ខេត្តត្បូងឃ្មុំ ៖ បុរសប្រមឹកម្នាក់ ឈ្មោះ ប៊ុន ចន្នី អាយុ៣១ឆ្នាំ រស់នៅភូមិត្បូងវត្ត ឃុំមេមត់ ស្រុកមេមត់ បានយកកំណាត់ឈើជ្រុងវាយសំពងអតីតយោធិនពិការជើងខាងឆ្វេងម្នាក់ឈ្មោះ រ៉េន ខេន អាយុ៦៥ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នាបណ្តាលឲ្យបាក់ជើងខាងស្តាំទៀត ក្លាយជាមនុស្សពិការជើងទាំងពីរ កាលពីវេលាម៉ោង៧និង៤០នាទីយប់ថ្ងៃទី១ មីនា ២០១៦ អ្នករងគ្រោះត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ចាម ចំណែកជនបង្កហិង្សា ត្រូវសមត្ថកិច្ចចាប់ខ្លួនបានភ្លាមៗផងដែរ ។
លោកវរសេនីយ៍ត្រី ហុង គឹមហឿន អធិការនគរបាលស្រុកមេមត់ បានឲ្យដឹងថា មុនពេលកើតហេតុ ជនដៃដល់ចេញពីផ្ទះរបស់ខ្លួនទៅផឹកស៊ីនៅក្នុងភូមិរហូតស្រវឹងធ្លាក់ភ្នែក ជិះម៉ូតូត្រឡប់មកផ្ទះវិញ ដោយប្រើប្រាស់ល្បឿនលឿន ដោយសារតែឃើញជិះម៉ូតូលឿនបែបនេះ ជនរងគ្រោះបានស្រែកថា «កុំជិះលឿនពេកប្រយ័ត្នបុកគេឯង» លុះពេលជិះទៅមុខបានឆ្ងាយបន្តិចស្រាប់តែដួលម៉ូតូប្រាវទៅដល់ថ្នល់ បុរសប្រមឹកបានយកម៉ូតូទៅទុកនៅផ្ទះរបស់ខ្លួន រួចកាន់ដំបងឈើជ្រុងមួយកំណាត់មកវាយសំពងជើងខាងស្តាំជនរងគ្រោះបណ្តាលឲ្យបាក់ជើងដើរមិនរួច ក្នុងពេលដែលជើងខាងឆ្វេងពិការក្នុងអំឡុងឆ្នាំ១៩៨២នៅសមរភូមិមុខនោះ ។
ដោយមានសេចក្តីរាយការណ៍ពីពលរដ្ឋមករូបលោកនោះ ក៏បានចាត់ការឲ្យកម្លាំងក្រោមឱវាទចុះទៅកន្លែងកើតហេតុជាបន្ទាន់ និងចាប់ជនដៃដល់ក្នុងករណីប្រើអំពើហិង្សាបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីសួរនាំ ៕
ព័ត៌មានពិស្តារមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ