការរកឃើញករណីឆ្លងកូវីដ-១៩ កាលពីថ្ងៃម្សិលមិញ មានចំនួនហក់ឡើងដល់ទៅ ៩៧៨ នាក់ ដែលជាអត្រាឆ្លងខ្ពស់បំផុតក្នុងថ្ងៃ (ក្នុងនោះភាគច្រើនលើសលប់ជាករណីឆ្លងក្នុងសហគមន៍ ខណៈករណីនាំចូលកម្ពុជាមានត្រឹមតែ ៨១នាក់)​ ករណីជាសះស្បើយចំនួន ៦០៥នាក់ និងស្លាប់ថ្មីចំនួន ១៧នាក់ បន្ថែមទៀត ។

រូបភាពអ្នកជំងឺព្យាបាលនៅ មណ្ឌល​ព្យាបាល​ជំងឺ​កូ​វី​ដ​-១៩ កម្រិត​ស្រាល​កោះ​ពេជ្រ

ដូច្នេះគិតចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៩ ខែកញ្ញា ដែលជាពេលអត្រាឆ្លងប្រចាំថ្ងៃបានហក់ខ្ពស់រយៈពេល ៧ ថ្ងៃជាប់ៗគ្នា គឺមានការឆ្លងសរុបដល់ទៅ ៦០៣២នាក់ (ករណីនាំចូល ៦៥៦នាក់) ជាសះស្បើយ ៣៦៩៣នាក់ និងស្លាប់សរុបដល់ទៅ ១៤៣នាក់ ដែលក្នុង​នោះ​ដែរ​ក៏​មាន​ករណី​រក​ឃើញ វិជ្ជមាន វីរុស​កូ​វី​ដ​១៩ បំប្លែង​ថ្មី ប្រភេទ Delta ផង​ដែរ ។ ជាងនេះទៅទៀត ការឆ្លងមានការកើនឡើងពេញមួយសប្តាហ៍នេះ ក៏រកឃើញមានព្រះសង្ឃ គណៈកម្មការវត្ត សិស្សនិស្សិតស្នាក់នៅវត្ត និងយាយជីតាជី ជាង ១៤០នាក់នៅវត្តរាជធានីភ្នំពេញវិជ្ជមានកូវីដ-១៩ ផងដែរ រហូតឈានដល់ការផ្អាកពិធីកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌផងដែរ ។

មណ្ឌល​ព្យាបាល​ជំងឺ​កូ​វី​ដ​-១៩ កម្រិត​ស្រាល​កោះ​ពេជ្រ

សូមបញ្ជាក់ថា កម្ពុជា រកឃើញករណីកូវីដ-១៩ ដំបូងបង្អស់កាលពីថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២០ លើបុរសជនជាតិចិន នៅខេត្តព្រះសីហនុ ។គិត​មក​ដល់​បច្ចុប្បន្ន អ្នក​ឆ្លង​កូ​វី​ដ​-១៩ សរុប​នៅ​កម្ពុជា​បាន​ឡើង​ដល់ ១១២ ៦៥១​នាក់ អ្នកជា​សះស្បើយ​សរុប ១០២ ៨២៧​នាក់ និង អ្នក​ស្លាប់​សរុប ២៣១៩​នាក់ ។

យ៉ាងណាមិញ ជាមួយនឹងការរកឃើញការឆ្លងប្រចាំថ្ងៃមានចំនួនកើនឡើងខ្ពស់ជាប់ៗគ្នាពេញមួយសប្តាហ៍ ក៏មានការរៀបចំត្រៀម​បើក​ដំណើរការ មណ្ឌល​ព្យាបាល​ជំងឺ​កូ​វី​ដ​-១៩ កម្រិត​ស្រាល​កោះ​ពេជ្រ ឡើង​វិញ ផងដែរ ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត នៅ គី​ម​សាន នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ បានអោយ​ដឹង​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ករប​ស់លោក នៅ​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០២១​នេះ ។

អ្នកជំងឺកូវីដ ព្យាបាលជាសះស្បើយកន្លងមកនៅ មណ្ឌល​ព្យាបាល​ជំងឺ​កូ​វី​ដ​-១៩ កម្រិត​ស្រាល​កោះ​ពេជ្រ

សូម​ជម្រាប​ថា ចាប់តាំងពី​ផ្ទុះ​ព្រឹត្តិការណ៍ ឆ្លង​ក្នុង​សហគមន៍ ២០​កុម្ភៈ ក្នុង​ប្រទេស​កម្ពុជា​មក អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​យក​សម្រេច​យក​ទីតាំង​ធំ​ៗ​មួយ​ចំនួន សម្រាប់​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​-១៩ រួម​មាន ៖ សណ្ឋាគារ Great Duke, មន្ទីរពេទ្យ​ហ្លួង​ម៉ែ​, ដឹ​ព្រី​មៀរ​សែន​សុខ​, សាល​មង្គលការ​កោះ​ពេជ្រ​, ស្តា​ត​អូរ​ឡាំ​ពិ​ក និង​សាលារៀន​មួយ​ចំនួន ។ កន្លង​មក ក្រសួងសុខាភិបាល ក៏​បាន​អនុញ្ញាត​ឲ្យ​មន្ទីរពេទ្យ​ឯកជន ស្របច្បាប់​ក្នុង​រាជធានី​ភ្នំពេញ ទទួល​ពិនិត្យ ថែទាំ និង​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​-១៩​បាន ។ ហើយ​អ្នកជំងឺ​កូ​វី​ដ​-១៩ កម្រិត​ស្រាល​ក៏​អាច​ព្យាបាល​ដោយ​ខ្លួនឯង នៅ​តាម​ផ្ទះ ផង​ដែរ ។ សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​អនុវត្ត​វិធានការ ៣​ការពារ និង​៣​កុំ ឲ្យ​បាន​ខ្ជាប់ខ្ជួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ