អវកាសយានិក៣នាក់ដែលប្រចាំការនៅស្ថានីយអវកាសអន្តរជាតិ ISS ក្នុងនោះមានអវកាសយានិកអាមេរិកលោក SCOTT KELLY និងអវកាសយានិករុស្ស៊ីលោក MIKHAIL KORNIENKO ដែលស្ថិតក្នុងតារាវិថីអស់ពេលជិត១ឆ្នាំដើម្បីធ្វើការពិសោធន៍សម្រាប់ការធ្វើដំណើរទៅកាន់ភពព្រះអង្គារនោះបានវិលមកដល់ផែនដីវិញហើយកាលពីថ្ងៃទី២ មីនា ។
វេលាម៉ោង៤និង៣០នាទីម៉ោងសាកលដូចការគ្រោងទុកយានអវកាស SOYOUZ ដែលដឹកលោកSERGUEI VOLKOV លោក MIKHAIL KORNIENKO និងលោក SCOTTKELLY បានចុះនៅវាលស្តេប ប្រទេសកាហ្សាក់ស្ថាន ។
លោក MIKHAIL KORNIENKO អាយុ៥៥ឆ្នាំ និងលោក SCOTT KELLY អាយុ៥២ឆ្នាំ បានឡើងទៅដល់ស្ថានីយ ISS កាលពីថ្ងៃទី២៧ មីនា ឆ្នាំ២០១៥ ។ សរុបអ្នកទាំង២នោះ ស្ថិតក្នុងស្ថានីយ ISS ដល់ទៅ៣៤០ថ្ងៃ ។ លោក SCOTT KELLY ពេលដែលមកដល់ផែនដីវិញ និយាយថា លោកជួបការលំបាកពិសេសមួយមុខគឺការខ្វះខាតទឹកដែលនាំឱ្យស្បែកឡើងក្រាំង ។ នៅស្ថានីយ ISS បណ្តាអវកាសយានិកគ្មានទឹកងូតទេ គឺគ្រាន់តែជូតខ្លួនជាមួយអេប៉ុងសើមប៉ុណ្ណោះ ។ លោក SCOTT និយាយថា ប្រការទីមួយដែលខ្ញុំធ្វើពេលទៅដល់ផ្ទះវិញនៅទីក្រុងហ៊ូស្តុន រដ្ឋតិចសាស់ គឺលោតចូលអាងហែលទឹកតែម្តង ៕
ចែករំលែកព័តមាននេះ