ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​2020 កម្ពុជា​រំពឹង​រកបាន​ចំណូល​5​ប៊ី​លាន​ដុល្លារ​ពី​វិស័យ​ទេសចរណ៍

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្ពុជា​ចាត់​ទុក​វិស័យ​ទេសចរណ៍ ជា​វិស័យ​អាទិភាព​មួយ​ក្នុង​ចំណោម​វិស័យ​ជាស​សរ​ស្ដម​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ចជាតិ ដោយហេតុ​ថា វិស័យ​នេះ​ផ្ដល់​កាលានុវត្តភាព ការងារ​បន្ថែម និង​រួមចំណែក​ដល់​ការ​លើកកម្ពស់​

រាជធានី​ភ្នំពេញ ៖ កម្ពុជា​ចាត់​ទុក​វិស័យ​ទេសចរណ៍ ជា​វិស័យ​អាទិភាព​មួយ​ក្នុង​ចំណោម​វិស័យ​ជាស​សរ​ស្ដម​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ចជាតិ ដោយហេតុ​ថា វិស័យ​នេះ​ផ្ដល់​កាលានុវត្តភាព ការងារ​បន្ថែម និង​រួមចំណែក​ដល់​ការ​លើកកម្ពស់​កម្រិតជីវភាព​របស់​ប្រជាជន និង​កាត់​បន្ថយ​ភាព​ក្រីក្រ តាម​រយៈ​ការ​បង្កើន​ប្រាក់​ចំណូល និង​ទាក់ទាញ​ការ​វិនិយោគ​ពី​បរទេស ។

ថ្លែង​ក្នុង​ពិធី​បិទ​វេទិកា​ជាតិ «​យុវជន និង​ទីក្រុង​ស្អាត​» លើក​ទី​១ និង​ពិធី​អបអរសាទរ​ទិវា​ជាតិ «​ទីក្រុង​ស្អាត​» លើក​ទី​៤ ក្រោម​ប្រធានបទ «​ទីក្រុង​ខ្ញុំ​ស្អាត សុខ​សុវត្ថិ​ភាពល្អ ទេសចរណ៍​មាន​កំណើន​» លោក​ឧបនាយករដ្ឋមន្ត្រី បណ្ឌិត​សភាចា​រ្យ សុខ អាន បាន​មាន​ប្រសាសន៍​ថា ៖«​តាម​រយៈ​ការ​ដាក់​ចេញ​នូវ​យុទ្ធនាការ​ផ្សព្វផ្សាយ​នានា សំដៅ​លើកកម្ពស់​កិត្យានុភាព​របស់​កម្ពុជា ជា​គោលដៅ​ទេសចរណ៍​ដែល​មាន​ឧត្តមភាព​ប្រកួតប្រជែង​ខ្ពស់​ទាំង​នៅ​ក្នុង​តំបន់ និង​សកលលោក ប្រកបដោយ​ភាព​ទាក់ទាញ និង​ភាព​កក់ក្តៅ​ដល់​ភ្ញៀវ​ទេសចរ នៅ​ឆ្នាំ​២០១៥ កម្ពុជា​ទទួល​បាន​ទេសចរ​អន្តរជាតិ​ចំនួន​ជាង​៤​លាន​៧​សែន​នាក់ ក្នុង​អត្រាកំណើន​ប្រមាណ​ជាង​៦,១% បើ​ធៀប​នឹង​ឆ្នាំ​២០១៤ ដោយ​បាន​នាំ​មក​នូវ​ប្រាក់​ចំណូល​ប្រមាណ​ជាង​៣​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​» ។

ទន្ទឹម​នឹង​នេះ បើ​យោង​តាម​របាយការណ៍​លោក​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ កម្ពុជា​រំពឹង​ថា​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​ប្រមាណ​ជាង​៧​លាន​នាក់​នៅ​ឆ្នាំ​២០២០ ដែល​អាច​ផ្ដល់​ប្រាក់​ចំណូល​ប្រមាណ​៥​ប៊ី​លាន​ដុល្លារ និង​បង្កើត​ឱកាស​ការងារ​បាន​ប្រមាណ​១​លាន​នាក់ ។

ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​នេះ បច្ចុប្បន្ន​ប្រមុខ​រាជរដ្ឋាភិបាល ពិសេស​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ បាន​និង​កំពុង​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​មួយ​នេះ ដោយ​បណ្ដុះ​នូវ​ផ្នត់គំនិត និង​ចលនា​ឲ្យ​ប្រជាជន ពិសេស​យុវជន​កម្ពុជា រួម​គ្នា​លើកកម្ពស់ និង​ថែរក្សា​ទីក្រុង​ឱ្យ​ស្អាត និង​បៃតង ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ តាម​រយៈ​យុទ្ធនាការ​ផ្សព្វផ្សាយ និង​រៀបចំ​វេទិកា​ផ្សេង​ៗ ។

ជាក់ស្ដែង ក្រសួងទេសចរណ៍ គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត ក្រសួងបរិស្ថាន សហភាព​សហព័ន្ធ​យុវជន​កម្ពុជា អង្គភាព ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ បាន​សហ​ការ​រៀបចំ​វេទិកា​ជាតិ «​យុវជន និង​ទីក្រុង​ស្អាត​» លើក​ទី​១ និង​ពិធី​អបអរសាទរ​ទិវា​ជាតិ «​ទីក្រុង​ស្អាត​» លើក​ទី​៤ នេះ​ឡើង ដែល​ជា​វេទិកា​មាន​សារសំខាន់​មួយ​ក្នុង​ការ​ជំរុញ​ចលនា​ទីក្រុង​ស្អាត ហើយ​ផ្ដល់​ឱកាស​ឱ្យ​យុវជន​ចូលរួម​សកម្មភាព​នេះ​កាន់តែ​សកម្ម​ថែម​ទៀត ក្នុង​ការ​រួមចំណែក​ដល់​ការ​ថែរក្សា​បរិស្ថាន និង​ទីក្រុង​ស្អាត ដែល​ជា​កិច្ចការ​ត្រូវ​បាន​ប្រទេស​នានា​លើ​ពិភពលោក​យកចិត្តទុកដាក់​ខ្ពស់ សំដៅ​លើកកម្ពស់​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​ផង និង​ជា​គោលដៅ​ទេសចរណ៍​ដ៏​ទាក់ទាញ​ផង ។

យោង​តាម​ការ​លើក​ឡើង​របស់​លោក​ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ដែល​បាន​ថ្លែង​ក្នុង​វេទិកា​ជាតិ «​យុវជន និង​ទីក្រុង​ស្អាត​» លើក​ទី​១ ក្រោម​ប្រធានបទ​«​រួម​គិត រួម​ធ្វើ រួម​ទទួលខុសត្រូវ​» ថា តាម​ការ​សិក្សា​របស់​អង្គការ​ទេសចរណ៍​ពិភពលោក (UNWTO) ចំនួន​ទេសចរ​យុវជន​កើនឡើង​ដល់​ប្រមាណ​២២៧​លាន​នាក់​នៅ​ឆ្នាំ​២០១៤​ស្មើនឹង​២០%​នៃ​ចំនួន​ទេសចរ​សរុប​នៅ​លើ​ពិភពលោក ដោយ​បាន​បង្កើត​នូវ​ចំណូល​ប្រមាណ​ជិត​២៥០​ពាន់​លាន​ដុល្លារ ចាក់​បញ្ចូល​ក្នុង​ចរន្ត​សេដ្ឋកិច្ច​សាកលលោក ។ តាម​ការ​ព្យាករ​ចំនួន​ទេសចរ​យុវជន​នឹង​កើនឡើង​ដល់​ប្រមាណ​៣០០​លាន​នាក់ នៅ​ឆ្នាំ​២០២០ ។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា​៖ « បច្ចុប្បន្ន​យុវជន​បាន​និង​កំពុង​ក្លាយជា​កម្លាំង​ច​លករ​មួយ​ដ៏​សំខាន់​ទ្រទ្រង់​ការ​អភិវឌ្ឍ និង​រីក​ចម្រើន​វិស័យ​ទេសចរណ៍​សកលលោក និង​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច​សកលលោក និង​ក៏​ជា​កាលានុវត្តភាព​បញ្ជាក់​ថា ទេសចរ​យុវជន​ពិតជា​ទីផ្សារ​ដ៏​មាន​សក្តានុពល​នា​ពេល​អនាគត​សម្រាប់​វិស័យ​ទេសចរណ៍​កម្ពុជា ក៏​ដូច​ជា​ចូលរួម​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច​កម្ពុជា ។

ចំណុច​ដែល​ទេសចរ​យុវជន​ជា​កម្លាំង​ច​លករ​ដ៏​សំខាន់​នោះ ក៏​ព្រោះតែ​ទេសចរ​យុវជន​បាន​បង្កើត​ឡើង​នូវ​តម្លៃ និង​ចំណូល​ធំធេង​សម្រាប់​វិស័យ​ទេសចរណ៍ ព្រោះថា​យុវជន​គឺជា​វ័យ​មួយ​ដែល​យើង​ទទួលស្គាល់​ថា មាន​ចំណូល​តិចតួច ប៉ុន្តែ​មាន​ពេលវេលា​ច្រើន ដែល​ជា​កត្តា​អំណោយផល​ជំរុញ​ឲ្យ​ពួក​គេ​ស្នាក់​នៅ​គោលដៅ​ទេសចរណ៍​មួយ​យូរ​ជាង​ទេសចរ​ធម្មតា ។ ទន្ទឹម​នឹង​នោះ​ទេសចរណ៍​យុវជន​ជាទី​ផ្សារ​ធន់​នឹង​ការ​ធ្លាក់​ចុះ​ទោះបី​ស្ថិត​ក្នុង​កាលៈទេសៈ​វិបត្តិ​សេដ្ឋកិច្ច ឬ​វិបត្តិ​នយោបាយ​ក៏​ដោយ​ចុះ ក្នុង​ពេល​ដែល​ទេសចរ​យុវជន​ផ្តល់​ផលប្រយោជន៍​ដោយ​ផ្ទាល់​ដល់​សហគមន៍​មូលដ្ឋាន និង​អាច​ចាត់​ទុក​ថា ទេសចរណ៍​យុវជន​ជា​ដែក​ឆក់​ស្រូប​ទាញ​យក​ទីផ្សារ​ទេសចរណ៍​ថ្មី​ៗ ៕