ខេត្តរតនគិរី ៖ កម្លាំងអាវុធមូលដ្ឋានស្រុកអូរយ៉ាដាវកាលពីរសៀលថ្ងៃទី១ ខែមិនា ម្សិលមិញនេះបានចាប់រថយន្តមួយគ្រឿងដឹកឈើក្រញូង ខណៈកំពុងធ្វើដំណើរលេខ៧៨ លោតឆ័ត្រទៅប្រទេសវៀតណាម។ បើតាមប្រជាពលរដ្ឋម្នាក់សុំមិនបញ្ចេញឈ្មោះមានទីលំនៅស្ថិតក្នុងទីរួមស្រុកអូរយ៉ាដាវ ប្រាប់ឲ្យដឹងថារថយន្តមួយគ្រឿងដឹកឈើក្រញូងលោតឆ័ត្រទៅប្រទេសវៀតណាមនេះជាកម្មសិទ្ធិកូនប្រុសមន្ត្រីជាន់ខ្ពស់ខេត្តរតនគិរី ដោយកន្លងមករថយន្តម៉ាកឡង់គ្រីស័រពាក់ស្លាកលេខភ្នំពេញ 2G-2928 ជាមធ្យោបាយដឹកជញ្ជូនឈើទៅវៀតណាមយ៉ាងសកម្មប៉ុន្តែមិនដែលឃើញសមត្ថកិច្ចធ្វើការបង្ក្រាបនោះទេពោលគឺនេះជាលើកទី១ ក្រោយពីប្រមុខរាជរដ្ឋាភិបាលបង្កើតគណកម្មការជាតិដើម្បីទប់ស្កាត់បទល្មើសព្រៃឈើ។
ទោះបីយ៉ាងណាក៏ដោយករណីកម្លាំងអាវុធហត្ថមូលដ្ឋានស្រុកអូរយ៉ាដាវចាប់រថយន្តដឹកឈើក្រញូង១គ្រឿងខាងលើនេះហាក់បីដូចជាលាក់ព័ត៌មាន សង្ស័យរងឥទ្ធិពលពីអ្នកមានអំណាចណាម្នាក់ព្រោះមិនបានផ្តល់ព័ត៌មានលម្អិតឲ្យអ្នកកាសែត និងទូរទស្សន៍ធ្វើការផ្សព្វផ្សាយនោះទេ។ ជាក់ស្តែងរហូតដល់ព្រឹកថ្ងៃទី២ ខែមិនា នេះរថយន្តផ្ទុកឈើក្រញូងលោតឆ័ត្រទៅវៀតណាមនេះអូសមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើរតនគិរី ប៉ុន្តែមិនទាន់ឃើញវត្តមានមន្ត្រីអាវុធហត្ថមូលដ្ឋានស្រុកអូរយ៉ាដាវណាម្នាក់មកធ្វើការវាស់វែងចំនួនពិតប្រាកដប្រគល់ឲ្យមន្ត្រីរដ្ឋបាលព្រៃឈើនៅឡើយទេ។
ជាមួយគ្នានឹងកម្លាំងអាវុធហត្ថមូលដ្ឋានអូរយ៉ាដាវចាប់រថយន្តមួយគ្រឿងដឹកឈើក្រញូងតាមផ្លូវជាតិលេខ៧៨លោតឆ័ត្រទៅវៀតណាមនេះដែរ មជ្ឈដ្ឋានប្រជាពលរដ្ឋនៅខេត្តរតនគិរីមានមតិលើកឡើងស្រដៀងគ្នាថាសូមឲ្យសមត្ថកិច្ចចាប់ម្ចាស់រថយន្តល្មើសច្បាប់ខាងលើមកផ្តន្ទាទោសតាមច្បាប់ព្រោះបទល្មើសដឹកជញ្ជូនឈើក្រញូងត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជាចេញបទបញ្ជាអោយសមត្ថកិច្ចជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធទប់ស្កាត់អោយខាងតែបាន៕
ចែករំលែកព័តមាននេះ